អន្តរជាតិ
អាស៊ាន​-​រុស្ស៊ី​៖ ទំនាក់ទំនង​ល្អ តែ​ខ្វះ​ភាពច្បាស់លាស់​
08, Aug 2016 , 10:39 pm        
រូបភាព
​អាស៊ាន​មាន​អាយុ ៤៩​    ​ឆ្នាំ​ហើយ​បើ​គិត​ត្រឹម​ខែសីហា​ឆ្នាំ ២០១៦​នេះ​។ ថ្វីបើ​អង្គការ​តំបន់​នេះ​រីកលូតលាស់​មិនសូវ​រហ័ស វា​មាន​ភាពរឹងមាំ​និង​អាច​ដើរតួនាទី​ស្នូល​ក្នុងការ​ប្រមែរ​ប្រមូល និង​សម្របសម្រួល​ដល់​ប្រទេស​មហាអំណាច​ជា​ដៃគូ​ក្នុងការ​សហការគ្នា​និង​ដោះស្រាយ​បញ្ហា​តំបន់​និង​ពិភពលោក ។

អាច​ថា អាស៊ាន​ជា​តំបន់​ដែលមាន​សន្តិភាព វិបុលភាព និង​រឹងមាំ​ជាងគេ​ចុះ បន្ទាប់ពី​សហភាព​អឺរ៉ុប​។ ទាំង​អាមេរិក​ក្តី រុស្ស៊ី​ក្តី និង​ចិន​ក្តី សុទ្ធតែ​សំឡឹង​ឃើញ​ពី​សក្តានុពល​របស់​អង្គការ​តំបន់​អាស៊ាន​នេះ ហើយ​រុស្ស៊ី​ដែល​ធ្លាប់តែ​បោះបង់​អាស៊ាន​ចោល​អស់​ពេល​យូរហើយ​ដែរនោះ​ក៏​កំពុង​ស្ទុះស្ទា​ត្រលប់មក​ចែចូវ​អាស៊ាន​វិញ​ដែរ​។ មើល​មួយ​ភ្នែក ទំនាក់ទំនង​នេះ​ហាក់ដូចជា​រឹងមាំ និង​កាន់តែ​ស៊ីជម្រៅ ជាពិសេស​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ  តែ​ជារួម​វា​ហាក់​ខ្វះ​ភាពច្បាស់លាស់​និង​ការប្តេជ្ញាចិត្ត​ពី​សំណាក់​រុស្ស៊ី​នៅឡើយ​។​


សូមស្ដាប់ព័ត៌មានលម្អិត៖




​អាស៊ាន​និង​រុស្ស៊ី​បាន​បង្កើត​ទំនាក់​ទំនងជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៩១ ដោយ​រុស្ស៊ី​នៅ​ជា​ដៃគូ​ធម្មតា​របស់​អាស៊ាន​ប៉ុណ្ណោះ​។ ក្រោយមក នៅក្នុង​ឆ្នាំ ១៩៩៦ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ២៩ ដែល​ប្រារព្ធ​ឡើង​ក្នុង​ទីក្រុង​ហ្សា​ការ​តា រុស្ស៊ី​និង​អាស៊ាន​បានសម្រេច​ដំឡើង​កម្រិត​ទំនាក់ទំនង​របស់ខ្លួន​ទៅជា​ដៃគូ​ពិភាក្សា​ពេញលេញ​ជាមួយគ្នា​តែម្តង​។​

​ចាប់តាំងពី​ពេលនោះ​មក​ទំនាក់ទំនង​នៃ​ភាគី​ទាំងពីរ​បន្ត​រីកលូតលាស់​យ៉ាង​រហ័ស ហើយ​រុស្ស៊ី​បាន​បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជា​បន្តបន្ទាប់​ក្រោម​ក្របខណ្ឌ​ដៃគូ​ពិភាក្សា​នេះ​តែម្តង​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ក្រោយ​បង្កើត​ចំណងមិត្តភាព​ជាមួយ​អាស៊ាន រុស្ស៊ី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អាស៊ាន​ច្រើនដង​ដែរ​។ ហើយ​ទំនាក់ទំនង​ទ្វេភាគី​នេះ​ផ្តោត​សំខាន់​លើ​វិស័យ​នយោបាយ​និង​សន្តិសុខ​តែម្តង ខណៈដែល​ទំនាក់ទំនង​សេដ្ឋកិច្ច​ហាក់បី​ជា​នៅ​ទន់ខ្សោយ​នៅឡើយ​។ 

