អន្តរជាតិ
តាមរយៈ Fulbright ក្តី​ស្រមៃ​របស់​យុវជន​ខ្មែរ​អាច​ក្លាយជា​ការពិត​
09, Aug 2016 , 8:59 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧ នេះ យុវជន​ខ្មែរ​៧​រូប នឹងធ្វើ​ដំណើរ​មកកាន់​សហរដ្ឋអាមេរិក ដើម្បី​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​តាមរយៈ​អាហារូបករណ៍ Fulbrgiht ក្រោម​ជំនួយ​ថវិកា​របស់​រដ្ឋាភិបាល​អាមេរិកាំង​។​



​កញ្ញា ស៊ូ ហ្សូ​លីដា ជា​អតីត​និស្សិត​នៃ​វិទ្យាស្ថាន​ភាសាបរទេស (IFL) និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) និង​ជា​ជ័យលាភី​១​ក្នុងចំណោម​ជ័យលាភី​ទាំង​៧​នាក់​នោះ នឹង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ច្បាប់ និង​កិច្ចការ​ការទូត​នៅ​សាកលវិទ្យាល័យ Tufts University នៅ​ក្រុង Medford ក្នុង​រដ្ឋ Massachusetts​។ កញ្ញា​ថ្លែងប្រាប់ VOA ថា ការដាក់​ពាក្យសុំ​អាហារូបករណ៍​មានការ​ប្រកួតប្រជែង​ខ្ពស់ ដូច្នេះ​វា​ទាមទារ​ឲ្យ​មានការ​ត្រៀម​រៀបចំ​ច្រើន​។​

«​ការដាក់​អាហារូបករណ៍​សម្រាប់ Fulbright មិនមែនជា​រឿង​ងាយស្រួល​ទេ​។ ប៉ុន្តែ​ប្រសិនបើ​យើង​មាន​គម្រោង​ច្បាស់លាស់​ថា​យើង​នឹង​ទៅ​រៀន​អី ហើយ​យើង​ដឹងថា​យើង​ត្រូវ​សរសេរ​អី ហើយ​យើង​អាច​ឆ្លើយ​សំណួរ​គេ យើង​ដឹងថា​សំណួរ​គេច​ង់​និយាយ​អី ហើយ​យើង​គោរព​ទៅតាម criteria (​លក្ខខណ្ឌ​) របស់គេ ខ្ញុំ​គិតថា​វា​ក៏​អាច​កាត់បន្ថយ​នូវ​ការលំបាក​របស់​យើង​ដែរ​»​។​

​កញ្ញា​បន្តទៀតថា ការចង់បាន​អាហារូបករណ៍​នេះ​ទៀតសោត មិនមែនជា​រឿង​ដែល​កញ្ញា​ទើបតែ​នឹកឃើញ​ចង់បាន​ថ្មីៗ​នេះ​ទេ​។​

«​ខ្ញុំ​បាន​ស្គាល់ Fulbright តាំងពី​ខ្ញុំ​នៅ​រៀន​នៅ​វិទ្យាល័យ ដូច្នេះហើយ​ខ្ញុំ​ក៏​ចាប់អារម្មណ៍​ពី​អាហារូបករណ៍​នេះ ហើយ​ខ្ញុំ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ហើយ​និង​ធ្វើការ​មួយចំនួន​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើ​ម៉េច​ដើម្បី​ឲ្យ​បាន​ជាប់​ហ្នឹង​គឺថា ខ្ញុំ​បានរៀបចំ​មួយរយៈ​ធំ​ដែរ មុន​ពេលដែល​ខ្ញុំ​រៀបចំខ្លួន​ដាក់​សុំ​អាហារូបករណ៍​នេះ​»​។​

​កញ្ញា​ក៏​លើកទឹកចិត្ត​យុវជន​ដទៃទៀត​ឲ្យ​ក្លាហាន​ឡើង​ក្នុង​ការដាក់​អាហារូបករណ៍ កុំ​ឲ្យ​ភាពភ័យខ្លាច​បន្ទច់បង្អាក់​ឱកាស​ដ៏​មានតម្លៃ​នេះ​។​

​ជ័យលាភី Fulbright ម្នាក់ទៀត ដែលជា​អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា គឺ លោក អ៊ួ​ង ទី​កេ​ត្យា ក៏​កំពុងតែ​ត្រៀមខ្លួន​ផងដែរ ក្នុងការ​ធ្វើដំណើរ​មក​កាន់​សហរដ្ឋអាមេរិក ដើម្បី​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​គោលនយោបាយ​បរិស្ថាន​នៅ​សាកលវិទ្យាល័យ State University of New York នៅ​ទីក្រុង Syracuse រដ្ឋ New York​។​

