អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រជាមតិ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថៃ មានន័យ​យ៉ាងដូចម្តេច​សម្រាប់​អនាគត​ប្រជាធិបតេយ្យ​ថៃ​?
06, Aug 2016 , 6:59 pm        
រូបភាព
យោធាហែរក្បួនជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតប្រជាមតិ (រូបភាព AFP)
យោធាហែរក្បួនជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតប្រជាមតិ (រូបភាព AFP)
ដោយ:
 
​គឺ​ថ្ងៃអាទិត្យ​ទី​០៧ ខែសីហា​ស្អែក​នេះហើយ ដែល​ប្រជាជន​ថៃ នឹងត្រូវ​ក្លាយជា​អ្នកកំណត់ និង​ជា​ម្ចាស់​ជោគវាសនា​នៃ​លទ្ធិប្រជាធិបតេយ្យ​ថៃ​តាមរយៈ​ការបោះឆ្នោត​ប្រជាមតិ​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​ធ្វើឡើង​ក្រោម​របប​សឹក​របស់លោក​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ច័ន្ទ អូ​ចា (Prayuth Chan O Cha)​។ តើ​រាជាណាចក្រ​ថៃ ដែលមាន​លទ្ធិប្រជាធិបតេយ្យ​ចាក់​ឬ​ស​ជាច្រើន​ទសវត្ស​រ៍ហើយ​នោះ អាច​រួច​ផុតពី​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​របប​សឹក​ឬ​យ៉ាងណា​?


​លទ្ធផល​នៃ​ការធ្វើប្រជាមតិ​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថៃ គឺជា​រឿង​មួយ​ដែល​មិនទាន់មាន​ភាពជាក់លាក់ និង​មិនអាច​ទស្សន៍ទាយ​មុន​បាន​នៅឡើយ​នោះទេ ពោលគឺ ថា​តើ​ប្រជាជន​ភាគច្រើន នឹង​បោះឆ្នោត​គាំទ្រ​សេចក្តីព្រាង​នោះ ឬក៏​ប្រឆាំង​។ ព័ត៌មាន​មួយចំនួន ព្យាករណ៍​ថា ពលរដ្ឋ​អាច អាច​នឹងមិន​ទៅ​បោះឆ្នោត ខ្លះទៀត ថា អាច​នឹងមាន​ការបោះឆ្នោត​ជំទាស់​ច្រើន ដ្បិត​ប្រមុខ​បក្ស​ធំៗ​បានប្រកាស​ផ្ទាល់ខ្លួន​ថា នឹង​បោះឆ្នោត​ជំទាស់​រួចទៅហើយ​។ ដោយឡែក​សម្រាប់​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ថា លោក នឹង​បោះឆ្នោត​គាំទ្រ​។ ក៏ប៉ុន្តែ​លទ្ធភាព​ពីរ​ដែល​គួរ​យល់ដឹង​ក្រោយ​នៃ​ប្រជាមតិ​នេះ​គឺ ទី​១ ថៃ​អាច​នឹងមាន​រដ្ឋធម្មនុញ្ញ​ទី​២០​ដែល​ផ្តល់​ភាពស្របច្បាប់​សម្រាប់​យោធា​នៅក្នុង​នយោបាយ និង ទី​២ របប​យោធា នឹង​អាច​បន្ត​។​
 
១. តើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​នោះ​មាន​បញ្ហា​អ្វីខ្លះ​? 
​តាមពិតទៅ ការធ្វើប្រជាមតិ​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថៃ​នៅ​ស្អែក​នេះ មិនមាន​ចំណុច​ច្រើន​អ្វី​នោះទេ ពោលគឺ ប្រជាពលរដ្ឋ នឹង​ចូល​បោះឆ្នោត ថា​តើ​គួរ​«​គាំទ្រ​» ឬ «​ប្រឆាំង​» ទៅលើ​សំណួរ​ពីរ​ស្តីពី​សេចក្តីព្រាង​នោះ​ប៉ុណ្ណោះ​។ សំណួរ​ទី​១​នោះ​គឺ «​តើ​ពួកគេ​ទទួលយក​ឬ​អត់​ចំពោះ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​នោះ​?»​។ សំណួរ​ទី​២​នោះ​គឺ «​ពួកគេ នឹង​អនុញ្ញាត​ឲ្យ​សមាជិកសភា​ព្រឹទ្ធសភាដែល​កើតចេញពី​ការតែងតាំង​២៥០​រូប​អាច​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​សម្រាប់​រយៈពេល​៥​ឆ្នាំ​ដំបូង ក្រោយពេល​សេចក្តីព្រាង​នោះ ត្រូវបាន​អនុម័ត និង​ចូល​ជា​ធរមាន​ជា​ផ្លូវការ​ឬ​អត់​?» នេះ​បើ​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​។ 
 
​អ្វី​គួរកត់សម្គាល់​នោះ បទបញ្ញត្តិ​ក្នុង​សេចក្តីព្រាង​ដែលជា​ចំណុច​ប្រទាំង​ប្រទើស​ខ្លាំងជាងគេ​ផងដែរ​នោះ​គឺ យោធា និង​ប៉ូលិស ត្រូវបាន​បម្រុង​ទុក​អាសនៈ​ឲ្យ​មួយចំនួន​នៅក្នុង​សភា​ជាន់ខ្ពស់​ឬ​ព្រឹទ្ធសភា ហើយ រដ្ឋសភា អាចមាន​សិទ្ធិ​ជ្រើសរើស​បុគ្គល​ណា​ម្នាក់​ដែល​មិនមែនជា​ការជ្រើសរើស​តាម​ការបោះឆ្នោត​សកល​ដើម្បី​ធ្វើជា​នាយករដ្ឋមន្ត្រី​នៅពេលដែល​ប្រទេស​មាន​បញ្ហា​ឬ​ជាប់គាំង​នយោបាយ​។ 
​សូមជម្រាបថា ក្រោយ​នៃ​រដ្ឋប្រហារ​យោធា​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉​ត់​ត្រា នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ អូ​ចា បាន​ឡើងកាន់​អំណាច​បន្ត​ដោយ​សន្យាថា នឹង​កសាង​ស្ថិរភាព​នយោបាយ និង​នាំ​មកវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ផងដែរ​។ ដើម្បី​សម្រេចបាន​គោលដៅ​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​បង្កើត​គណៈកម្មាធិកា​រ​ព្រាង​រដ្ឋធម្មនុញ្ញ ដើម្បី​ព្រាង​ធម្មនុញ្ញ​ថ្មី​ដើម្បី​បញ្ចៀស​ការជាប់គាំង​នយោបាយ​បន្តទៀត​។ 
 
​នៅ​ចុងឆ្នាំ​២០១៥​កន្លងទៅ រដ្ឋាភិបាល​របប​សឹក​ថៃ បាន​បរាជ័យ​ម្តង​រួចទៅហើយ​ក្នុង​ការធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី​នោះ ដ្បិត សភា បាន​បោះឆ្នោត​ជំទាស់​។ ហើយ​សម្រាប់​សេចក្តីព្រាង​ដែល​គ្រោង​នឹងដាក់​ឲ្យ​បោះឆ្នោត​ប្រជាមតិ​នេះ គឺជា​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ទី​២​ហើយ​ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​របប​សឹក​ថៃ ដែល​ដឹកនាំ​តាក់តែង​ដោយ​ប្រធាន​គណៈកម្មាធិការ​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ​ដែល​កំពុងតែ​រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​ប្រជាជន គឺ លោក Meechai Ruchuphan​។ 
 
