ជាតិ
មហាផ្ទៃ​ប្រកាស​លទ្ធផល​ជំរឿន​ជនអន្តោប្រវេសន៍​ទូទាំងប្រទេស​ក្នុង​ខែសីហា​នេះ​
08, Aug 2016 , 3:36 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ នឹង​បង្ហាញ​លទ្ធផល​ជំរឿន​ជនអន្តោប្រវេសន៍​ជា​ផ្លូវការ នៅក្នុង​អំឡុង​ខែសីហា ឆ្នាំ​២០១៦ នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។



​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានបញ្ចប់​ការ​ជំរឿន​ទិន្នន័យ​ជនអន្តោប្រវេសន៍​ទូទាំងប្រទេស​រួចរាល់ហើយ ហើយ​ក្រសួងមហាផ្ទៃ​នឹង​ប្រកាសលទ្ធផល​នេះ​ជា​សាធារណៈ ក្នុង​អំឡុង​ខែ​សីហា ឆ្នាំ​២០១៦ ​។ នេះ​បើតាម​ប្រសាសន៍​របស់លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ លោក សុខ ផល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​នៅ​រសៀល​នេះ​ថា លោក​កំពុង​រង់ចាំ​ចំណារ​ឯកភាព​ពីស​ម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សិន មុនពេល​លោក​កោះអញ្ជើញ​អភិបាល​រាជធានី​-​ខេត្ត ស្នងការ​នគរបាល​ទូទាំងប្រទេស​ប្រជុំ​អនុវត្ត​ផែនការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​បន្តទៀត​។​

​យ៉ាងណា លោក សុខ ផល ដែលជា​អគ្គ​ស្នងការរង​នគរបាលជាតិ​ផង​នោះ បដិសេធ​ពុំទាន់​ទម្លាយ​របាយការណ៍​ចំនួន​ជនអន្តោប្រវេសន៍​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តែម្តង នៅ​ថ្ងៃទី​៨ ខែសីហា​នេះឡើយ ព្រោះ​លោក​ចង់​ឲ្យ​អ្នកសារព័ត៌មាន​ទទួល​របាយការណ៍​នេះ ក្នុងពេល​តែមួយ​តែម្តង​។ លោក សុខ ផល បញ្ជាក់​យ៉ាងនេះ​ថា​៖«​យើង​បាន​បញ្ជូន​របាយការណ៍​ទិន្នន័យ​ជូន​សម្តេច​ក្រឡាហោម​ពិនិត្យ​សម្រេច រួច​យើង​នឹង​ប្រជុំ​ធំ ដើម្បី​ប្រកាស​ជា​សាធារណៈ ប្រាប់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់​ព្រម​គ្នា​តែម្តង អាច​នឹង​នៅ​ចុង​សប្តាហ៍​នេះ ឬ​ដើម​សប្តាហ៍​ក្រោយ​»​។​

​កាលពីពេល​កន្លងទៅ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ស ខេង ធ្លាប់បាន​យក​ឱកាស​ពិធី​សាទរ​ខួប លើក​ទី​៧១ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា ដាក់​បញ្ជា​ដល់​មន្ត្រី​ទទួលបន្ទុក​ជនអន្តោប្រវេសន៍​ឲ្យ​ធ្វើការ​ប្រមូល ទិន្នន័យ​ជនអន្តោប្រវេសន៍​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​នូវ​ការលើកឡើង​ខុសៗ​គ្នា​អំពី​តួលេខ និង​ងាយស្រួល​គ្រប់គ្រង​ជនបរទេស​។​

​សម្តេច​បាន​ជំរុញ​មន្ត្រី​មាន​សមត្ថកិច្ច កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ឲ្យ​បញ្ចប់​ការងារ​ជំរឿន​ជនអន្តោប្រវេសន៍​ក្នុង​ឆ្នាំ​២០១៦ រួច ក្រសួង​នឹងបង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ពិភាក្សា​ពី​បញ្ហាអន្តោប្រវេសន៍ ដើម្បី​សុំ​គោលការណ៍​ផ្លូវច្បាប់ ពី​រដ្ឋាភិបាល​។ ក្រៅពីនេះ សម្តេច​បាន​ជំរុញ​មន្ត្រី ឲ្យ​រឹតបន្តឹង​ការត្រួតពិនិត្យ​ជនអន្តោប្រវេសន៍ ក្នុងប្រទេស និង​ច្រករបៀង​តូចៗ តាម​ព្រំដែន ផងដែរ​។​
 
​គួ​រម្លឹក​ផងដែរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក សុខ ផល ធ្លាប់បាន​បង្ហាញ​របាយ​ការណ៍​ជនអន្តោប្រវេសន៍​ខុសច្បាប់​ក្នុង​ពិធី​ផ្សព្វផ្សាយ របាយការណ៍​អន្តោប្រវេសន៍​នៅ​កម្ពុជា កាលពី​ខែកក្កដា ឆ្នាំ​២០១៥ ថា ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​បាន​កើនឡើង​ពី ៧​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០០២ មកដល់​១៦​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៤​នេះ ក្រៅ​ជនបរទេស​សញ្ជាតិ​ដទៃ​។ វា​ជា​ចំនួន​កើនឡើង​ដែល​ធ្វើ​ឲ្យ​លោក​អគ្គនាយក​កត់សម្គាល់​យ៉ាងខ្លាំង​។​

​ទោះបីជាយ៉ាងណាក្តី បើតាម​ការអះអាង​រប​ស់មេ​ប៉ូលីស​អន្តោប្រវេសន៍ ចំនួន ១៦​ម៉ឺន​នាក់​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​នេះ ក៏​មិនទាន់​ជា​ចំនួន​សរុប​ចុងក្រោយ​នោះដែរ​៕


Tag:
 ក្រសួងមហាផ្ទៃ​
  សុខ ផល​
  អន្តោប្រវេសន៍​
© រក្សាសិទ្ធិដោយ thmeythmey.com