អន្តរជាតិ
ប្រភេទ​កាបូប​តម្លៃ​«១១​ដុល្លារ​»​លក់​អស់ពី​ស្តុក ក្រោយ​លេច​រូបភាព​ជាមួយ​ភរិយា​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី
05, Aug 2016 , 2:38 pm        
រូបភាព
ដោយ: ថ្មីៗ
​ការរៀបចំ​ខ្លួន​បែប​សាមញ្ញ​បំផុត​របស់​ភរិយា​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោកស្រី លី សៀន ឡុង ក្នុង​កម្មវិធី​នៃ​ការ​ទៅដល់​សេត​វិមាន​អាមេរិក​បានទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​សិង្ហ​បុរី និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​។ នោះ​គឺ លោកស្រី​លី បាន​កាន់​កាបូប​លុយ​តម្លៃ​ប្រមាណ​១១​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​កម្មវិធី​នោះ ដែល​កាបូប​ប្រភេទ​នោះ ក៏បាន​លក់​ហើយ បន្ទាប់ពី​លេចឡើង​នូវ​រូបភាព​នៃ​កាបូប​ជាមួយនឹង​លោកស្រី លី​។



« អតិថិជន​ជាទីគោរព ! ផលិតផល​នេះ (​កាបូប​ប៉ាក់​ដោយ​រូប​ដាយ​ណូ​ស័​រ​ពណ៌​ខៀវ​) ត្រូវបាន​លក់​អស់ហើយ​។ អតិថិជន អាច​បញ្ជា​ទិញ​ទុកជាមុន​បាន​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ដែល​ផលិតផល​នោះ​អាច​នឹង​បញ្ជូន​ឲ្យ​នៅក្នុង​រយៈពេល​ប្រមាណ​២​ខែក្រោយ​នៃ​ការបញ្ជាទិញ​នោះ​»​។ នេះ​គឺជា​សេចក្តីជូនដំណឹង​តាម​អន​ឡាញ​របស់​សាលា Pathlight បន្ទាប់ពី​ប្រភេទ​កាបូប​ដាយ​ណូ​ស័​រ​ពណ៌​ខៀវ​ដែល​រចនា​ម៉ូដ​ដោយ​សិស្សសាលា​នេះ ត្រូវបាន​លេចមុខ​ក្នុង​ដៃ​របស់​លោកស្រី លី សៀន ឡុង ។



​សូម​ជម្រាប​ផងដែរ​ថា ក្នុង​ដំណើរ​អម​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង នៅ​ដើម​ស​បា្ហ​ហ៍​នេះ ក្នុង​កម្មវិធី​នៃ​ការ​ទៅដល់​សេត​វិមាន​ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​ទៅកាន់​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​៣១​ឆ្នាំ​ចុងក្រោយ លោកស្រី លី បាន​កាន់​កាបូប​ដាក់​លុយ ដែលជា​ផលិតផល​ក្នុងស្រុក​សិង្ហ​បុរី និង​មានតម្លៃ​ប្រមាណ​១១​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ កាបូប​នោះ​ដាក់​ក្នុង​គេហទំព័រ https://www.theartfaculty.sg/ ក្នុងតម្លៃ ១៤.៨០​ដុល្លារ​សិង្ហ​បុរី (១១.០៤​ដុល្លារ​អាមេរិក​)​។​

​តាម​ការអះអាង​របស់​លោកស្រី Loy Sheau-Mei មន្ត្រីជាន់ខ្ពស់​នៃ​សាលា Pathlight ជាមួយនឹង​សារព័ត៌មាន The Straits Times លោកស្រី​លី សៀន​ឡុង បាន​ទិញ​កាបូប​នោះ ក្នុង​កម្មវិធី​មនុស្សធម៌​កាលពីពេល​ថ្មីៗ​នេះ​។ លោកស្រី Loy Sheau-Mei ក៏បាន​បញ្ជាក់ដែរថា ម្តាយ​ឳ​ពុក​របស់​អ្នក​ចៃ្ន​ម៉ូដ​កាបូប​នោះ បាន​ប្រាប់​លោកស្រី​ថា «​ពួកគេ ពិត​ជាមាន​មោទនភាព​ណាស់​ដែល​ភរិយា​លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង បាន​កាន់​កាបូប​ដែលមាន​តម្លៃ​មិន​ដល់​២០​ដុល្លារ​ផង​(​សិង្ហ​បុរី​)​នៅក្នុង​ព្រឹត្តិការណ៍​ពិភពលោក​មួយ​នោះ​៕


Tag:
 ​សិង្ហ​បុរី​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com