ជាតិ
បើ​រៀបចំ​បញ្ជី​បោះឆ្នោត​បាន​រលូន ការងារ​បោះឆ្នោត​ឃុំ​-​សង្កាត់​នឹង​បាន​ជោគជ័យ​
05, Aug 2016 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ បញ្ជី​ឈ្មោះ​បោះឆ្នោត គឺ​ចំណុច​ដ៏​សំខាន់ ដើម្បី​ឈានទៅដល់​ការរៀបចំ​ការបោះឆ្នោត ដោយ​ជោគជ័យ​។ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​រៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​ពឹង​ផ្អែកលើ​កត្តា​ជាច្រើន ដូចជា ភាគី​ពាក់ព័ន្ធ ធនធានមនុស្ស និង​សម្ភារ​បច្ចេកទេស​ជាដើម​។



​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គជប បាន​លើកឡើងថា ប្រសិនបើ​ការចុះឈ្មោះ​បោះឆ្នោត ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដូច​ការគ្រោងទុក​មែន​នោះ គជប ហាក់ដូចជា​ទទួលបាន​ជោគជ័យ​ពី​៦០​ទៅ​៧០​ភាគរយ​រួចជាស្រេច​ហើយ ក្នុង​ការរៀបចំ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​ឆ្នាំ​២០១៧​។ លោក ស៊ិ​ក ប៊ុន​ហុក បន្ថែមថា ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​នាពេលខាងមុខ គជប ត្រូវតែ​បន្ត​សហការ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​។

​ដៃគូ​ដែល​ប្រធាន​គជប​រូបនេះ ចាត់ទុកថា​សំខាន់ ហើយ​មិនអាច​ខ្វះ​បាន​នោះ គឺ គណបក្សនយោបាយ​, អ្នកបោះឆ្នោត​, រដ្ឋសភា​, រដ្ឋាភិបាល​, អង្គភាព​ដោះស្រាយ​ជម្លោះ​, ប្រព័ន្ធតុលាការ​, អង្គការក្រៅរដ្ឋាភិបាល​, ប្រព័ន្ធ​ផ្សព្វផ្សាយ​, សហគមន៍​អន្តរជាតិ​ដែលជា​ម្ចាស់ជំនួយ​, អ្នកត្រួតពិនិត្យ និង អ្នក​អង្កេត​ការណ៍​ក្នុងការ​បោះឆ្នោត​។​

​ការ​ថ្លែង​របស់លោក ស៊ិ​ក ប៊ុន​ហុក ខាងលើ ធ្វើឡើង​ក្នុង​កិច្ចពិភាក្សា​ស្តីពី «​ការត្រៀម​រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត​» ដែល​ប្រព្រឹត្តទៅ​នៅ​សាលសន្និសីទ​គជប នា​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៦​។​ការពិភាក្សា ដោយ​បើកចំហ​នេះ មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នានា​ផងដែរ ដូចជា​តំណាង​គណបក្សនយោបាយ តំណាង​អង្គការក្រៅរដ្ឋាភិបាល និង​តំណាង​សហគមន៍​អន្តរជាតិ ដែលជា​ម្ចាស់ជំនួយ​ជាដើម​។​

​យោងតាម​ទិន្នន័យ​របស់​គជប ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​កិច្ចប្រជុំ​នោះ ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ មាន​ចំនួន ប្រមាណ​៩​លាន​នាក់​។ ក្នុងចំណោម​ប្រជាពលរដ្ឋ​ទាំងនោះ ប្រជាពលរដ្ឋ​ប្រមាណ​៧​លាន មាន​អត្ត​សញ្ញា​តប​ណ្ណហើយ​ប្រហែលជា​២​លាន​អ្នក​ទៀត នៅ​មិនទាន់មាន​អត្តសញ្ញាណ​បណ្ណ​នៅឡើយ​ទេ​។ យ៉ាងណាក៏ដោយ គជប​នៅតែ​បន្ត​ជំរុញ​ឲ្យ​ក្រសួងមហាផ្ទៃ រួមទាំង​អាជ្ញាធរ ផ្តល់​អត្តសញ្ញាណ​បណ្ណ​គំរូ​ថ្មី ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគេ អាច​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​។

​ទាក់​នឹង​នឹង​ការចុះឈ្មោះ​បោះឆ្នោត​នេះ សហគមន៍​អន្តរជាតិ​មួយចំនួន បាន​ផ្តល់ជំនួយ​ផ្នែក​សម្ភារ​បច្ចេកទេស​ជាច្រើន ទៅដល់​គជប​។ ជាក់ស្តែង កាលពីពេល​ថ្មីៗ​នេះ សហភាព​អឺរ៉ុប​បានប្រគល់​ឲ្យ​គជប នូវ​កំ​ព្យូ​ទ័​រ​ចំនួន ២៦០០​គ្រឿង រួមទាំង​សម្ភារ​ផ្សេងៗ​ទៀត ដូចជា​កាមេរ៉ា​សុវត្ថិភាព (Security Camera), ម៉ាស៊ីន​ព្រី​ន (Printer), ទឹកខ្មៅ​, ឧបករណ៍​ផ្ទុក​ភ្លើង (Power Bank), ឧបករណ៍​ផ្ទុក​ឯកសារ (Flash) និង​ឧបករណ៍​ស្កេ​ន​មេដៃ ជាដើម ។ កំ​ព្យូ​ទ័​រ និង​សម្ភារ​ទាំងនោះ មានតម្លៃ​ប្រមាណ​ជា​៧​លាន​ដុល្លារ​។

​សូមបញ្ជាក់ថា គ​.​ជ​.​ប បាន​ត្រៀម​ថវិកា​ចំនួន​២៣​លាន​ដុល្លារ​ផងដែរ ដើម្បី​ចាយវាយ​ក្នុងអំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​ឆ្នាំ​២០១៧ ខាងមុខ​។ រហូតមកដល់​ពេលនេះ គ​.​ជ​.​ប បានចេញ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​ហើយ ជុំវិញ​កាលបរិច្ឆេទ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។ យោងតាម​សេចក្តីជូនដំណឹង​នោះ  គ​.​ជ​.​ប នឹង​ចាប់ផ្តើម​ចុះឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០១៦ តទៅ​៕


Tag:
 គជប​
  បោះឆ្នោត​
  ស៊ិ​ក ប៊ុន​ហុក
© រក្សាសិទ្ធិដោយ thmeythmey.com