​លោក​បាន​ប្រាប់ VOA ថា​៖ «​ខ្ញុំ​មានបំណង apply (​ដាក់ពាក្យ​) Fulbright ហ្នឹង​យូរហើយ តាំងពី​ខ្ញុំ​(​នៅ​)​រៀន គឺ​ខ្ញុំ​បាន​គិតថា ខ្ញុំ​នឹង​បន្ត​ថ្នាក់អនុបណ្ឌិត គឺ​ខ្ញុំ​នឹង apply ចូល Fulbright ហ្មង៎​!»

​លោក​បន្ថែមថា លោក​មាន​អារម្មណ៍​ច្របូកច្របល់​រក​អ្វី​ថ្លែង​ពុំបាន ពេល​លោក​ឃើញ​អ៊ីមែល​បញ្ជាក់ថា លោក​ជាប់​ជា​ជ័យលាភី Fulbright នោះ​។​
«​អារម្មណ៍​ពេល​ហ្នឹង​គឺ ដូច​ថា​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​ខ្ញុំ​អត់​ដែល​គិតថា ខ្ញុំ​អាចជា​ប់ដ​ល់វគ្គ​ផ្ដាច់​ព្រាត់​អីចឹង​»​។​

​លោក​បាន​ផ្តាំ​ដល់​អ្នក​ដែល​ចង់​ដាក់​ពាក្យសុំ​អាហារូបករណ៍ Fulbright ដែរ​ថា ត្រូវ​ព្យាយាម​ធ្វើយ៉ាងណា​រៀបចំ​គម្រោង​សិក្សា ការងារ និង​កិច្ចការ​ស្ម័គ្រចិត្ត ឲ្យ​ស្ថិតនៅក្នុង​គន្លង​តែមួយ​ជាមួយ​អ្វីដែល​យើង​ចង់​សិក្សា នោះ​វា​នឹង​ជួយ​យើង​ក្នុង​ការកំណត់​មុខវិជ្ជា​ដែល​យើង​ចង់​សិក្សា​នោះបាន​ច្បាស់លាស់​។​

​លោក Jay Raman ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្លែងប្រាប់ VOA ថា Fulbright ផ្តល់ឱកាស​ដល់​និស្សិត​ខ្មែរ​ឲ្យ​ទទួលបាន​ការអប់រំ​ពី​សាស្ត្រាចារ្យ​ដែលមាន​សមត្ថភាព​ខ្ពស់ នៅតាម​សាកលវិទ្យាល័យ​ល្បីៗ​នៅ​សហរដ្ឋអាមេរិក​។ ហើយ​នៅពេលដែល​ពួកគេ​ត្រឡប់មក​កម្ពុជា​វិញ គេ​អាច​យក​អ្វីដែល​គេ​បាន​រៀន​ទៅ​អនុវត្ត ដែល​នេះ​មិន​ត្រឹមតែ​អភិវឌ្ឍ​ខ្លួនគេ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ប្រយោជន៍​ដល់​ប្រទេសជាតិ​ទាំងមូល​ផងដែរ​។​

«​អតីត​និស្សិត​អាហារូបករណ៍ Fulbright បាន​ត្រឡប់មកវិញ​ជាមួយនឹង​បទពិសោធន៍ ដែល​ជួយ​ឲ្យ​ពួកគេ​បានទទួល​ជោគជ័យ​នៅក្នុង​វិស័យ​ជាច្រើន ទាំង​ក្នុង​រដ្ឋាភិបាល វិស័យ​សាធារណៈ សង្គម​ស៊ីវិល សិល្បៈ និង​វប្បធម៌​ជាដើម​»​។​

​លោក បូរី ស៊ី​លីវ​ណ្ណ អតីត​និស្សិត​អាហារូបករណ៍ Fulbright ឆ្នាំ​២០១០-២០១២ និង​ជា​ប្រធាន​សមាគម​អតីត​និស្សិត​អាហារូបករណ៍​សហរដ្ឋ​អាមេរិក ឬ​ហៅ​កាត់​ថា FUSAAC បាន​ថ្លែងប្រាប់ VOA ថា ជោគជ័យ​មួយ​នេះ​ក៏​ហាក់បីដូចជា​និមិត្តរូប​មួយ​នៃ​ការសង​គុណ​ដល់​មាតាបិតា និង​អាណាព្យាបាល​ផងដែរ​។​

