អន្តរជាតិ
អ៊ីរ៉ង់​ប្រហារជីវិត​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​មួយរូប​ពីបទ​ធ្វើ​ចារកម្ម​ឲ្យ​ស​.​រ​.​អា​
09, Aug 2016 , 7:39 am        
រូបភាព
ដោយ: VOA
​អាជ្ញាធរ​ប្រទេស​អ៊ីរ៉ង់​បាន​ប្រហារជីវិត​អ្នកវិទ្យាសាស្ត្រ​បរមាណូ​ម្នាក់ ដែល​ត្រូវបាន​កាត់ក្តី​ឲ្យ​មានទោស​ពីបទ​ផ្តល់ព័ត៌មាន​សម្ងាត់​អំពី​កម្មវិធី​បរមាណូ​ចម្រូងចម្រាស​របស់​រដ្ឋា​ភិ​បាល​ក្រុង​តេ​រ៉ង់​ទៅ​ឲ្យ​ស​.​រ​.​អា​។​



​ការប្រហារជីវិត​លោក Shahram Amiri បាន​ត្រូវ​បញ្ជាក់ថា ជាការ​ពិត​កាលពី​ថ្ងៃអាទិត្យ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន IRNA​។ លោក Gholamhosein Mohseni Ejehi អ្នកនាំពាក្យ​តុលាការ​អ៊ីរ៉ង់​បាន​និយាយថា «​តាមរយៈ​ការទាក់ទង​របស់គាត់​ជាមួយ​ស​.​រ​.​អា លោក Amari បានផ្តល់​ព័ត៌មាន​សំខាន់​ណាស់​ដល់​សត្រូវ​»​។​

​លោក Ejehi បាន​និយាយថា តុលាការ​មួយ​បាន​កាត់ទោស​ប្រហារជីវិត Amari ដែលជា​សាលក្រម​មួយ​ត្រូវបាន​តម្កល់​ដោយ​តុលាការ​កំពូល​នៃ​ប្រទេស​អ៊ីរ៉ង់​។​

​លោក Amari បាន​ចាក​ចេញពី​ប្រទេស​អ៊ីរ៉ង់​ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត កាលពី​ឆ្នាំ​២០០៩ ហើយ​បាន​ទៅ​រស់នៅ​ជាថ្មី​ក្នុង​ស​.​រ​.​អា​មួយឆ្នាំ​បន្ទាប់មក​។​ក្រុមមន្ត្រី​ស​.​រ​.​អាបាន​និយាយថា ពួកគេ​បាន​ផ្តល់ប្រាក់​ប្រមាណ​៥​លាន​ដុល្លារ​ឲ្យ​លោក​ចាក​ចេញពី​ប្រទេស​អ៊ីរ៉ង និង​ឱ្យ​ផ្តល់ព័ត៌មាន​អំពី​កម្មវិធី​បរមាណូ​របស់​ប្រទេស​អ៊ីរ៉ង់​។​
​មន្ត្រី​ស​.​រ​.​អា​ម្នា​ក់បាន​និយាយ​កាលពី​ឆ្នាំ​២០១០​ថា ស​.​រ​.​អាបាន​ទទួល​«​ព័ត៌មាន​មាន ប្រយោជន៍​»  ពី​លោក Amari​។​

​លោក Amari ដែលជា​អ្នកស្រាវជ្រាវ​ម្នាក់​ក្នុង​សាកលវិទ្យាល័យ ហើយ​បាន ធ្វើការ​ឲ្យ​អង្គការ​ថាមពលបរមាណូ​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​រត់គេចខ្លួន​ចេញ​ពីស​.​រ​.​អា​កាលពី​ឆ្នាំ​២០១០ ដោយ​មិន​បានទទួល​ប្រាក់​នោះទេ និង​បានទទួល​ស្វាគមន៍​ដោយ​ក្រុមមន្ត្រី​អ៊ីរ៉ង់​ដូចជា​វីរបុរស​នៅមុន​ពេល​លោក​បាន​ត្រូវ​ចាប់ខ្លួន​។​លោក​បាន​និយាយប្រាប់​ក្រុមមន្ត្រី​អ៊ីរ៉ង់​ថា លោក​បាន​ជាប់​ឃុំឃាំង​នៅក្នុង​ស​.​រ​.​អា បន្ទាប់ពី​ត្រូវបាន​ចាប់ពង្រត់​ក្នុងប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត​ដោយ​ភ្នាក់ងារ​ពីរ​នាក់​នៃ​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​ស​.​រ​.​អា CIA៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com