​បើ​និយាយ​ដល់​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​និង​នយោបាយ​នោះ រុស្ស៊ី​កន្លងមក​បាន​ចូលរួម​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​ច្រើន​កម្រិត​ក្នុងនាម​ជា​ដៃគូ​ពិភាក្សា​របស់​អាស៊ាន​។ កិច្ចប្រជុំ​ទាំងនោះ​មានដូចជា វេទិកា​តំបន់​អាស៊ាន​, កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​បូក​, កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា , សន្និសីទ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​ដៃគូ​សន្ទនា​, កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​រុស្ស៊ី​, គណកម្មាធិការ​សហប្រតិបត្តិ​ការរួម អាស៊ាន​-​រុស្ស៊ី​, គណកម្មាធិការ​រៀបចំ​ផែនការ​និង​គ្រប់គ្រង​រួម​អាស៊ាន​និង​រុស្ស៊ី និង​មូល​នី​ធិ​ហិរញ្ញវត្ថុ​ភាពជា​ដៃគូ​សន្ទនា​អាស៊ាន​-​រុស្ស៊ី​ជាដើម​។

​ក្នុង​ឆ្នាំ ២០០៤ សហព័ន្ធរុស្ស៊ី​នេះ​បានសម្រេច​ចិត្ត​ចូលរួម​ក្នុង​សន្ធិសញ្ញា​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​តែម្តង ដើម្បី​ពង្រឹង​ចំណង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​នេះ​បន្ថែមទៀត​។ ក្នុង​ឆ្នាំ ២០០៥ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី​លើកទីមួយ​ត្រូវបាន​គេ​រៀបចំឡើង​ដោយ​កាលនោះ​កិច្ចប្រជុំ​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ាឡេស៊ី​។​

​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ដំបូង​បំផុត​នេះ​បិទ​បញ្ចប់ទៅ​ដោយមាន​ការចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​ដោយ​ភាគី​ទាំងអស់​បាន​ឯកភាពគ្នា​ធ្វើយ៉ាងណា​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច​ឲ្យ​បាន​ខ្លាំងក្លា​ផងដែរ​។ ក្នុងពេល​ជាមួយគ្នា​នោះ​អាស៊ាន​និង​រុស្ស៊ី​ក៏​សម្រេចបាន​នូវ​កម្មវិធី​សកម្មភាព​គ្រប់​ជ្រុងជ្រោយ​មួយ​ដើម្បី​សម្រួល​ដល់​ការអនុវត្ត​សេចក្តីថ្លែងការណ៍​រួមគ្នា​នេះ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​។​

​យ៉ាងណាមិញ ថ្វីបើ​មាន​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ជារួម​ក្តី រុស្ស៊ី​ហាក់​មិនសូវ​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ន​យោ​បាយ​និង​សន្តិសុខ​ជាមួយ​ប្រទេស​អាស៊ាន​ឡើយ​។ រុស្ស៊ី​ហាក់បីដូចជា​ប្រឹងប្រែង​និង​ខ្វល់ខ្វាយ​ខ្លាំង​លើ​ការពង្រឹង​និង​ពង្រីក​ឥទ្ធិពល​ខ្លួន​នៅ​អឺរ៉ុប​ខាងកើត​និង​អាស៊ី​កណ្តាល​ប៉ុណ្ណោះ ហើយ​ទំនាក់ទំនង​ស្អិតល្មួត​ដែល​រុស្ស៊ី​ធ្លាប់មាន​ជាមួយ​រដ្ឋ​ឥណ្ឌូចិន​ក្តី ជាមួយ​រដ្ឋ​អាស៊ាន​ដទៃទៀត​ក្តី​ហាក់បីដូចជា​រសាយ​បន្តិច​ដែរ​។

