កីឡាអន្តរជាតិ
អន្តរជាតិ
Jeremy Menez ដាច់​ត្រចៀក​នា​ការប្រកួត​ដំបូង​ឲ្យ​ក្លិប Bordeaux
08, Aug 2016 , 11:23 am        
រូបភាព
ដោយ: ធីតា
​កីឡាករ Jeremy Menez មាន​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេច​បានឡើយ នា​ថ្ងៃ​ប្រកួត​ដំបូង​ឲ្យ​ក្លិប​បាល់ទាត់​បារាំង Girondins de Bordeaux ក្រោយ​ផ្ទេរ​មកពី​ក្លិប AC Milan របស់​អ៊ីតាលី​។​



​បន្ទាប់ពី​បង្ហាញខ្លួន​បាន​ត្រឹម​១០​នាទី​ដំបូង​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​មិត្តភាព​ជាមួយ​ក្លិប Lorient កីឡាករ Jeremy Menez ដែល​ទើប​ផ្ទេរ​ពី AC Milan បាន​ប៉ះទង្គិច​ជាមួយ​ខ្សែបម្រើ Didier Ndong នៃ​ក្លិប Lorient​។ ត្រចៀក​ស្តាំ​របស់ Menez ចំ​មួយ​ទំហឹង​ស្បែកជើង​របស់ Ndong រហូត​ដាច់​ទាំង​ដុំ​។​

​ក្លិប Bordeaux បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ខ្សែប្រយុទ្ធ​បារាំង Jeremy Menez ស្ថិតនៅក្នុង​ស្ថានភាព​មួយ​ដែល​មិនទាន់​អាច​វាយតម្លៃ​បាន​។ រូបគេ​ត្រូវ​រង់ចាំ​ការព្យាបាល​ឲ្យ​បាន​ធូរស្បើយ ដែល​គេ​មិនទាន់​ដឹងថា យូរ ឬ​ឆាប់​នោះឡើយ​។​



​លោក Jocelyn Goennec គ្រូបង្វឹក​ក្លិប Bordeaux បាន​អះអាងថា​៖ «​ត្រចៀក​របស់ Jeremy Menez បាន​ដាច់ចេញ​ជា​ពីរ […] ទោះជា​វា​បង្ក​ឡើយ​ដោយ​អ​ចេតនា​ក៏ដោយ ប៉ុន្តែ​វា​កើតចេញពី​ការលេង​របៀប​កាចៗ »​។​

​ខ្សែបម្រើ​ហ្គា​បុ​ង Didier Ndong បាន​សម្តែង​ការសុំ​ទោស​ចំពោះ​ឧប្បត្តិ​ហេតុដែល​បានកើត​ឡើង ដោយ​អ​ចេតនា​។ «​ខ្ញុំ​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​គាត់​ឆាប់​ជា ហើយ​យើង​រំពឹង​ជួបគ្នា​នាពេលខាងមុខ​សម្រាប់​ការប្រកួត​ក្របខណ្ឌ Ligue 1» ។​

​បើទោះបីជា​យ៉ាងណាក៏ដោយ នា​ការប្រកួត​មិត្តភាព​នោះ Bordeaux បានទទួល​ជ័យជម្នះ ៣-០ លើ Lorient​។ ជាមួយគ្នានេះ គេ​ក៏​សង្កេតឃើញថា Ndong បាន​បង្ក​ឲ្យ​កីឡាករ​ផ្សេងទៀត​រងរបួស​នៅលើ​ទីលាន​ផងដែរ​៕


Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com