អន្តរជាតិ
ជប៉ុន ទទូច​ចិន​កុំ​ធ្វើ​ឲ្យ​ជម្លោះ​សមុទ្រ​ចិន​ខាងកើត​កាន់តែ​រាលដាល​
08, Aug 2016 , 4:34 pm        
រូបភាព
​ទំនាក់ទំនង​រវាង​ជប៉ុន និង​ចិន បាន​ធ្លាក់ចូល​ក្នុងស្ថានភាព​កាន់តែ​តានតឹង បន្ទាប់ពី​កប៉ាល់​រដ្ឋាភិបាល​ចិន​ជាច្រើន​គ្រឿង ធ្វើដំណើរ​ចូលទៅ​កាន់​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងកើត ដែល​ជប៉ុន​អះអាងថា ជា​របស់ខ្លួន​។ ជាមួយនឹង​ការតវ៉ា​ខ្លាំងៗ ក្រុង​តូ​ក្យូ​ថែមទាំង​ប្រកាស​ឆ្លើយតប​នឹង​សកម្មភាព​ខុសច្បាប់​នេះ និង​ទទូច​ឲ្យ​រដ្ឋាភិបាល​ចិន មិនត្រូវ​ធ្វើ​ឲ្យ​ជម្លោះ​ដែនទឹក​នេះ​កាន់តែ​គ្រោះថ្នាក់​នោះឡើយ​។​



​មន្ត្រីជាន់ខ្ពស់​ជប៉ុន នៅ​ថ្ងៃទី​៨ ខែសីហា និយាយថា ខ្លួន​នឹង​តបត​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​កប៉ាល់​ចិន ដែល​ចូល​ដែនទឹក​របស់ខ្លួន​ក្បែរ​តំបន់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងកើត ជាច្រើនលើក​នៅ​ចុង​សប្ដាហ៍​កន្លងទៅ​។ ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga និយាយទៀតថា ទន្ទឹមនឹង​ឆ្លើយតប​នឹង​សកម្មភាព​ខុសច្បាប់​បែប​ប​នេះ ក្រុង​តួ​ក្យូ ក៏​ទទូច​ទៅ​ក្រុង​ប៉េកាំង មិន​ធ្វើ​ឲ្យ​ជម្លោះ​នៅ​តំបន់​នេះ​រាលដាល​ធំ​ឡើង​ឡើយ​។

​ថ្លែង​ក្នុង​សន្និសីទកាសែត លោក Yoshihide Suga បញ្ជាក់ថា កប៉ាល់​រដ្ឋាភិបាល​ចិន​ចំនួន​១៤​គ្រឿង បាន​ចូលក្នុង​តំបន់​ជាប់​ឆ្នេរសមុទ្រ ដែល​ជប៉ុន​ចាត់ទុកជា​ដែនទឹក​របស់ខ្លួន ហើយ​សកម្មភាព​បំពាន​នេះ​អាច​ត្រូវបាន​ចាត់វិធានការ​ក្រោម​ច្បាប់​គយ​និង​អន្តោប្រវេសន៍​របស់​ជប៉ុន​។ លោក​បន្តថា មកទល់​ព្រឹក​ថ្ងៃទី​៨ គេ​សង្កេតឃើញ​កប៉ាល់​ចំនួន​១២ បន្ត​នៅ​ទីនោះ​នៅឡើយ ហើយ​កង​ឆ្មាំ​ការពារ​ឆ្នេរ និង​អង្គភាព​ដទៃទៀត នឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ​។​

​សកម្មភាព​កប៉ាល់​ចិន នៅក្បែរ​កោះ Senkaku (Diaoyu ជា​ភាសា​ចិន​) ដែលមាន ជម្លោះ នៅ​សមុទ្រ​ចិន​ខាងកើត បាន​ដុត​កម្ដៅ​ទំនាក់ទំនង​រវាង​ជប៉ុន និង​ចិន តាំងពី​ថ្ងៃទី​៥ ខែសីហា​មក​។ បើតាម​សារព័ត៌មាន The Japanese Times រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បាន​ប្រតិកម្ម​ខ្លាំងៗ​នៅ​សកម្មភាព​នេះ ហើយ​គ្រាន់តែ​ថ្ងៃទី​៧ ខែសីហា​មួយថ្ងៃ ជប៉ុន បានធ្វើ​ការតវ៉ា​ដល់​ទៅ​បី​ដង​ទៅហើយ​។​

​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងកើត បាន​ឡើងក​ម្ដៅ​ជាថ្មី បន្ទាប់ពី​តុលាការអន្តរជាតិ​ក្រុងឡាអេ ចេញ​សេចក្ដីសម្រេច​ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្ដឹង​ដោយ​ហ្វីលីពីន​។ ក្រុង​ប៉េកាំង បាន​បដិសេធ​ទទួលយក​ការសម្រេច​នេះ ប៉ុន្តែ​ក្រុង​តូ​ក្យូ ស្នើ​ឲ្យ​ក្រុង​ប៉េកាំង​ទទួលយក​ការសម្រេច​នេះ ដោយ​អះអាងថា មាន​លក្ខណៈ​ចងភ្ជាប់​ផ្លូវច្បាប់​។ យ៉ាងណាក្ដី ចិន​ប្រាប់​ជប៉ុន​វិញ​ថា ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​រឿងនេះ​។

​សូម​រម្លឹកថា ចិន និង​ជប៉ុន ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ និង​ទី​បី តែងតែ​មានគំនិត​ផ្ទុយគ្នា ដ្បិត​មហា​យក្ស​ទាំងពីរ​នេះ នៅតែ​មើលមុខ​គ្នា​មិនត្រូវ​ដោយសារ​ជម្លោះ​ដែនដី​នៅ​សមុទ្រ​ចិន​ខាងកើត​។ មួយវិញទៀត បញ្ហា​ប្រវត្តិសាស្ត្រ​នៅ​សម័យ​សង្គ្រាមលោកលើកទី​ពីរ ក៏​ជា​របាំង​ក្នុង​ទំនាក់ទំនង​ចិន និង​ជប៉ុន​ដែរ​៕    


Tag:
 ចិន​
 ​ ជប៉ុន​
  ​សមុទ្រ​ចិន​ខាងកើត​
© រក្សាសិទ្ធិដោយ thmeythmey.com