​រហូតដល់​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ក្រោយពេល​រុស្ស៊ី​ក្លាយជា​សមាជិក​នៃ​កិច្ចប្រជុំ​អាស៊ី​បូព៌ា ទើប​រដ្ឋបាល​ក្រេ​ម​ឡាំង​បង្ហាញ​ចេតនា​ត្រឡប់មក​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ប្រដំប្រសង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ដែរ​។ យ៉ាងណាមិញ រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ខ្វះ​ភាពច្បាស់លាស់ និង​ការប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​ជាមួយ​អាស៊ាន​នៅឡើយ​។

 ត្រលប់មក ចេតនា​របស់​រុស្ស៊ី​នេះ​ស្តែងឡើង​តាមរយៈ​ការរៀបចំ​កិច្ចប្រជុំ​គម្រប់​ខួប​លើក​ទី ២០ នៃ​ការបង្កើត​ទំនាក់ទំនង​រុស្ស៊ី និង​អាស៊ាន ដោយ​រុស្ស៊ី​អញ្ជើញ​រាល់​មេដឹកនាំ​អាស៊ាន​ទាំង​១០ ទៅ​ប្រជុំ​នៅ​ក្រុង Sochi នា​ខែឧសភា​កន្លងមក​នោះ​។

១.​ឆ្ពោះទៅរក​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​និង​រុស្ស៊ី​ដើម្បី​ផលប្រយោជន៍​រួមគ្នា​
«​ការ​ឆ្ពោះទៅរក​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដើម្បី​ផលប្រយោជន៍​រួមគ្នា​» ជា​ពាក្យស្លោក​សម្រាប់​កិច្ចប្រជុំ​កំពូល​រុស្ស៊ី​-​អាស៊ាន​ដែល​រៀបចំឡើង​នៅ​ទីក្រុង Sochi ដើម្បី​រំលឹក​ខួប​លើក​ទី ២០​នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​អាស៊ាន​និង​រុស្ស៊ី​។ កិច្ចប្រជុំ​កំពូល​រួមគ្នា​ដែល​រៀបចំឡើង​នៅលើ​ទឹកដី​រុស្ស៊ី​លើកដំបូង​នេះ ត្រូវ​រៀបចំឡើង​ត្រឹម​ជាង​៣​ខែ​ប៉ុណ្ណោះ​ក្រោយ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង ១០ ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាមេរិក​អាស៊ាន​នៅ Rancho Mirage នៃ​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា​។ កិច្ចប្រជុំ​ទាំងពីរ​នេះ​សុទ្ធតែ​បង្ហាញ​ឲ្យ​ឃើញ​ការ​ឲ្យ​តម្លៃ​មកលើ​អាស៊ាន​ពី​សំណាក់​បណ្តា​ប្រទេស​មហាអំណាច ហើយ​វា​ក៏​នឹង​កាន់តែ​ជួយ​ឲ្យ​អាស៊ាន​កាន់តែ​រឹងមាំ​និង​កាន់​តែមាន​តួនាទី​សំខាន់​ក្នុង​តំបន់​ផងដែរ​។ ហើយ​គេ​ក៏​វាយតម្លៃថា ក្នុង​ខួប​លើក​ទី ២០ នៃ​ការបង្កើត​ភាពជា​ដៃគូ​សន្ទនា​នេះ រុស្ស៊ី​និង​អាស៊ាន​ប្រហែលជា​ដំឡើង​កម្រិត​ទំនាក់ទំនង​ដែលមាន​នោះ​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ ដូចដែល​អាស៊ាន​បានធ្វើ​ជាមួយ​អាមេរិក​ក្នុង​កិច្ចប្រជុំ​អាមេរិក​អាស៊ាន​ឆ្នាំមុន​នៅ​ម៉ាឡេស៊ី​។

