អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ភាពជា​ដៃគូ​អាស៊ាន​-​អាមេរិក ជា​ទំនាក់ទំនង​រឹងមាំ​មិន​ធ្លាប់មាន​ពីមុន​
09, Aug 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​អាស៊ាន​មាន​អាយុ ៤៩ ឆ្នាំ​ហើយ​បើ​គិត​ត្រឹម​ខែសីហា​ឆ្នាំ ២០១៦​នេះ​។ ថ្វីបើ​អង្គការ​តំបន់​នេះ​រីកលូតលាស់​មិនសូវ​រហ័ស វា​មាន​ភាពរឹងមាំ​និង​អាច​ដើរតួនាទី​ស្នូល​ក្នុងការ​ប្រមែរ​ប្រមូល និង​សម្របសម្រួល​ដល់​ប្រទេស​មហាអំណាច​ជា​ដៃគូ​ក្នុង​ការសហការ​និង​ដោះស្រាយ​បញ្ហា​។ អាច​ថា អាស៊ាន​ជា​តំបន់​ដែលមាន​សន្តិភាព វិបុលភាព និង​រឹងមាំ​ជាងគេ​ចុះ បន្ទាប់ពី​សហភាព​អឺរ៉ុប​។​សហរដ្ឋអាមេរិក​ក្លាយជា​ប្រទេស​មហាអំណាច​មួយ​ដែល​ប្រឹងប្រែង​ខ្លាំង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​អាស៊ាន និង​យក​តំបន់​នេះ​ជា​ខែល​ដើម្បី​រក្សា​តុល្យភាព​អំណាច​ខ្លួន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ គិត​ត្រឹម​ថ្ងៃនេះ​ដែលជា​ខួប​លើក​ទី​៤៩ នៃ​ការបង្កើត​អាស៊ាន នោះ ភាពជា​ដៃគូ​អាស៊ាន និង​អាមេរិក​មាន​ភាពរឹងមាំ​ជាង​ពេលណាៗ​ទាំងអស់​។ សារព័ត៌មាន​ថ្មីៗ​សូម​លើកយក​នូវ​ទំនាក់​ជារួម​រវាង​អាស៊ាន​ជាមួយ​សហរដ្ឋអាមេរិក និង​ការវិវត្ត​មក​ជូន​មិត្ត​អ្នកអាន ៖


 
១.​ព័ត៌មាន​ទូទៅ​ស្តីពី​ទំនាក់ទំនង​អាស៊ាន​-​អាមេរិក​
​អាស៊ាន​និង​សហរដ្ឋអាមេរិក​បា​នប​ង្កើ​ត​ទំនាក់ទំនង​រួមគ្នា​តាំងពី​ឆ្នាំ ១៩៧៧ មកម្ល៉េះ ដោយ​សហរដ្ឋអាមេរិក​ស្ថិតនៅ​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​។ ចាប់តាំងពី​ពេលនោះ​មក​អាមេរិក​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន ដោយ​បង្កើតឡើង​កិច្ចប្រជុំ​និង​ពិភាក្សា​ច្រើន​កម្រិត​ដើម្បី​ផ្លាស់ប្តូរ​មតិយោបល់​ជុំវិញ​បញ្ហានយោបាយ​និង​សន្តិសុខ​ជាដើម​។ រហូតដល់​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ ភាគី​ទាំងពីរ​បានផ្តល់​អាទិភាព​លើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ថាមពល ដឹកជញ្ជូន ធនធានមនុស្ស សន្តិសុខ​ស្បៀង ក៏ដូចជា​ជំរុញ​ការផ្ទេរ​បច្ចេកវិទ្យា​ជាដើម​ផង​។​
 
​ក្នុង​ឆ្នាំ ២០០៥ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​និង​អាស៊ាន​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ទីក្រុង ញូវយ៉ក ដោយ​ភាគី​ទាំងពីរ​ឯកភាពគ្នា​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដែលជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ព​ង្រឹ​ក​ភាពជា​ដៃគូ​រួមគ្នា​។ គេ​ឃើញ​មាន​ឯកសារ​សំខាន់​ចំនួន​ពីរ​ត្រូវបាន​អាមេរិក​និង​អាស៊ាន​អនុម័ត​រួមគ្នា ក្នុងនោះ​មាន​ផែនការ​សកម្មភាព​សម្រាប់​លើកកម្ពស់​ភាពជា​ដៃគូ​អាស៊ាន​អាមេរិក​ឆ្នាំ ២០០៦  និង​ការកែសម្រួល​ឡើងវិញ​នូវ​ចំណុច​អាទិភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្រោម​ភាពជា​ដៃគូ​អាស៊ាន​និង​អាមេរិក​ឆ្នាំ ២០០៩​នោះ​។ ពីរ​ឆ្នាំ​ក្រោយមក សេចក្តីថ្លែងការណ៍​រួម​មួយទៀត​ស្តីពី​« ការពង្រីក​ភាពជា​ដៃគូ​អាមេរិក​-​អាស៊ាន​ដើម្បី​រក្សា​សន្តិភាព​និង​វិបុលភាព​» ត្រូវបាន​ភាគី​ទាំងពីរ​អនុម័ត​ឡើង​។​
 