​បើ​សេចក្តីព្រាងច្បាប់​លើក​ទី​២​នេះ អាច​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាជន នោះ​សេចក្តីព្រាង​នឹង​ក្លាយជា​រដ្ឋធម្មនុញ្ញ​ទី​២០​ក្នុង​អាយុកាល​នៃ​លទ្ធិប្រជាធិបតេយ្យ​ថៃ​៨៤​ឆ្នាំ​។ ក្នុងនេះ ក៏មាន​ន័យ​ដែរ​ថា យោធា នឹង​អាច​តោង​អំណាច​នៅក្នុង​នយោបាយ​ថៃ និង​មានលទ្ធភាព​ច្រើន​ក្នុង​ការចូល​កាន់តំណែង​នយោបាយ និង​អន្តរ​គម​ន៍​ក្នុង​កិច្ចការ​នយោបាយ​ថៃ​បាន​ដោយ​ស្របច្បាប់​ទៀតផង​។ ហើយ​បើ​និយាយ​ពី​ប្រជាធិបតេយ្យ វិញ គឺ​ថៃ ត្រូវ​ដើរ​ត្រលប់​ក្រោយ​វិញ​ហើយ​។ និយាយ​ឲ្យ​ខ្លី វា នឹង​ក្លាយជា​លទ្ធិប្រជាធិបតេយ្យ​ដែល​មានការ​រឹតត្បិត (limited democracy ឬ backward democracy)​។ 
 
​យ៉ាងណាក៏ដោយ មាន​អ្នកនយោបាយ​ថៃ​ជាច្រើន​ដែល​មកពី​ទាំង​បក្សនយោបាយ​ធំៗ​រួមមាន ប្រជាធិបតេយ្យ និង​ភឿ​ថៃ បាន​ចេញមុខ​ជំទាស់​ជា​សាធារណៈ​លើ​សេចក្តីព្រាង​នេះ​។ ទាំង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា ក៏ដូចជា​អតីត​នាយករដ្ឋមន្ត្រី លោក អា​ភី​សិត វី​ចា​ជីវ៉ា សុទ្ធសឹងតែ​បានប្រកាស​ជា​សាធារណៈ ថា​អ្នក​ទាំងពីរ នឹង​បោះឆ្នោត​«​ជំទាស់​»​។ 
 
២. លោក​ប្រា​យុទ្ធ ផ្តល់​ចម្លើយ​មិន​ច្បាស់លាស់ សម្រាប់​ព្រឹត្តិការណ៍​ក្រោយ​ប្រជាមតិ​?
​ជុំវិញ​ប្រជាមតិ​នេះដែរ លោកនាយក​រដ្ឋមន្ត្រីរ​ដ្ឋ​ប្រហារ​ថៃ ប្រា​យុទ្ធ ចន្ទ អូ​ចា នៅ​ថ្ងៃ​សុក្រ​ទី​០៥​ខែសីហា​ម្សិលមិញ បានប្រកាស​ជា​សាធារណៈ​ថា លោក នឹង​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ថៃ The Nation ដែល​បាន​ដកស្រង់​សុន្ទរកថា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​រូបនេះ នាឱកាស​នៃ​ការ​រម្លឹក​ខួប​លើក​១២៩​នៃ​ការបង្កើត​សាលា​រាជបណ្ឌិត​យោធា​ថៃ Chulachomklao​។​
 
​លោកនាយក​រដ្ឋមន្ត្រី​រូបនេះ ក៏បាន​សង្កត់ធ្ងន់ថា «​ក្នុងនាម​ជា​ពលរដ្ឋ​ថៃ​ម្នាក់ ខ្ញុំ មាន​សិទ្ធិ​ក្នុងការ​បង្ហាញ​គោលជំហរ​របស់ខ្ញុំ​។ តែ​ខ្ញុំ មិនមែន​កំពុងតែ​ព្យាយាម​ជះឥទ្ធិពល​ទៅលើ​អ្នកបោះឆ្នោត​នោះទេ​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​ដែល​បាន​ចុះផ្សាយ​ដែរ​ថា លោក ប្រា​យុទ្ធ ក៏​ទទូច​ឲ្យ​អ្នកបោះឆ្នោត​អនុវត្ត​សិទ្ធិ​របស់ខ្លួន​នៅក្នុង​ថ្ងៃ​ប្រជាមតិ ដោយ​មិន​ទោរទន់​តាម​អ្នកដទៃ​អ្វី​ឡើយ​។​
 
