ជាតិ
ការដក​បេក្ខភាព​សិស្ស​១០​មករា​៖ សាលា​ថា​មិនអាច​សម្រួល​បាន​ទៀត​ទេ​
06, Aug 2016 , 3:52 pm        
រូបភាព
 
​សៀមរាប​៖ ការសម្រេច​ដក​បេក្ខភាព​ចេញពី​បញ្ជី​ប្រឡង​បាក់​ឌុប​ចំនួន ១៤០​នាក់​របស់​វិទ្យាល័យ​១០​មករា ឆ្នាំ​១៩៧៩ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​។ ចំនួន​នេះ​ហាក់​ច្រើន​បន្តិច បើ​ធៀប​នឹង​សាលារៀន​ដទៃ​នៅក្នុង​ប្រទេស​។ ថ្នាក់​គ្រប់គ្រង​វិទ្យាល័យ​១០​មករា ក្នុង​ខេត្តសៀមរាប​បាន​និយាយថា តួលេខ​នេះ​មានការ​យោគយល់​ខ្លះៗ​ហើយ ហើយ​សាលា​ក៏​គ្មាន​ដំណោះស្រាយ​អ្វី​ផ្សេងទៀត​នោះដែរ​។​

 
​លោក ប៊ី ប៊ុន​សុ​ផុ​ន្នី ជំនួយការ​នាយក​សលា​វិទ្យាល័យ​១០​មករា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​៦ សីហា​នេះ​ថា ក្រោយ​កិច្ចប្រជុំ​ជាមួយ​ខាង​មន្ទីរអប់រំ គឺ​សាលា​នៅតែ​រក្សា​គោលជំហរ រឿង​បញ្ជី​ដក​បេក្ខភាព​សិស្ស​ទាំង​១៤០​នាក់​ដដែល​។ កាលពី​ម្សិលមិញ មន្ទីរអប់រំ បាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ត្រួតពិនិត្យ និង​រក​ដំណោះស្រាយ ចំពោះ​តួលេខ​ច្រើន​របស់​សិស្សសាលា​១០​មករា ដែល​មិនអាច​ចូលរួម​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​បាន​។​
 
​លោក ប៊ី ប៊ុន​សុ​ផុ​ន្នី បាន​ពន្យល់​បន្ថែមថា តាម​ការពិនិត្យ​ជាក់ស្តែង​ឃើញថា សិស្ស​ដែល​នៅក្នុង​បញ្ជី​ដក​បេក្ខភាព គឺ​ពួកគេ​ពិតជា​គ្មាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ចូល​ប្រឡង​បាន​មែន​។ លោក​បន្តថា​៖« ទីមួយ​ពួកគាត់​អត់​បានដាក់​ពាក្យ ទី​ពីរ អត់​ប្រឡង​ឆមាស​ទី​២ និង​ទី​បី ធ្លាក់​មធ្យមភាគ​។ យើង​មាន​ហេតុផល​ត្រឹមត្រូវ សូម្បី​អាណាព្យាបាល​ពួកគេ ដែល​មកដល់​សាលា ក៏​គាត់​ទទួលស្គាល់ថា កូន​គាត់​មិនដែល​មក​រៀន​មែន​...»​។​
 
​ជំនួយការ​នាយក​សាលា​១០​មករា បានបញ្ជាក់​ទៀតថា​៖«...​នេះ​យើង​ជួយ​សម្រួល​សិស្ស​ខ្លះ​អវត្តមាន​ច្រើន យោគយល់​អី​ខ្លះ បើតាម​ជាក់ស្តែង មាន​២០០​ទៅ​៣០០​នាក់​ឯណោះ ដែល​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​ដក​បេក្ខភាព​នេះ​...»​។​
 
​ទាក់ទង​នឹង​បញ្ហា​នេះដែរ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប លោក សយ ទិ​ត្យា​វង្ស បាន​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន លទ្ធផល​នៃ​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​ជាមួយ​ខាង​តំណាង​វិទ្យាល័យ ១០ មករា ហើយ​លោក​នឹង​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ​បន្តទៀត នៅ​រសៀល​ថ្ងៃទី​៦ សីហា​នេះ​។​
 
​គួររម្លឹកថា វិទ្យាល័យ​១០​មករា បានសម្រេច​ដក​បេក្ខភាព​សិស្ស​ចំនួន ១៤០​នាក់​មិន​ឲ្យ​ប្រឡង​បាក់​ឌុប ដោយ​ហេតុផល​៣​សំខាន់ៗ ដូចជា​អត់​បានដាក់​ពាក្យ​ប្រឡង អត់​ចូល​ប្រឡង​ឆមាស​ទី​២ និង​ធ្លាក់​មធ្យមភាគ​។ អាណាព្យាបាល​ខ្លះ​អះអាងថា បញ្ហា​នេះ​ទំនងជា​ចេតនា​របស់​លោកគ្រូ​អ្នកគ្រូ ដែល​ខឹង​សិស្ស​មិនបាន​រៀន​គួរ​ជាមួយ​ខ្លួន​ជាដើម​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com