​ជា​លទ្ធផល នៅក្នុង​កិច្ចប្រជុំ​មេដឹកនាំ​អាមេរិក  និង​អាស៊ាន​នៅ​ទីក្រុង Bali ប្រទេស​ឥណ្ឌូនេស៊ី  ផែនការ​សកម្មភាព​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៥ សម្តៅ​ជំនួយ​ដល់​ការអនុវត្ត​សេចក្តីថ្លែងការណ៍​ខាងលើ​ក៏​ត្រូវបាន​បង្កើតឡើង​ផងដែរ​។ ផែនការ​សកម្មភាព​នេះ​មានកំណត់​ច្បាស់​ពី​វិធាន​ការសំខាន់​និង​ចំណុច​អាទិភាព​មួយចំនួន​ដែល​អាច​ពង្រឹង​ភាពជា​ដៃគូ​អា​ស៊ា​និង​អាមេរិក​បាន​ក្នុង​សរសរ​ស្តម្ភ​ទាំង​៤ មាន​ទាំង​នយោបាយ​សន្តិសុខ​,​សេដ្ឋកិច្ច​, សង្គម វប្បធម៌ និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ផងដែរ​។ 
 
២.​ដៃគូ​យុទ្ធសាស្ត្រ លើកស្ទួយ​ទំនាក់ទំនង​អាស៊ាន​-​អាមេរិក​
​ជា​ប្រវត្តិ​ក្នុង​ថ្ងៃ ២១ ខែវិច្ឆិកា​ឆ្នាំ ២០១៥  អាស៊ាន និង​សហរដ្ឋអាមេរិក បាន​ឯកភាពគ្នា​ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​ដើម្បី​បង្កើត​ដំឡើង​កម្រិត​ទំនាក់ទំនង​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ នាឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​អាមេរិក​លើក​ទី ៣ ដែល​រៀបចំឡើង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។  ដែល​នេះ​បានន័យថា ទំនាក់ទំនង​អាស៊ាន អាមេរិក​ឈាន​មកដល់​កម្រិត​ថ្មី ដែល​រឹងមាំ  និង​កាន់តែ​ស៊ីជម្រៅ​ជាង​ពេលណាៗ​ទាំងអស់​។ ក្នុង​រយៈពេល ៧​ឆ្នាំ​ចុងក្រោយ អាមេរិក​បាន​ប្រឹងប្រែង​ពង្រឹង​ភាពជា​ដៃ​គួ​ជាមួយ​អាស៊ាន ហើយ​រហូតដល់ ២០១០ ក្រោម​រដ្ឋបាល​លោក អូ​បា​ម៉ា ទើប​អាមេរិក​ក្លាយជា​ដៃគូ​ពិភាក្សា​ជា​ផ្លូវការ​របស់​អាស៊ាន​។ បន្ទាប់មក​អាមេរិក​បានតែងតាំង​ឯកអគ្គរដ្ឋទូត​មកកាន់​លេខាធិការដ្ឋាន​អាស៊ាន​នៅ​ទីក្រុង​ហ្សា​ការ​តា​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​រួមគ្នា​ឲ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ​។​
 
​ខណៈដែល​អាស៊ាន​ចាប់ផ្តើម​ដំណើរការ​សហគមន៍​សេដ្ឋកិច្ច​ជា​ផ្លូវការ​នោះ ភាព​ដៃគូ​យុទ្ធសាស្ត្រ​ថ្មី​អាស៊ាន​និង​អាមេរិក​នេះ​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ភាគី​ពង្រឹង​ចំណងមិត្តភាព​ឲ្យ​ស្អិត​ល្អួត​ខ្លាំង​នៅពេល​ខាងមុខ​ផង​។​
 
​និយាយ​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច​អាស៊ាន និង​អាមេរិក​ពឹង​លើ​គ្នា​ទៅវិញទៅមក​។ អាមេរិក​ជាទី​ផ្សារ​ធំ​សម្រាប់​ផលិតផល​អាស៊ាន ហើយ​អាស៊ាន​វិញ​ក៏​ជាទី​ផ្សារ​ធំ​សម្រាប់​ផលិត​អាមេរិក​ដែរ​។  ដោយសារ សហគមន៍​អាស៊ាន​មាន​ប្រជាជន​ប្រហែល ៦៦០ លាន​នាក់​ភាគច្រើន​ក្មេងៗ  ស្រប​ពេលដែល​ទំហំ​សេដ្ឋកិច្ច​អាស៊ាន​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី ៧ របស់​ពិភពលោក ផលិតផល​អាមេរិក​ក្លាយជា​ផលិតផល​ដ៏​ពេញនិយម​នៅក្នុង​តំបន់​អាស៊ាន​ដែរ​។   ហើយ​បើ​យោងតាម​របាយការណ៍​ក្រសួងការបរទេស​អាមេរិក ទីផ្សារ​អាស៊ាន​នេះ​បាន​ជួយ​គាំទ្រ​ដល់​ការងារ​ប្រជាជន​អាមេរិក​កន្លះ​លាន​ឯណោះ​។ សម្រាប់​អាស៊ាន អាមេរិក​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​មួយ ហើយ​អាស៊ាន​ទីផ្សារ​ធំ​ទី​៤​សម្រាប់​ផលិតផល​អាមេរិក ហើយ​អាមេរិក​វិញ​ជាទី​ផ្សារ​ធំ​លេខ​រៀង​ទី​៣​សម្រាប់​អាស៊ាន​។ 
 