​នាឱកាស​ដដែល​នោះ លោក ក៏បាន​ប្រកាស​ដែរ​ថា ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ នឹងត្រូវ​ប្រព្រឹត្តឡើង​តាម​ការសន្យា​របស់​កន្ល​ង​មក ដែល​បានកំណត់​នៅក្នុង​ផែនការ ក្រោយ​ឡើងកាន់​អំណាច​។ 
 
​តែ​អ្វី​គួរកត់សម្គាល់​នោះ នៅ​ថ្ងៃទី​០២ ខែសីហា លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ បាន​ថ្លែង​ព្រមាន​យ៉ាង​ដូច្នេះ​ថា «​កុំ​យក​ប្រជាមតិ​មក​កំណត់​អ្នកឈ្នះ ឬ​អ្នកចាញ់​។  ខ្ញុំ មិនដែល​ចាញ់​អ្នកណា​នោះទេ ហើយ ខ្ញុំ ក៏​មិន​បំណង​ចង់​ឈ្នះ​អ្នកណា​ផងដែរ​។ ខ្ញុំ ចង់​បន្ត​កាន់អំណាច​របស់ខ្ញុំ​ដើម្បី​ដំណើរការ​រដ្ឋបាល​ក្នុងអំឡុងពេល​នៃ​អន្តរកាល​មួយ​នេះ​»​។ នេះ​បើ​យោងតាម​សារព័ត៌មាន បាងកក​ប៉ុស្តិ៍​។ 
 
​សេចក្តីថ្លែងការណ៍​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ដែល​ធ្វើឡើង​មុនពេល​តែ​៤​ឬ​៥​ថ្ងៃ​នៃ​ការធ្វើប្រជាមតិ​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ក្រុម​សកម្មជន​ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល​រដ្ឋប្រហា​រ ដែល​បានទាមទារ​ឲ្យ​រូបលោក ចុះ​ចេញពី​តំណែង ប្រសិនបើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ ត្រូវបាន​ទាត់ចោល​តាមរយៈ​ការបោះឆ្នោត​ជំទាស់​ភាគច្រើន​ពី​ប្រជាជន​ថៃ​។ លោក ប្រា​យុទ្ធ ថែមទាំង​តប​ថា ប្រជាមតិ​គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​នៃ​ដំណើរការ​ទៅរក​លទ្ធិប្រជាធិបតេយ្យ ហើយ​ការបោះឆ្នោត ក៏​មិនអាច​កើតឡើង​បាន​នោះទេ ប្រសិន មិនមាន​រដ្ឋធម្មនុញ្ញ​ថ្មី​នោះ​។ 
 
​ប្រមុខ​របប​សឹក​រូបនោះ បាន​សង្កត់ធ្ងន់ថា បើទោះបីជា​លទ្ធផល នឹង​ទៅជា​បែបណាក៏ដោយ លោក នឹង​នៅតែ​បន្ត​កាន់អំណាច​ដោយយោង​តាម​ផែនការ​របស់លោក ហើយ លោក នឹង​ព្យាយាម​បំពេញការងារ និង​តួនាទី​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ប្រជាជន និង​ប្រទេស​ថៃ​។ លោក អះអាងថា លោក មិន​ព្រួយបារម្ភ​អ្វី​ទាល់តែសោះ​ចំពោះ​ប្រជាមតិ​នេះ​។ លោក បាន​ផ្ញើ​សារ​មួយ​ដើម្បី​ឲ្យ​ប្រជាជន​ថៃ ពិចារណា​ចំពោះ​ប្រជាមតិ​នោះ ដោយ​លើកឡើងថា អ្នកបោះឆ្នោត ត្រូវតែ​សម្រេចចិត្ត​រវាង «​អនាគត​មួយ​ដែល​មិន​ច្បាស់លាស់ ឬ​ភាពបរាជ័យ​នៃ​អតីតកាល​(​ប្រវត្តិសាស្ត្រ​ជាន់​ដាន​»​។ 
 
