កីឡាអន្តរជាតិ
អន្តរជាតិ
លោកយាយ​អាយុ​១០១​ឆ្នាំ​ហែល​ទឹក​ចម្ងាយ​៤០០​ម៉ែត្រ​ក្នុង​រយៈពេល​២៦​នាទី​
07, Aug 2016 , 8:59 pm        
រូបភាព
ដោយ: ធីតា
 
​លោកយាយ Mieko Nagaoka ដែល​នឹង​ឈានដល់​វ័យ​១០២​ឆ្នាំ​នាពេលខាងមុខ មិនដែល​បោះបង់​ការតស៊ូ​របស់ខ្លួន​ក្នុងការ​ប្រកួតប្រជែង​ហែល​ទឹក​នោះឡើយ​។ កាលពីពេល​ថ្មីៗ​កន្លងមកនេះ លោកយាយ​បាន​ប្រើ​ថេរវេលា ២៦​នាទី និង​១៦​វិនាទី លើ​ការ​ហែល​សេរី​ចម្ងាយ​៤០០​ម៉ែត្រ​ក្នុងការ​ប្រកួត​មួយ​ដែល​រៀបចំ​ដោយ​សមាគម​កីឡាហែលទឹក​ជប៉ុន​។​

 
«​ខ្ញុំ​ចង់​បន្ត​ហែល​ទឹក​រហូតដល់​អាយុ​១០៥​ឆ្នាំ ឬ​លើសពីនេះ​»​។ នេះ​ជាការ​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​របស់លោក​យាយ Mieko Nagaoka អាយុ​១០១​ឆ្នាំ ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ លោកយាយ​បាន​អះអាងថា នៅ​ចន្លោះ​ពី​អាយុ​១០០ ឆ្នាំ​១០៤ ឆ្នាំ គាត់​ចង់​ចូល​ការប្រកួតប្រជែង​ធំៗ​ចំនួន​៩​លើក ហើយ​អាច​ឈានដល់​ការ​ហែល​ចម្ងាយ​១៥០០​ម៉ែត្រ​។​
 
​កើត​នៅ​ឆ្នាំ​១៩១៤ នៅ​តំបន់ Yamaguchi លោកយាយ Nagaoka តែងតែ​នាំ​ភាព​ភ្ញាក់ផ្អើល​ដល់​គ្រូបង្វឹក និង​កូនចៅ​របស់ខ្លួន​។ កូនប្រុស​របស់គាត់​ឈ្មោះ Hiroyuki អាយុ​៧៦​ឆ្នាំ បាន​រៀបរាប់ថា ម្តាយ​របស់ខ្លួន​តែង​ទទួលបាន​នូវ​ភាព​រីករាយ​នៅពេលដែល​គាត់​ចុះ​ហែល​ទឹក ហើយ​ចាប់តាំងពី​អាយុ​៩០​ឆ្នាំ​មក គាត់​ទទួលបាន​កំណត់ត្រា​ថ្មីៗ​ជា​បន្ត​បន្ទាប់ពី​ការប្រកួត​។​
 
​លោកយាយ Nagaoka បាន​រៀបរាប់​ប្រាប់ AFP ថា សុខភាព​របស់​គា​ត់គ្មា​ន​បញ្ហា​អ្វី​នោះឡើយ​។ គាត់​បាន​លើកឡើងថា​៖ «​វិធី​នាំ​ឲ្យ​មាន​អាយុ​វែង​នោះ គឺ​ញ៉ាំ​ឲ្យ​បាន​ទៀងទាត់ និង​មាន​សកម្មភាព​ជាប្រចាំ​។ មិនល្អ​នោះឡើយ​ក្នុង​អង្គុយ​នៅតែ​មួយកន្លែង​សម្រាប់​មនុស្ស​ចំណាស់​ដូចជា​រូបខ្ញុំ​»​។​
 
​នា​ការប្រកួត​ដែល​រៀបចំ​ដោយ​សមាគម​កីឡាហែលទឹក​នៅ​តំបន់ Chiba ជាយក្រុង​តូ​ក្យូ កន្លងមក លោកយាយ​បាន​ហែល​ទៅ​ដល់ទី​ក្រោយ​ជ័យលាភី​លេខ​មួយចំនួន​១៧​នាទី​។ អ្នក​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយ គឺ​លោកយាយ Etsuko Azumi អាយុ​៨០​ឆ្នាំ​។​
 
​បច្ចុប្បន្ន លោកយាយ Nagaoka រៀន​ហែល​បី​លើក​ក្នុង​មួយ​សប្តាហ៍ ដោយមាន​លោក Shintaro Sawada អាយុ​៤១​ឆ្នាំ ជា​គ្រូបង្វឹក​។ ទោះបីជា​យ៉ាងណាក៏ដោយ លោកយាយ​មាន​បញ្ហា​ត្រចៀក​ដែល​ធ្វើ​ឲ្យ​លោកយាយ​មិនសូវ​លឺ​គេ​និយាយ​នោះឡើយ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com