អន្តរជាតិ
អាមេរិក​៖ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល មិនមែន​ដោយសារ​ខែល​ការពារ​នៅ​កូរ៉េខាងត្បូង​ឡើយ​
05, Aug 2016 , 7:59 am        
រូបភាព
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​កោះប្រជុំ​បន្ទាន់​មួយ បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល ដែល​ធ្លាក់​ចូលទៅក្នុង​ដែនសមុទ្រ​ជប៉ុន​។ ឆ្លៀតពេល​ប្រជុំ​នោះ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ បាន​ទាត់​ចោលការ​លើកឡើងថា ការសម្រេចចិត្ត​ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង ជាដើម​ចម​ដែល​នាំ​ឲ្យ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្ងៃទី​៣ ខែសីហា​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​គ្រាប់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ដែល​បាញ់​ធ្លាក់ចូល​ដែនទឹក​ជប៉ុន​ជា​លើកដំបូង ធ្វើ​ឲ្យ​ជប៉ុន កូរ៉េខាងត្បូង និង​អាមេរិក ខ្វាយខ្វល់​យ៉ាងខ្លាំង​។ ភ្លាមៗ​បន្ទាប់ពី​ការបាញ់​នោះ ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តូ​ក្យូ បានស្នើ​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ ជុំវិញ​បញ្ហា​នេះ ហើយ​ប្រេសិត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ ក៏បាន​បដិសេធ​ការចោទប្រកាន់​មកលើ​ខ្លូន ថា ខែល​ការពារ (THAAD) ជា​មូលហេតុ​នៃ​ការបាញ់​នេះ​។​

​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​បន្ទាន់​ក្រុមប្រឹក្សាសន្តិសុខ លោកស្រី Samantha Power អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ UN និយាយ​ការពារ​ការសម្រេចចិត្ត​របស់​អាមេរិក​ថា ការពង្រាយ​ខែល​ការពារ​មី​ស៊ី​ល គឺ​ដើម្បី​ការពារ​ការ​គំរាម​ណាមួយ​របស់​កូរ៉េខាងជើង​។ លោកស្រី បាន​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​ទៀតថា ការអះអាង​ណាមួយ​របស់​មេដឹកនាំ​កូរ៉េខាងជើង ឬក៏​ប្រទេស​នេះ​ផ្ទាល់ លើ​ការពង្រាយ​ប្រព័ន្ធ​ការពារ​នេះ គ្មាន​មូលដ្ឋាន​ជាក់ស្ដែង​នោះទេ​។​

​កាលពី​ខែ​មុន សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង គឺ​ចិន បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការពង្រាយ​ប្រព័ន្ធ​ការពារ​របស់​អាមេរិក​លើ​ទឹកដី​កូរ៉េខាងត្បូង​។ ចំពោះ​ចិន ខែល​ការពារ​មី​ស៊ី​ល​នេះ នឹងធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​តានតឹង ខណៈដែល​របប​ក្រុង​ព្យុងយ៉ាង ក៏បាន​គំរាម​វាយបក​នឹង​ការពង្រាយ​នេះដែរ​។ និយាយប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ ប្រេសិត​ចិន​ប្រចាំ UN លោក Liu Jieyi បញ្ជាក់ថា សកម្មភាព​ណាមួយ មិនគួរ​ធ្វើឡើង ដែល​វា​អាច​នាំ​ឲ្យ​ភាព​តានតឹង​កើនឡើង​នោះឡើយ​។​

​ចំណែក​ជប៉ុន និង​កូរ៉េខាងត្បូង ក៏​ឆ្លៀតពេល​កិច្ចប្រជុំ​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​លើ​ការបាញ់​មី​ស៊ី​ល​នេះដែរ​។ បើតាម Reuters អគ្គរដ្ឋទូត​ជប៉ុន លោក Koro Bessho ប្រាប់​អ្នកព័ត៌មាន​ថា មី​ស៊ី​ល​បាន​ធ្លាក់ចូល​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់​ជប៉ុន ដោយ​គ្មាន​ការព្រមាន​ទុក​មុន​អ្វី​ទេ ហើយ​នេះ​ជាការ​គំរាម​ធ្ងន់ធ្ងរ សម្រាប់​សន្តិសុខ និង​សុវត្ថិភាព​ក្នុង​តំបន់​។​

​ទន្ទឹមនឹង​គ្នា​នេះ តំណាង​កូរ៉េខាងត្បូង​ប្រចាំ UN លោក  Oh Joon និយាយ​ដែរ​ថា ក្នុងឆ្នាំនេះ កូរ៉េខាងជើង​បាន​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​១៣​ដង និង​បាញ់​មី​ស៊ី​ល​២៩ គ្រាប់​ផ្សេងគ្នា​។ តំណាង​កូរ៉េខាងត្បូង​អះអាងថា ក្រុង​ព្យុងយ៉ាង ធ្វើ​រឿង​ទាំងនេះ ដោយមាន​គោលដៅ​ជា​ប្រព័ន្ធ ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​មី​ស៊ី​ល​របស់ខ្លួន ហើយ​បញ្ហា​នេះ ពិតជា​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​៕  


Tag:
 អាមេរិក​
 ​ កូរ៉េខាងជើង​
  THAAD
© រក្សាសិទ្ធិដោយ thmeythmey.com