អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន ទទូច​ឲ្យ​មេដឹកនាំ​ទាំងអស់​យក​គំរូ​លោក​អូ​បា​ម៉ា​ក្នុងការ​ទៅ​ទស្សនកិច្ច​តំបន់​ទម្លាក់​គ្រាប់បែកបរមាណូ
06, Aug 2016 , 1:57 pm        
រូបភាព
លោក អូបាម៉ា គោរពវិញ្ញាណក្ខន្ធនៅហ៊ីរ៉ូស៊ីម៉ា កាលពីខែឧសភា ដោយ Xinhua
លោក អូបាម៉ា គោរពវិញ្ញាណក្ខន្ធនៅហ៊ីរ៉ូស៊ីម៉ា កាលពីខែឧសភា ដោយ Xinhua
ដោយ: ថ្មីៗ
 
​គឺ​ថ្ងៃទី​០៦ ខែសីហា នេះហើយ ដែលជា​ថ្ងៃ​ដែល​អាមេរិក​ទម្លាក់​គ្រាប់បែកបរមាណូ​នៅក្នុង​កោះ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​របស់​ជប៉ុន​។ នាឱកាស​នៃ​ការ​រម្លឹក​ខួប​លើក​ទី​៧១​នៃ​សោកនាដក​កម្មនេះ រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បាន​ទទូច​ឲ្យ​មេដឹកនាំ​ពិភពលោក​យក​គំរូ​តាម​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ក្នុងការ​មក​ទស្សនកិច្ច​នៅ​តំបន់​ទម្លាក់​គ្រាប់បែក​នេះ​ដើម្បី​ស្វែងយល់​ពី​ព្យសនកម្ម​នៃ​ការប្រើប្រាស់​អាវុធ​ប្រល័យ​លោក​មួយ​នេះ​។


​ក្នុង​សុន្ទរកថា​ស្តីពី​សេចក្តីប្រកាស​សន្តិភាព​នា​ពិធី​រម្លឹក​ខួប​ប្រចាំឆ្នាំ​នៃ​ការទម្លាក់​គ្រាប់​បែប​បរមាណូ​នៅ​កោះ​ហ៊ី​រ៉ូ​ស៊ី​ម៉ា នៅ​ថ្ងៃ​សៅរ៍​នេះ អភិបាលក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា លោក Kazumi Matsui  បាន​ទទូច​ឲ្យ​មេដឹកនាំ​ពិភពលោក​ចូលរួម​សកម្មភាព​បន្ថែមទៀត​ក្នុងការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ និង​យក​គំរូ​តាម​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅក្នុង​តំបន់​កើតហេតុ​នោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Japan Times​។ 
 
​សូម​រម្លឹក​ផងដែរ​ថា ថ្ងៃ ៦ សីហា ឆ្នាំ​១៩៤៥ នៅ​ម៉ោង​ប្រហែល ២ ៖ ៤៥​នាទី​ព្រឹក (​ម៉ោង​ប្រទេស​ជប៉ុន​) យន្តហោះ​ទម្លាក់​គ្រាប់បែក B-29 អាមេរិក​មួយគ្រឿង​ឈ្មោះ Enola Gay បាន​ហោះ​ចេញពី​កោះ Tinian ដើម្បី​កម្ទេច​ទីក្រុង​ជប៉ុន ហ៊ី​រ៉ូ​ស៊ី​ម៉ា​។ យន្តហោះ​នេះ​បានធ្វើ​ដំណើរ​មកដល់​ទី​ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា (Hiroshima) និង​ដាច់ចិត្ត​ទម្លាក់​គ្រាប់​នៅ​ម៉ោង​៨៖១៦​នាទី​ព្រឹក​។ រឿង​ដែល​រន្ធត់​បំផុត​នោះ​គ្រាន់តែ​គ្រាប់បែកបរមាណូ​ធ្លាក់​ដល់​ដី​ភ្លាម ទីក្រុង​ទាំងមូល​ខ្ទេច​ស្ទើរ​គ្មាន​សល់ ហើយ​មនុស្ស​ប្រហែល ៨​ម៉ឺន​នាក់​ស្លាប់​ភ្លាមៗ និង​មនុស្ស​ប្រហែល​៣៥០០០​នាក់​ទៀត​រងរបួស​ផងដែរ ។​
 
​អ្វី​គួរកត់សម្គាល់​នោះ គ្រាប់បែកបរមាណូ​ដែល​សម្លាប់​មនុស្ស​រាប់សែន​នាក់​នៅ​ទីក្រុង ហ៊ី​រ៉ូ​ស៊ី​ម៉ា​ត្រឹម​ជា​គ្រាប់បែក​ទីមួយ ហើយ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា  Little Boy ។ បី​ថ្ងៃក្រោយ​ការទម្លាក់​គ្រាប់​នេះ គ្រាប់បែកបរមាណូ​មួយ​គ្រាប់​ទៀត​ត្រូវបាន​ទាហានជើងអាកាស​អាមេរិក​ទម្លាក់​កម្ទេច​ទីក្រុង​ជប៉ុន​មួយទៀត គឺ ណា​កា​សា​គី (Nagasaki)  ដែល​បណ្តាល​ឲ្យ​ប្រជាជន​រាប់ម៉ឺន​នាក់​ផ្សេងទៀត​ស្លាប់​យ៉ាង​អាណោច​អាធ​ម​។​
 
​ទាក់ទិន​សោកនាដកម្ម​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​នេះដែរ លោក បា​រ៉ា​ក់ អូ​បា​ម៉ា គឺជា​ប្រធានាធិបតី​អាមេរិក​ដំបូង​បំផុត​ដែល​អញ្ជើញ​ទៅ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​ប្រជាជន​ជប៉ុន​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​កាលពី​ខែឧសភា​កន្លងទៅ ប៉ុន្តែ​លោក​មិនបាន​សុំ​អភ័យទោស​ចំពោះ​ការទម្លាក់​គ្រាប់បែក​នេះឡើយ​។ យ៉ាងណាមិញ លោក​បាន​ឆ្លៀត​ផ្ញើ​សារ​ទៅកាន់​មេដឹកនាំ​ឯទៀត​ជាពិសេស​ប្រទេស​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​សាយភាយ ឬ​ឈានដល់​ការប្រើប្រាស់​អាវុធ​ប្រល័យ​លោក​នេះ​ជាថ្មីទៀត​។ ប្រជាជន​ជប៉ុន​សង្ឃឹមថា បណ្តា​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​នឹងធ្វើ​តាម​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ហើយ​ជប៉ុន​ក៏​ប្តេជ្ញា​បន្ត​តួនាទី​ជាត​ស៊ូ​មតិ​ជំរុញ​ឲ្យ​មានការ​ធ្វើ​ឲ្យ​ពិភពលោក​ក្លាយជា​ពិភព​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ថែម​ទៀតផង​៕
 
 

Tag:
 ជប៉ុន​
  ហ៊ី​រ៉ូ​ស៊ី​ម៉ា​
  ណា​កា​សា​គី​
© រក្សាសិទ្ធិដោយ thmeythmey.com