២.​រដ្ឋ​អាស៊ាន​មាន​សុទិដ្ឋិនិយម​ខ្លាំង​ចំពោះ​កិច្ចប្រជុំ​អាស៊ាន​-​រុស្ស៊ី​
​តាមពិតទៅ បណ្តា​មេដឹកនាំ​អាស៊ាន​យល់ថា កិច្ចប្រជុំ​អាស៊ាន​និង​រុស្ស៊ី​នៅ Sochi កន្លង​មកជា​កិច្ចប្រជុំ ប្រវត្តិសាស្ត្រ​ហើយ​វា​ក្លាយជា​វេទិកា​សំខាន់បំផុត​មួយ​សម្រាប់​ការបន្ត​រឹតបន្តឹង​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន​និង​រុស្ស៊ី​ឲ្យ​កាន់តែ​រឹងមាំ​ទ្វេដង​លើ​គ្រប់​វិស័យ​។​

​ជារួម កិច្ចប្រជុំ​កំពូល​កន្លងមក បាន​ជួយ​ជំរុញ​ការកសាង​ទំនុកចិត្ត រវាង​អាស៊ាន​និង​រុស្ស៊ី ក៏ដូចជា​បើកផ្លូវ​សម្រាប់​កសាង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ផងដែរ​។ ក្រៅពី​ជួយ​កសាង​ទំនាក់ទំនង​រុស្ស៊ី​និង​អាស៊ាន  កិច្ចប្រជុំ​នេះ​ក៏បាន​ជួយ​កសាង​ភាពជា​ដៃគូ​រវាង​អាស៊ាន និង​អង្គការ​តំបន់​ដែល​ដឹកនាំ​ដោយ​រុស្ស៊ី​មាន​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី និង​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​ផងដែរ​។ វា​ក៏​ជា​ជួយ​ប៉ះប៉ូវ​ចំណុច​ខ្វះខាត​ក្នុង​ការកសាង​ទំនុកចិត្ត​និង​ការជឿជាក់​លើ​គ្នា​រវាង​អាស៊ាន​និង​រុស្ស៊ី​ដូចគ្នា​។​

៣. រុស្ស៊ី​និង​អាស៊ាន​ត្រៀម​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​
​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ធ្លាប់​ថ្លែងថា លោក​មាន​សុទិដ្ឋិនិយម​ថា កិច្ចប្រជុំ​អាស៊ាន​រុស្ស៊ី ជួយ​ដល់​ការពង្រឹង​សហប្រតិបត្តិការ​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​រួមគ្នា​ជាពិសេស​ប្រឆាំង​ភេរវកម្ម  ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ចលនា​ជ្រុលនិយម​ជាដើម​។​

​នៅក្រៅ​កិច្ចប្រជុំ​ក្នុង​ខែឧសភា លោក​បាន​ពន្យល់ថា រុស្ស៊ី​និង​រដ្ឋ​អាស៊ីអាគ្នេយ៍​សុទ្ធតែ​ប្រឈមមុខ​ជាមួយ​បញ្ហា​សន្តិសុខ​ជាពិសេស​ចលនា​ភេរវកម្ម​ដូចគ្នា ហើយ​វា​ជា​ពេលវេលា​សមស្រប​មួយ​សម្រាប់​ភាគី​ជជែក​ពិភាក្សា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​នេះ ក្រោម​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​និង​កិច្ចប្រជុំ​កំពូល​កន្លងមក​ដែរ​។​

​ទាក់ទិន​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​នេះដែរ  រុស្ស៊ី​អះអាងថា ខ្លួន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ពង្រីក​ចំណង​យោធា​ជាមួយ​អាស៊ាន​។ ជារួម​រុស្ស៊ី​រំពឹងថា ភាពរឹងមាំ​នៃ​ទំនាក់ទំនង​ការពារជាតិ​ក្រោម​ក្របខណ្ឌ​នៃ​អាស៊ាន​-​រុស្ស៊ី​នឹង​រក្សា​ប្រយោជន៍​រួម​របស់​ដៃគូ​ពាក់ព័ន្ធ និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​ផង​។​