​ក្រៅពី​សេដ្ឋកិច្ច  អាស៊ាន​ក៏​ជា​តួអង្គ​សំខាន់​ដែល​អាមេរិក​អាច​សហការ​បាន​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​តំបន់​ជាច្រើន​។ អាស៊ាន​មាន​តួនាទី​ស្នូល ហើយ​ក្រុង​វ៉ាស៊ីនតោន​មិនអាច​ដោះស្រាយ​បញ្ហា​នេះ​បានឡើយ​បើ​គ្មាន​ការសហការ​ជាមួយ​អាស៊ាន​ទេ​។ បញ្ហា​សន្តិសុខ​ទាំងនោះ​រួមមាន​ទាំង​ភេរវកម្ម ហិង្សា​ជ្រុលនិយម ប្រែប្រួល​អាកាសធាតុ បញ្ហា​បំពុលបរិស្ថាន ថាមពល សន្តិសុខ​អ៊ិន​ធឺ​ណែ​ត ជួញដូរ​មនុស្ស ជួញដូរ​សត្វ​ផ្សៃ ឈើ នេសាទ​ខុសច្បាប់ ការជួញដូរ​អាវុធ​និង​ការ​សាយ​ភាព​នៃ​អាវុធ​មហា​ប្រល័យ និង​ចុងក្រោយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ថែមទៀត​។​
 
៣.​កិច្ចប្រជុំ​ពិសេស Sunnylands រំលេច​ថា អាមេរិក​មិន​ងាករេ​ពី​អាស៊ាន​
 
​ក្រៅពី​ដំឡើង​ទំនាក់ទំនង​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន​ដែល​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ទីក្រុង Rancho Mirage កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​កន្លងមកនេះ បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​គោលនយោបាយ​ឥត​ងាករេ​របស់​អាមេរិក​ចំពោះ​តំបន់​អាស៊ាន​។ 
 
​កិច្ចប្រជុំ​កំពូល​លើកដំបូង​បង្អស់ ដោយ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​ហើយ​មាន​វត្តមាន​មេដឹកនាំ​ទាំង ១០​របស់​អាមេរិក​នោះ​រឿង​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ចំណងមិត្តភាព​ទ្វេភាគី​នេះ​។  ថ្វីបើ កិច្ចប្រជុំ​កន្លងមក និយាយ​ទៅ​មាន​លក្ខណៈ​មិន​ផ្លូវការ ហើយ​វា​ក៏​មិនសូវ​ជាពិសេស​ដូច​ឈ្មោះ​ក្តី វា​ជា​ឱកាស​ចុងក្រោយ​ដែល​លោក អូ​បា​ម៉ា ប្រើប្រាស់​ជា​សារ​ផ្ញើ​ទៅកាន់​ប្រជាជន​និង​អ្នកនយោបាយ​អាមេរិក​ឯទៀត​ថា  អាមេរិក​មិនអាច​ងាក​ចេញពី​អាស៊ាន​ឡើយ​។ បើ​និយាយ​ពី​សារសំខាន់​ផ្នែក​សេដ្ឋកិច្ច អាស៊ាន ជាទី​ផ្សារ​ធំ​សម្រាប់​ផលិត​អាមេរិក ព្រោះ​សហគមន៍​អាស៊ាន​មាន​ប្រជាជន​ប្រហែល ៦៦០ លាន​នាក់  ខណៈ​ទំហំ​សេដ្ឋកិច្ច​អាស៊ាន​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី ៧ លើ​ពិភពលោក​។  នេះ​មិន​រាប់ទាំង​ប្រយោជន៍ សន្តិសុខ និង​នយោបាយ​ឡើយ​។ ក្នុង​ក្រសែរ​ភ្នែក​ក្រុង​វ៉ាស៊ីនតោន តំបន់​អាស៊ាន​តំបន់​យុទ្ធសាស្ត្រ​និង​រឹងមាំ​ដែល​អាច​រក្សាបាន​សន្តិសុខ និង​ស្ថិរភាព​បានយូរ​អង្វែង ដែល​វា​ខុសប្លែក​ពី​តំបន់​ផ្សេងទៀត​ដួច​ជា​អាហ្វ្រិក និង​មជ្ឈិមបូព៌ា​ដែល​កំពុង​ហែកហួរ​គ្នា និង​ធ្លាក់ចុះ​ចូលក្នុង​ភ្លក់​ភ្លើងសង្គ្រាម​ផង​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com