ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យ៉ង សាំង​កុមារ​៖ មុនពេល​ស្លាប់​លោក កែម ឡី គ្មាន​គំនិត​ចូលរួម​នយោបាយ​ជាមួយ​CNRP​ទេ
02, Aug 2016 , 4:16 pm        
រូបភាព
លោក យ៉ង សាំងកុមារ (កណ្តាល) នាពិធីរំលឹកខួបមួយឆ្នាំនៃការបង្កើតបក្ស GDP
លោក យ៉ង សាំងកុមារ (កណ្តាល) នាពិធីរំលឹកខួបមួយឆ្នាំនៃការបង្កើតបក្ស GDP
ដោយ:
​ភ្នំពេញ​៖ លោក យ៉ង សាំង​កុមារ ប្រធាន​កម្មវិធី​ពង្រឹង​សមត្ថភាព​ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ថ្លែងថា កាល​នៅរស់​លោក កែម ឡី មិនដែល​បាន​មានគំនិត​ចង់​ចូលរួម​ជាមួយ​គណបក្ស​ណា​ទេ ។ លោក យ៉ង សាំង​កុមារ ដែលជា​មិត្តភក្តិ​ជិតស្និទ្ធ​ជាមួយ​លោក កែម ឡី អះអាង​បែបនេះ គឺ​ផ្ញើ​សារ​ទៅ​មេដឹកនាំ​គណបក្សនយោបាយ​មួយចំនួន ដើម្បី​កុំ​ឲ្យ​ពួកគេ​យក​សព​លោក​បណ្ឌិត​កែម ឡី មក​ពាក់ព័ន្ធ​រឿង​នយោបាយ​។



«​មុន​គាត់​ស្លាប់ លោក កែម ឡី មិនបាន​និយាយប្រាប់​ខ្ញុំ​មួយ​ម៉ាត់​ទេ ថា គាត់​ចូល​គណបក្ស​ណា ឬ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក យ៉ង់ សាំង​កុមារ ដែល​បាន​ឆ្លើយតប​ទៅ​ប្រធាន​គណបក្សប្រឆាំង ឯកឧត្តម សម រង្ស៊ី ដែល​ធ្លាប់​អះអាងថា មូលហេតុ​ដែល​លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់​ស្លាប់​ដោយសារតែ​លោក កែម ឡី គ្រោង​ចូលរួម​សកម្មភាព​នយោបាយ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក យ៉ង សាំង​កុមារ ដែលជា​មិត្តភក្តិ​ជិតស្និទ្ធ​ជាមួយ​លោក កែម ឡី បាន​អំពាវ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ទាំងអស់ ឈប់​យក​ការស្លាប់​របស់លោក កែម ឡី មក​លាប​ពណ៌​គ្នា ដែល​ធ្វើ​ឲ្យ​ខ្មែរ​រងគ្រោះ​គ្មាន​ទីបញ្ចប់​ទៀត​។ 

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ពិធី​រំលឹក​ខួប​មួយឆ្នាំ​នៃ​ការបង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ទីស្នាក់ការ​កណ្តាល​បក្ស​ព្រឹក​នេះ លោក យ៉ង សាំង​កុមារ បានបញ្ជាក់​ដូច្នេះ​ថា​«​មុន​គាត់​ស្លាប់ លោក កែម ឡី សម្រេច​លោត​ចូលមក​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ពីព្រោះ បេក្ខជន​នាយករដ្ឋមន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិនមែន​បាន​លើ​ប្រធាន​បក្ស​ជា​ស្វ័យប្រវត្តិ​នោះទេ​»​។

​បើតាម​អតីត​ប្រធាន​អង្គការ​សេ​ដាក​រូបនេះ មុនពេល​ស្លាប់​លោក កែម ឡី និង​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដទៃទៀត បាន​បែង​ចែកគ្នា​បំពេញការងារ​សង្គម ដោយ​លោក កែម ឡី លោក មាស នី និង​លោក ប៉ាង ងួនទៀង ទៅធ្វើ​ការងារ​ជាមួយ​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​វិញ​។ ចំណែក លោក សាម អ៊ី​ន លោក យ៉េ​ង វីរៈ រួម​នឹង​បញ្ញា​វ័​ន្ត​មួយចំនួនទៀត មក​បំពេញការងារ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដើម្បី​ស្វែងរក​ដំណើការ​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​ពិតប្រាកដ​ដែល​ជា​បំណងប្រាថ្នា​របស់លោក កែម ឡី​។​

​ជាមួយគ្នានេះ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េ​ង វីរៈ បាន​ថ្លែងថា គណបក្ស​របស់លោក​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល ឲ្យ​កំណត់​យក​ថ្ងៃទី​១០ កក្កដា ជា​ថ្ងៃ​ទិវា​ជាតិ​នៃ​សេរីភាព​នៃ​ការបញ្ចេញមតិ ដើម្បី​រំ​ម្លឹ​ក​ពី​វីរភាព​របស់លោក កែម ឡី និង​ដើម្បី​លើកកម្ពស់​សិទ្ធិ និង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ក្រៅពី​គោរព​វិញ្ញាណក្ខន្ធ​របស់គាត់​(​កែម ឡី​)​ថ្ងៃនេះ បក្ស​យើង នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កំណត់​ថ្ងៃទី​១០ កក្កដា ជា​ថ្ងៃ​ទិវា​ជាតិ​នៃ​សេរីភាព​បញ្ចេញមតិ ដើម្បី​ឲ្យ​រដ្ឋាភិបាល​យកទៅ​ពិចារណា តែបើ​រដ្ឋាភិបាល​មិន​យល់ព្រម ពេល​យើង​កាន់អំណាច យើង​នឹង​កំណត់​ថ្ងៃទី​១០ កក្កដា ជា​ទិវា​ជាតិ នៃ​ការបញ្ចេញមតិ​»​។ 

​សូមបញ្ជាក់ថា លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់សម្លាប់​នៅក្នុង​ម៉ា​ត​មួយ ក្បែរ​ស្តុ​ប​បូកគោ កាលពី​ថ្ងៃទី​១០ កក្កដា​។ មុនពេល​ស្លាប់​លោក កែម ឡី រួមជាមួយ​បញ្ញវន្ត​មួយចំនួនទៀត បានរួម​គ្នា​បង្កើត​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ឡើង ដើម្បី​ប្រកួតប្រជែង​នយោបាយ​ក្នុង​គោលបំណង​រៀបចំ​ប្រទេស​ឲ្យ​មាន​ដំណើការ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។ ថ្ងៃទី​០២ សីហា​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​បង្កើតឡើង​មាន​រយៈពេល​មួយឆ្នាំ​ហើយ ៕


Tag:
 យ៉ង សាំង​កុមារ​
  ​កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com