​យ៉ាងណាមិញ ជុំវិញ​ការ​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ រុស្ស៊ី​បាន​សំឡឹង​ឃើញ​ឱកាស​ក្នុងការ​ក្លាយជា​អ្នកផ្គត់ផ្គង់​សព្វាវុធ​ទំនើប​របស់ខ្លួន​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផង​។ វៀតណាម​ក្លាយជា​អតិថិជន​ធំ​របស់​រុស្ស៊ី​រួចទៅហើយ ហើយ ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​មី​យ៉ាន់​ម៉ា នោះ​ក៏​សុទ្ធ​តែមាន​ផែនការ​នាំចូល​អាវុធ​ពី​រុស្ស៊ី​ផងដែរ​នាពេល​កន្លងមក​នេះ ។​

៤. ពង្រឹង​ភាពជា​ដៃគូ​សេដ្ឋកិច្ច ជំរុញ​កិច្ចសហប្រតិបត្តិការ​ន​យោ​បាយ​ពេលអនាគត​
​និយាយ​ទៅ មិន​ត្រឹមតែ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ប៉ុណ្ណោះ​ទេ​ដែល​រីកលូតលាស់ រុស្ស៊ី​និង​រដ្ឋ​អាស៊ាន​ក៏​បន្ត​លើកស្ទួយ​ចំណងមិត្តភាព​នៃ​ភាគី​ទាំងពីរ លើ​វិស័យ​សំខាន់ៗ​មួយចំនួនទៀត​ដែរ​ក្នុងនោះ​មាន​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា​និង​ថាមពល​ជាដើម​។​

 កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​រវាង​អាស៊ាន​និង​រុស្ស៊ី​កន្លងមក ក៏បាន​ក្លាយជា​ច្រកទ្វារ​មួយ​សំខាន់​ក្នុងការ​បង្កើតឡើង​នូវ​ភាពជា​ដៃគូ​រវាង​អាស៊ាន​ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​រុស្ស៊ី និង​ភាពជា​ដៃគូ​រវាង​អាស៊ាន​ជាមួយ​អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ​ផងដែរ​។  ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ វៀតណាម​បាន​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​មុនគេ ហើយ​បណ្តា​រដ្ឋ​អាស៊ាន​ផ្សេងទៀត​ដូចជា​កម្ពុជា ថៃ សិង្ហ​បុរី ជាដើម​នោះ​ក៏​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ចូលរួម​ជាមួយ​ប្លុក​សេដ្ឋកិច្ច​នេះដែរ​។

​មួយវិញទៀត  កិច្ចប្រជុំ​កំពូល​នេះ​ក៏ ផ្តល់ឱកាស​ឲ្យ​គូភាគី​ពាក់ព័ន្ធ​ដាក់ចេញ​យន្តការ​ថ្មីៗ​ទៀត​ដើម្បី​ព​ន្លឿ​ន​ការកសាង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដោយ​ផ្អែកលើ​ការពង្រឹង​ទំនាក់ទំនង​សង្គម វប្បធម៌  និង​ការផ្សាភ្ជាប់​តាម​វិស័យ​។  រុស្ស៊ី និង​អាស៊ាន​បាន​បង្កើត​វេទិកា​សន្ទនា​រួមមួយ​ដែល​ផ្តោតលើ​វិស័យ​ថាមពល​កកើត​ឡើងវិញ និង​បង្កើត​យន្តការ​នានា​ដែល​សំដៅ​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ និង​កសិកម្ម​ផង​។ ក្រៅពីនេះ ភាគី​ក៏​កំពុង​ប្រឹងប្រែង​ជំរុញ​លំហូរ​ចូល​នៃ​អ្នកវិនិយោគ​រុស្ស៊ី​មក​តំបន់​អាស៊ាន និង​ពី​អាស៊ាន​ទៅ​រុស្ស៊ី​ឲ្យ​កាន់តែច្រើន និង​រៀបចំ​ការអនុវត្ត​គោលនយោបាយ​ភាពជា​ដៃគូ​សាធារណ​និង​ឯកជន រួមជាមួយ​ការលើកកម្ពស់​ការចែក​រម្លែក​ឬ​ផ្ទេរ​បច្ចេកវិទ្យា​ទំនើបៗ​រវាង​រុស្ស៊ី​ជាមួយ​រដ្ឋ​អាស៊ាន និង ដើម្បី​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ជាដើម​ថែម​ទៀតផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com