អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន យក​ទីតាំង​សមុទ្រ​ចិន​ខាងត្បូង​ហ្វឹកហ្វឺន​កងទ័ពអាកាស​ពី​ការប្រយុទ្ធ និង​ល្បាត​
07, Aug 2016 , 7:39 pm        
រូបភាព
ដោយ:
 
​កងកម្លាំង​យន្តហោះ​ចម្បាំង​នៃ​កងទ័ពអាកាស​ចិន បានបញ្ចប់​ការហ្វឹកហ្វឺន​លើ​វិញ្ញាសារ​នៃ​ការ​ល្បាត​តាម​ដែនអាកាស​នៅ​តំបន់​ប្រជុំ​កោះ Nansha (​ឬ​ស្ព្រា​ត​លី​) នៃ​សមុទ្រ​ចិន​ខាងត្បូង​។ ការហ្វឹកហ្វឺន​នេះ មានការ​ចូលរួម​ពី​យន្ត​ទម្លាក់​គ្រាប់បែក​ប្រភេទ H-6K និង​យន្តហោះ​ចម្បាំង​ប្រភេទ Su-30 ជាច្រើន​គ្រឿង​។  



​អ្នកនាំពាក្យ​កងទ័ព​ជើង​អាកាស​នៃ​កងទ័ព​រំដោះប្រជាជន​ចិន លោក Shen Jinke បាន​ថ្លែង​បញ្ជាក់ថា ការហោះហើរ​នៅ​លំហ​អាកាស​សមុទ្រ​ចិន​ខាងត្បូង​គឺជា​ផ្នែក​មួយ​នៃ​ការហ្វឹកហ្វឺន​ប្រយុទ្ធ​ដើម្បី​បង្កើន​សមត្ថភាព​កងទ័ព​អាកាស​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​សន្តិសុខ​ផ្សេងៗ​។​
 
​អ្នកនាំពាក្យ​រូបនោះ ក៏បាន​កំណត់សម្គាល់​ឲ្យ​បានដឹង​ដែរ​ថា កងកម្លាំង​ជើង​អាកាស​នៃ​កងទ័ព​រំដោះប្រជាជន​ចិន ដែល​ត្រូវបាន​បង្កើត​អស់​រយៈពេល​៦៧​ឆ្នាំ​ហើយ បានរៀបចំ​ការ​ល្បាត​ជា​ទៀងទាត់​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​រក្សា​សុវត្ថិភាព​អធិបតេយ្យ សន្តិសុខ និង​ផលប្រយោជន៍​ដែនសមុទ្រ​របស់​ប្រទេស​។ 


 
​លោក ក៏បាន​បញ្ជាក់ដែរថា កងទ័ពអាកាស​កន្លង​មក​បាន​បំពេញ​បេសកម្ម​ក្នុងការ​ហ្វឹកហ្វឺន​ជាច្រើន​បន្តបន្ទាប់​ដូចជា សមយុទ្ធ​ក្នុងការ​ព្រមាន​ការពារ​ដែនអាកាស​, ការប្រយុទ្ធ​ក្នុង​ដែនអាកាស និង​ការ​ល្បាត​នៅលើ​ដែន​កោះ​ជាដើម​។​
 
​បើទោះបីជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង អះអាងថា ការ​ហ្វឹក​ហ្វឹ​ន និង​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន​ធ្វើឡើង​តាម​ទម្លាប់​ក៏ដោយ គេ​សង្កេតឃើញថា រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​កម្តៅ​សាច់ដុំ​យោធា​ជា​ញឹកញាប់​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទាំង​ដែនអាកាស និង​ដែនទឹក​។ ហើយ វា ក៏​ស្របទៅនឹង​ការប្រកាស​សាលក្រម​សមុទ្រ​ចិន​ខា​ត្បូង​របស់​តុលាការអន្តរជាតិ​ក្រុងឡាអេ​ដែល​សម្រេច​ឲ្យ​ចិន​ចាញ់ក្តី​ហ្វីលីពីន​កាលពី​ខែកក្កដា​កន្លងទៅ​ផងដែរ​នោះ​។ 
 
​សូម​ជម្រាប​ផងដែរ​ថា បញ្ហា​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​ពោរពេញ​ទៅដោយ​ធនធានធម្មជាតិ ក៏ដូចជា​ជា​តំបន់​ពាណិជ្ជកម្ម​ដែនទឹក​ដ៏​មមាញឹក​របស់​ពិភពលោក​លំដាប់​ទី​២ មាន​រដ្ឋ​ពាក់ព័ន្ធ​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​៕ 
 
 

Tag:
 ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com