អន្តរជាតិ
តួកគីអាចបាត់ឱកាសចូលជាសមាជិកសហភាពអឺរ៉ុបដោយសារអូទ្រីស លោកអធិការបតីអូទ្រីស Christian Kern
× អធិការបតីអូទ្រីស បានលើកសំណើរមួយទៅមេដឹកនាំអឺរ៉ុបដើម្បីបញ្ឈប់ការចរចាជាមួយតួកគីរឿងសុំចូលជាសមាជិកសហភាពអឺរ៉ុបនៅពេលខាងមុខ។ ការលើកឡើងបែបនេះកើតឡើងនៅពេលដែលតួកគីបន្តបង្ក្រាបអ្នកដែលពាក់ព័ន្ធរដ្ឋប្រហារបរាជ័យកន្លងមក ដែលសកម្មភាពនេះគំរាមកំហែងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ការចរចាសុំចូលជាសមាជិកសហភាពអឺរ៉ុបរបស់តួកគីប្រហែលជានឹងអាចឈានដល់ទីបញ្ចប់នៅពេលខាងមុខ ដោយសារការបង្ក្រាបមនុស្សពាក់ព័ន្ធជាមួយរដ្ឋប្រហារបរាជ័យថ្ងៃ ១៥ កក្កដាឥតឈប់ឈរពីសំណាក់រដ្ឋាភិបាលក្រុងអង់ការ៉ានោះ។
ទាក់ទិនបញ្ហានេះដែរ លោកអធិការបតីអូទ្រីស Christian Ke បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អូទ្រីស ORF ថា លោកនឹងចាប់ផ្តើមជជែកពិភាក្សាជាមួយបណ្តាប្រមុខរដ្ឋាភិបាលនៃរដ្ឋសមាជិកសភាពអឺរ៉ុប ដោយលើកសំណើរសុំបញ្ចប់ការចរចាជាមួយតួកគីដែលសុំចូលជាសមាជិកសភាពអឺរ៉ុប។ លោកពន្យល់ថា ឱនភាពនៃប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅតួកគីបង្ហាញច្បាស់ហើយថា ការចរចាសុំចូលជាសមាជិកសហភាពអឺរ៉ុបរបស់តួកគីលែងមានតម្លៃទៀតហើយ។
លោកបានបញ្ជាក់ថា៖«យើងទាំងអស់គ្នាសុទ្ធតែទទួលបានការណែនាំឲ្យនិយាយថាយើងកំពុងត្រួតពិនិត្យឡើងវិញ។ យើងដឹងច្បាស់ហើយថា ស្តង់ដាប្រជាធិបតេយ្យមិនគ្រប់គ្រាន់ល្មមដើម្បីរក្សាការបន្តចរចាជាមួយតួកគីឡើយ។ ហើយបើសំណួរពាក់ព័ន្ធសេដ្ឋកិច្ចតួកគីនោះវាកាន់ច្បាស់ទៀត ព្រោះសេដ្ឋកិច្ចតួគីនៅឆ្ងាយពីសេដ្ឋកិច្ចកម្រិតមធ្យមនៅអឺរ៉ុប»។
នេះបង្ហាញឲ្យឃើញកាន់តែច្បាស់ហើយថា ការចរចាសុំចូលជាសមាជិកសហភាពអឺរ៉ុបរបស់តួកគីនឹងកាន់តែឃ្លាតឆ្ងាយទៅហើយ។ ហើយសហភាពអឺរ៉ុបប្រហែលជាយកបញ្ហានៅតួកគីដើម្បីជាហេតុផលបញ្ចប់ការចរចានេះផងដែរ។ យ៉ាងណាមិញប្រទេសអឺរ៉ុបនៅបែកខ្ញែកគ្នានៅឡើយជុំវិញការបញ្ចប់ការចចារជាមួយតួកគីនេះ ជាពិសេសប្រទេសអាល្លឺម៉ង់តែម្តង។ នេះក៏ព្រោះថា តួកគី មាននាទីសំខាន់ក្នុងការជួយកាត់បន្ថយអម្រែកជនភៀសខ្លួនរបស់បណ្តាប្រទេសអឺរ៉ុប។
ចាប់តាំងពីមានរដ្ឋប្រហារបរាជ័យមក រដ្ឋាភិបាលលោក Tayyip Erdogan បន្តការបង្ក្រាបរាល់អ្នកដែលលោកសង្ស័យថា ជាប់ពាក់ព័ន្ធចលនារដ្ឋប្រហារនេះ។ រដ្ឋាភិបាលក្រុងអង់ការ៉ា បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ហើយអ្នកសារព័ត៌មាន គ្រូបង្រៀន មន្ត្រីរាជការ ប៉ូលិស ទាហាន និងជនស៊ីវិលសុទ្ធតែរងការចាប់ខ្លួននិងឃុំខ្លួន បើសិនជាពួកគេត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធបញ្ហានេះ។ អ្វីដែលធ្វើឲ្យអឺរ៉ុបបារម្ភខ្លាំងនោះគឺ ការចង់អនុវត្តទោសប្រហារជីវិតឡើងវិញនៅតួកគីនោះ៕
Tag:
តួកគី
Christian Kern
Tayyip Erdogan
សហភាពអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com