អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូ​ទីន ត្រៀម​ជួប​លោក អា​បេ និង​លោកស្រី ប៉ាក ដើម្បី​ពិភាក្សា​បញ្ហា​សន្តិសុខ
06, Aug 2016 , 10:32 am        
រូបភាព
​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រៀម​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ​អា​បេ  និង​ប្រធានាធិបតី​កួ​រ៉េ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ នៅក្នុង​ខែកញ្ញា​នៅ​ទីក្រុង Vladivostok​។ ជំនួប​នេះ​ធ្វើឡើង​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​បូព៌ា ហើយ​ប្រធានបទ​ជាច្រើន​រួមទាំង​បញ្ហា​សន្តិសុខ​និង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​អាច​នឹង​ស្ថិតនៅក្នុង​របៀបវារៈ​នៃ​ជំនួប​ទ្វេភាគី​នេះ​។​


​អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង​លោក Dmitry Peskov បានប្រកាសថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ នៅក្នុង​ទីក្រុង  Vladivostok នៅ​ដើមខែ​កញ្ញា​ខាងមុខនេះ​។ 
 
​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ជប៉ុន​និង​កូរ៉េខាងត្បូង​នេះ​នឹង​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​បូព៌ា ដែល​រុស្ស៊ី​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃ ២ ដល់​ថ្ងៃ ៣ ខែកញ្ញា​។ វេទិការ​សេដ្ឋកិច្ច​បូព៌ា​ដែល​ធ្វើឡើង​នៅ​ខែកញ្ញា​ខាងមុខនេះ ជា​សន្និសីទ​ធុរៈកិច្ច​ប្រចាំឆ្នាំ​លើក​ទី​២ ហើយ​ដែល​រៀបចំ​ដោយ​រុស្ស៊ី​។  ហើយ​វា​មានការ​ចូលរួម​ពី​បណ្តា​អ្នកជំនួញ និង​អ្នកជំនាញ​មកពី​ប្រទេស​ជាច្រើន​ក្នុងនោះ​មាន ចិន​, ជប៉ុន​, កូរ៉េខាងត្បូង​, ឥណ្ឌា​, អូស្ត្រាលី​, វៀតណាម​, អាមេរិក​, និង​សិង្ហ​បុរី​ផងដែរ​។​
 
 ត្រលប់​មកវិញ បើតាម​អ្នកនាំពាក្យ​ដដែល ដែល​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ជំនួប​ទ្វេភាគី រវាង​លោក ពូ​ទីន និង​លោក អា​បេ ក៏ដូចជា​រវាង​លោក ពូ​ទីន ជាមួយ​លោកស្រី ប៉ាក នឹងត្រូវ​រៀបចំឡើង​ដាច់ដោយឡែក​ពី​វេទិកា​នេះ  ហើយ​គេ​រំពឹងថា ប្រធានបទ​សំខាន់ៗ​ជាច្រើន​ទាំង​សន្តិសុខ សេដ្ឋកិច្ច និង​នយោបាយ​ក្តី នឹងត្រូវ​លើកយក​មក​ពិភាក្សា​ក្នុងជំនួប​នេះ​ផងដែរ​។​
 
​និយាយ​ទៅ ជំនួប​នៅ​ខែកញ្ញា​រវាង​លោក ពូ​ទីន និង​លោក អា​បេ នឹង​ក្លាយជា​ជំនួប​ទ្វេភាគី​លើក​ទី​២ ហើយ​គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៦​នេះ​។ ក្នុង​ខែឧសភា​កន្លងទៅ លោក អា​បេ បាន​ស្កាត់​ជួប​លោក ពូ​ទីន ម្តង​ដែរ​នៅ​តំបន់ Sochi សមុទ្រ​ខ្មៅ ប៉ុន្តែ​វា​មិនមែនជា​ជំនួប​ផ្លូវការ​ឡើយ​។ កាលនោះ​មេដឹកនាំ​ទាំងពីរ​បាន​ជជែក​ពិភាក្សាគ្នា​លើ​បញ្ហា​ជម្លោះ​កោះ​គូ​រី​ល និង​ការបង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ផង​។ ប៉ុន្តែ​មិនមាន​លទ្ធផល​ច្រើន​កើតឡើង​ឡើយ​ក្រោយ​ជំនួប​នេះ​។​
 
​ដូច្នេះ ជំនួប​ខាងមុខនេះ នឹង​ក្លាយជា​វេទិកា​សំខាន់​ថ្មី​មួយទៀត​សម្រាប់​មេដឹកនាំ​ទាំងពីរ​ពិភាក្សា​រក​ដំណោះស្រាយ​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ផងដែរ​។​
 
​ចំណែក លោកស្រី ប៉ាក ហ្គឺ​ន​ហេ ប្រហែលជា​នឹង​ឆ្លៀត​យក​ឱកាស​ក្នុងជំនួប​ជាមួយ​លោក ពូ​ទីន ដើម្បី​ពិភាក្សា​ឲ្យ​បាន​ស៊ីជម្រៅ​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច និង​សន្តិសុខ​ផង​។ វា​ជា​រឿង​មិនអាច​ចៀសផុត​ឡើយ ដែល​មេដឹកនាំ​កូរ៉េខាងត្បូង​នឹង​លើកយក​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងត្បូង​មក​ពិភាក្សា​ជាមួយ​សម​ភាគី​រុស្ស៊ី​។ កូរ៉េខាងត្បូង​សង្ឃឹមថា រុស្ស៊ី​អាច​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​ជំរុញ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ត្រលប់​ចូល​តុ​ចរចា​វិញ​ក្នុង​ក្របខណ្ឌ​កិច្ចពិភាក្សា​៦​ភាគី ដែល​ជាប់គាំង​អស់​ពេល​យូរ​មកហើយ​នោះ​៕  
 
 

Tag:
 ពូ​ទីន
  អា​បេ
  ប៉ាក ហ្គឺ​ន​ហេ
© រក្សាសិទ្ធិដោយ thmeythmey.com