«​ដូច​ពី​ជំនាន់​ខ្ញុំ ពេលដែល​ទៅ​ហ្នឹង ប៉ា​ម៉ាក់​សប្បាយចិត្ត​។ មុនពេល​ដែល​យើង​ចេញទៅ​អាមេរិក​អីចឹង យើង​មានការ​ទៅ​ប្រជុំ ការណែនាំ​ពី​ខាង​ស្ថានទូត​អីចឹង ឪពុកម្តាយ​យើង​បាន​ទៅ​ចូលរួម​។ គាត់​បាន​ទៅ​ចូល​ទូត បាន​ជជែក​ជាមួយ​អគ្គរដ្ឋទូត​អី​ពីមុន​អីចឹង​។ វា​ជា​សមិទ្ធផល​មួយ​ធំ​សម្រាប់​ដែល​ធ្វើ​ឲ្យ​គ្រួសារ​យើង​មាន​មោទនភាព​»​។​

​លោក​បាន​បញ្ជាក់ដែរថា ក្រៅពី​ទទួលបាន​ការអប់រំ​ដែលមាន​គុណភាព​ខ្ពស់ និង​រាប់អាន​មិត្តភក្តិ​ជុំវិញ​ពិភពលោក​តាមរយៈ​បណ្តាញ Fulbright ហើយ​នោះ និស្សិត​ម្នាក់ៗ​ក៏មាន​ឱកាស​ទទួលបាន​បទពិសោធន៍​ធ្វើការ​ជាមួយ​ស្ថាប័ន​អាមេរិកាំង​តាមរយៈ​ការចុះ​កម្មសិក្សា​នានា​ផងដែរ​។​

​លោក​បន្តថា ជ័យលាភី Fulbright ដែល​ត្រឡប់​ទៅ​កម្ពុជា​វិញ គឺជា​ធនធានមនុស្ស​ដែល​កម្រ​រកបាន ហើយ​ពួកគេ​អាចធ្វើ​ជា​ជន​គំរូ​ដល់​យុវជន​ខ្មែរ​ដទៃទៀត ហើយ​លើកទឹកចិត្ត​ឲ្យ​ពួកគេ​មើលឃើញ​ពី​តម្លៃ​នៃ​ការខិតខំ​ប្រឹងប្រែង​សិក្សា​។​

​លោក​ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​បន្ត និង​បង្កើន​ចំនួន​និស្សិត​ដែល​អាច​ទទួល​អាហារូបករណ៍ Fulbright នេះ​ឲ្យ​កាន់តែច្រើន​ជាងនេះទៅទៀត​ផងដែរ​។​
​ជ័យលាភី​អាហារូបករណ៍ Fulbright ទាំង​៧​រូប​ក្នុងឆ្នាំនេះ​រួមមាន​៖ កញ្ញា ស៊ូ ហ្សូ​លីដា កញ្ញា សូ​ផា បូរ​មី កញ្ញា គង់ រតនៈ​វ​ត្តី កញ្ញា ហ៊ុយ លី​ហួរ លោក ជួង ធ​ត លោក អ៊ួ​ង ទី​កេ​ត្យា និង​លោក ហៀ​ង វ៉ាន់​នី ។​

​លោក Jay Raman ក៏បាន​លើកឡើងថា ជ័យលាភី​អាហារូបករណ៍ Fulbright គឺ​សុទ្ធ​តែមាន​ប្រវត្តិ​ខុសគ្នា មកពី​ខេត្ត​ផ្សេងគ្នា រៀន​នៅ​សាលា​ផ្សេងគ្នា ធ្វើ​ការងារ​ផ្សេងគ្នា តែ​អ្វីដែល​ពួកគេ​មាន​ដូចគ្នា​នោះ​គឺ ការប្តេជ្ញាចិត្ត និង​ការខិតខំ​ប្រឹងប្រែង​ដែល​ពួកគេ​មាន​ក្នុង​ការដាក់​ពាក្យសុំ​អាហារូបករណ៍​នេះ​។ ហើយ​ប្រសិនបើ​នេះ​ជា​អ្វីដែល​ពួកគេ​ធ្វើបាន យុវជន​ដទៃ​ក៏​អាចធ្វើ​បានដែរ​៕

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com