​ការបកស្រាយ​របស់លោក​ប្រា​យុទ្ធ បានបង្ហាញ​ឲ្យ​ឃើញច្បាស់​ហើយ​ថា ប្រសិនបើ ប្រជាជន​បោះឆ្នោត​ជំទាស់​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នោះ ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​នៅ​ឆ្នាំ​២០១៧ នៅតែមាន​ភាពមិនច្បាស់លាស់​នៅឡើយ​នោះទេ​។ 
 
៣. លោក ប្រា​យុទ្ធ មាន​សិទ្ធិ និង​អំណាច​ស្របច្បាប់​ដើម្បី​បន្ត​កាន់អំណាច​? 
​សូម​ជម្រាប​ផងដែរ​ថា ការ​អាច​បន្ត​កាន់អំណាច​របស់លោក​ប្រា​យុទ្ធ ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សណ្តាប់ធ្នាប់ និង​សន្តិភាព មកដល់​សព្វថ្ងៃ គឺ​មិនមែន​ដោយសារ​មានការ​គាំទ្រ ឬ​បោះឆ្នោត​ពី​ប្រជាជន​ឡើយ​។ តែ​លោក បាន​កាន់អំណាច​ដោយ​ដំបូង​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក​(​ត្រូវបាន​ប្រកាស​ដកចេញ​វិញ​នៅ​ដើមឆ្នាំ​២០១៥) និង​បច្ចុប្បន្ន​តាម​មាត្រា​៤៤​នៃ​រដ្ឋធម្មនុញ្ញ​បណ្តោះអាសន្ន​ឆ្នាំ​២០០៧​។ តាម​រដ្ឋធម្មនុញ្ញ​ថៃ មាត្រា ៤៤ បានផ្តល់​អំណាច​ផ្តាច់មុខ​ដល់​នាយករដ្ឋមន្ត្រី ជាពិសេស​ស្ថាប័ន​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សណ្តាប់ធ្នាប់​និង​សន្តិភាព ដើម្បី​ដោះស្រាយ​និង​រក្សា​ស្ថិរភាព​សាធារណៈ ការពារ​រាល់​ការ​គំរាម​ហែង​របបរាជានិយម ការឯកភាព រួបរួម​ជាតិ​និង​សន្តិភាព​ផង​នោះ​។​
 
​តាម​មាត្រា ៤៤ ដដែល​នេះ ក៏បាន​បញ្ញត្តិ​ដែលថា រដ្ឋាភិបាលយោធា អាច​ប្រើប្រាស់​អំណាច​ពេញលេញ​និង​លើសលុប​ក្នុងការ​គ្របដណ្តប់​លើ​អំណាចនីតិបញ្ញត្តិ និង​តុលាការ​ដើម្បី​រឹតបន្តឹង​សិទ្ធិសេរីភាព ដោយ​អាជ្ញា​មាន​សិទ្ធិ​ចាប់ខ្លួន​មនុស្ស​មិនចាំបាច់​មាន​ដីកា ឃុំខ្លួន​មិនចាំបាច់​មានការ​ចោទប្រកាន់ អាច​ប្រើប្រាស់​វិធានការ​ក្តៅ​ផ្សេងទៀត​ដើម្បី​ប្រឆាំង​រាល់​ជន​ដែល​គំរាមកំហែង​សន្តិសុខ​និង​ស្ថិរភាព​ប្រទេសជាតិ​ផង​។ ហើយ​អ្វីដែល​គ្រោះថ្នាក់​នោះ របប​សឹក មាន​បុព្វសិទ្ធិ​សាធារណៈ​ក្នុងការ​ដកហូត​ទ្រព្យសម្បត្តិ បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ ហាម​ការបោះ​ពុ​ម្ភ​ផ្សាយ​រាល់​ឯកសារ​ណា​ដែល របប​នេះ​ជឿថា​អាច​គំរាមកំហែង​ដល់​ការផ្សះផ្សា​ជាតិ និង​ស្ថិរភាព​៕

Tag:
 ​ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com