ជាតិ
សហភាព​អឺរ៉ុប​ផ្ត​ល់កំ​ព្យូ​ទ័​រ​ជិត​៣០០០​គ្រឿង ដល់គ​.​ជ​.​ប​
04, Aug 2016 , 9:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក គជប
រូបភាពពីហ្វេសប៊ុក គជប
​ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ សម្ភារ​បច្ចេកទេស​ប្រមាណ​៩៥​ភាគរយ ដែលជា​ជំនួយ​របស់​សហភាព​អឺរ៉ុប បាន​ធ្លាក់​ដល់ដៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ហើយ​។ ចំណែក​សម្ភារ​ផ្សេងៗ​ទៀត ដែល​នៅ​សេសសល់ សហភាព​អឺរ៉ុប នឹង​បញ្ជូន​ទៅកាន់​គជប ជា​បន្តបន្ទាប់​។ សម្ភារ​ប​ច្ចេ​ទេស​ទាំងនោះ គឺជា​ជំនួយ​ដ៏​សំខាន់ ក្នុង​ការរៀបចំ​បោះឆ្នោត ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។


 
​កំ​ព្យូ​ទ័​រ​ចំនួន​២៦០០​គ្រឿង ត្រូវបាន​សហភាព​អឺរ៉ុប ប្រគល់ជូន​គជប រួចរាល់​ហើយ កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៦​។ ក្នុងចំណោម​កំ​ព្យូ​ទ័​រទាំង​នោះ កំ​ព្យូ​រ​យួរដៃ (laptop) មាន​ចំនួន ២៤០០​គ្រឿង ហើយ​កំ​ព្យូ​រលើ​តុ (Desktop) មាន​ចំនួន​២០០​គ្រឿង​។ កំ​ព្យូ​ទ័​រ​ខាងលើ គឺ​សុទ្ធតែជា​ម៉ាក​អេ​ច​ភី (HP) ទាំងអស់​។ នេះ​បើតាម​ការអះអាង​របស់​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គជ​ប​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​នេះ លោក ហង្ស ពុទ្ធា លើកឡើងថា ក្រៅពី​កំ​ព្យូ​ទ័​រ សហភាព​អឺរ៉ុប ក៏បានផ្តល់​សម្ភារ​ជាច្រើន​ទៀត ដល់​គជប ផងដែរ ដូចជា កាមេរ៉ា​សុវត្ថិភាព (Security Camera), ម៉ាស៊ីន​ព្រី​ន (Printer), ទឹកខ្មៅ​, ឧបករណ៍​ផ្ទុក​ភ្លើង (Power Bank), ឧបករណ៍​ផ្ទុក​ឯកសារ (Flash) និង​ឧបករណ៍​ស្កេ​ន​មេដៃ ជាដើម​។ យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា បញ្ជាក់ថា ក្នុងចំណោម​សម្ភារ​ទាំងនោះ កំ​ព្យូ​ទ័​រ មាន​សារសំខាន់​ជាងគេ ក្នុងការ​បំពេញ​កិច្ចការ​បោះឆ្នោត​។

​បើទោះបីជា សហភាព​អឺរ៉ុប មិនទាន់​ប្រគល់​សម្ភារ​បច្ចេកទេស​ឲ្យ​គ្រប់​ចំនួន​១០០ ភាគរយ​ក៏ពិតមែន តែ​លោក ហង្ស ពុទ្ធា ចាត់ទុកថា គជប ហាក់ដូចជា​ទទួលបាន​ជំនួយ​ផ្នែក​សម្ភារ​គ្រប់គ្រាន់​ហើយ សម្រាប់​ការបំពេញ​ការងារ​បោះឆ្នោត​។ លោក មានប្រសាសន៍​ទៀតថា សម្ភារ​ដែល​សហភាព​អឺរ៉ុប មិនទាន់​បញ្ជូន​ទៅកាន់​គជប មិនសូវ​ជាសំខាន់​ពេក​នោះទេ ហើយក៏​មិន​ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែរ​។​

​អ្នកនាំពាក្យ​រូបនេះ សង្កត់ធ្ងន់ថា កំ​ព្យូ​ទ័​រទាំង​នោះ នឹង​ត្រូវបាន​បែងចែក​ទៅកាន់​គ្រប់​ឃុំ​-​សង្កាត់ នៅ​ទូទាំងប្រទេស​កម្ពុជា​។ លោក​បន្ថែមថា កំ​ព្យូ​ទ័​រទាំង​នោះ នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុង​គោលដៅ​ធំៗ​ចំនួន​២ គឺ​ការចុះឈ្មោះ​បោះឆ្នោត និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត នេះឯង​។ 

​បើតាម​ការអះអាង​រប​ស់លោក ហង្ស ពុទ្ធា ដដែល កំ​ព្យូ​ទ័​រ រួមទាំង​សម្ភារ​បច្ចេកទេស​ទាំងអស់ ដែល​សហភាព​អឺរ៉ុប​ផ្តល់​ឲ្យ​គ​.​ជ​.​ប មានតម្លៃ​ប្រមាណ​ជា​៧​លាន​ដុ​លា្ល​រ​។ លោក លើកឡើងថា នៅពេល​គ​.​ជ​.​ប ទទួលបាន​សម្ភារ​ខាងលើ​រួចហើយ ដំណើរ​ការរៀប​ចំការ​បោះឆ្នោត នឹង​ប្រព្រឹត្តទៅ​កាន់តែ​រលូត និង​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​។​

​សូមបញ្ជាក់ថា គ​.​ជ​.​ប បាន​ត្រៀម​ថវិកា​ចំនួន​២៣​លាន​ដុល្លារ​ផងដែរ ដើម្បី​ចាយវាយ​ក្នុងអំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​ឆ្នាំ​២០១៧ ខាងមុខ​។ រហូតមកដល់​ពេលនេះ គ​.​ជ​.​ប បានចេញ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​ហើយ ជុំវិញ​កាលបរិច្ឆេទ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។ យោងតាម​សេចក្តីជូនដំណឹង​នោះ  គ​.​ជ​.​ប នឹង​ចាប់ផ្តើម​ចុះឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០១៦ តទៅ​៕


Tag:
 គជប​
  សហភាព​អឺរ៉ុប​
  ហង្ស ពុទ្ធា​
© រក្សាសិទ្ធិដោយ thmeythmey.com