ជាតិ
គ​.​ជ​.​ប ទទួលបាន​សម្ភារ​បច្ចេក​ទេស​ពី​សហភាព​អឺរ៉ុប ជិត​២០០០​គ្រឿង​ហើយ​
03, Aug 2016 , 4:36 pm        
រូបភាព
​ភ្នំពេញ​៖ សហភាព​អឺរ៉ុប បាន​បញ្ជូន​សម្ភារ​បច្ចេក​ទេស​ចំនួន​១៦០០​គ្រឿង ទៅកាន់​គ​.​ជ​.​ប​។ សម្ភារ​បច្ចេកទេស​ទាំង​អស់ ដែល​សហភាព​អឺរ៉ុប នឹង​ផ្តល់​ឲ្យ​គ​.​ជ​.​ប មាន​ចំនួន​២៤០០​គ្រឿង​។ សម្ភារ​បច្ចេកទេស​ទាំង​នេះ គឺជា​ជំនួយ​ដ៏​សំខាន់​សម្រាប់ ការរៀបចំ​បោះឆ្នោត​នៅពេល​មុខ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​ប្រសិទ្ធភាព​។​



​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់ គ​.​ជ​.​ប បាន​អះអាងថា ឧបករណ៍​បច្ចេកទេស​ទាំងអស់ ដែល​សហភាព​អឺរ៉ុប នឹង​ផ្តល់​ឲ្យ​គ​.​ជ​.​ប មាន​រហូត​ទៅដល់​២៤០០​គ្រឿង​។ លោក ហង្ស ពុទ្ធា លើកឡើងថា បច្ចុប្បន្ននេះ គ​.​ជ​.​ប បានទទួល​ឧបករណ៍​ទាំងនោះ ចំនួន​១៦០០​គ្រឿង​ហើយ​។ យ៉ាងណាក៏ដោយ លោក មិនបាន​បញ្ជាក់ថា ឧបករណ៍​ចំនួន​៨០០​គ្រឿង​ទៀត នឹង​បញ្ជូន​ទៅកាន់ គ​.​ជ​.​ប នៅពេលណា​នោះទេ​។

​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា ឧបករណ៍​បច្ចេកទេស ដែល​គ​.​ជ​.​ប ទទួលបាន មានដូចជា កំ​ព្យូ​ទ័​រ​, កាមេរ៉ា​សុវត្ថិភាព (Security Camera), ម៉ាស៊ីន​ព្រី​ន (Printer), ទឹកខ្មៅ​, ឧបករណ៍​ផ្ទុក​ភ្លើង (Power Bank), ឧបករណ៍​ផ្ទុក​ឯកសារ (Flash) និង​ឧបករណ៍​ស្កេ​ន​មេដៃ ជាដើម​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហង្ស ពុទ្ធា បន្តថា ក្រៅពី​ជំនួយ​ផ្នែក​សម្ភារ​ខាងលើ សហភាព​អឺរ៉ុប នៅតែ​ជួយ​ជ្រោមជ្រែង គ​.​ជ​.​ប បន្ថែមទៀត​។ លោក សង្កត់ធ្ងន់ថា ជំនួយ​សំខាន់ៗ​ដែល សហភាព​អឺរ៉ុប នឹង​បន្ត​ជួយ គ​.​ជ​.​ប គឺ​ការអប់រំ និង​ការបោះពុម្ព​ឯកសារ​ផ្សេងៗ ដែលជា​ជំនួយ​ដល់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ទាក់ទង​នឹង​ការបោះឆ្នោត​។​

​លោក ហង្ស ពុទ្ធា បន្ថែមទៀតថា ប្រទេស​ជប៉ុន ក៏​ជា​ម្ចាស់ជំនួយ​ដ៏​សំខាន់​ផងដែរ​។ លោក ប្រាប់ថា ភាគី​ជប៉ុន នឹង​ឈរ​ពីក្រោយ គ​.​ជ​.​ប ជានិច្ច ដើម្បី​ជា​បង្អែក​ក្នុងការ​អប់រំ ដល់​ប្រជាពលរដ្ឋ ជុំវិញ​ការបោះឆ្នោត​។ តួយ៉ាង ការបើក​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តជាតិ ស្តីពី «​ការចុះឈ្មោះ​បោះឆ្នោត​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ គឺជា​ការ​ជ្រោមជ្រែង​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​។

​បើតាម​ការអះអាង​រប​ស់លោក ហង្ស ពុទ្ធា កន្លងមក សម្ភារ​បច្ចេកទេស​ទាំង​អស់ ដែល​សហភាព​អឺរ៉ុប​ផ្តល់​ឲ្យ​គ​.​ជ​.​ប មានតម្លៃ​ប្រមាណ​ជា​៧​លាន​ដុ​លា្ល​រ​។ លោក ធ្លាប់មាន​ប្រសាសន៍​ទៀតថា នៅពេល​គ​.​ជ​.​ប ទទួលបាន​សម្ភារ​ខាងលើ​រួចហើយ ដំណើរ​ការរៀប​ចំការ​បោះឆ្នោត នឹង​ប្រព្រឹត្តទៅ​កាន់តែ​រលូត និង​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​។​

​សូមបញ្ជាក់ថា គ​.​ជ​.​ប បាន​ត្រៀម​ថវិកា​ចំនួន​២៣​លាន​ដុល្លារ​ផងដែរ ដើម្បី​ចាយវាយ​ក្នុងអំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នាពេលខាងមុខ​។ រហូតមកដល់​ពេលនេះ គ​.​ជ​.​ប បាន​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​ហើយ ជុំវិញ​កាលបរិច្ឆេទ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។ យោងតាម​សេចក្តីជូនដំណឹង  គ​.​ជ​.​ប នឹង​ចាប់ផ្តើម​ចុះឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០១៦ តទៅ​៕


Tag:
 សហភាព​អឺរ៉ុប​
  គជប​
  ហង្ស ពុទ្ធា​
  សម្ភារ
© រក្សាសិទ្ធិដោយ thmeythmey.com