អន្តរជាតិ
សីតុណ្ហភាព​ចុះ​ត្រជាក់​នៃ​បាតុភូត​ធាតុអាកាស La Nina នឹងមិន​បង្ក​ផលប៉ះពាល់​ដល់​ការប្រែប្រួល​អាកាសធាតុ​ទេ​
10, Aug 2016 , 7:39 am        
រូបភាព
ដោយ: VOA
​ហ្សឺ​ណែវ​៖ អង្គការ​ឧតុនិយម​ពិភពលោក និយាយថា ហេតុការណ៍​បាតុភូត La Nina នឹង​អាច​កើតមានឡើង​នៅ​ចុងឆ្នាំ​នេះ ប៉ុន្តែ​បាតុភូត​ធាតុអាកាស​ដែល​នាំមក​ជាមួយ​នូវ​សីតុណ្ហភាព​ត្រជាក់​នេះ នឹង​មិនមាន​ផលប៉ះពាល់​យូរអង្វែង​ដល់​ការប្រែប្រួល​អាកាសធាតុ​ឡើយ​។​



​បាតុភូត El Nino និង La Nina បង្ក​ផលប៉ះពាល់​ថ្នាក់​តំបន់​នៅ​ជុំវិញ​ពិភពលោក ទៅលើ​របប​ទឹកភ្លៀង និង​សីតុណ្ហភាព​តាម​រដូវ​កាល​។ បាតុភូត El Nino បង្ក​ឲ្យ​មានការ​កើនឡើង​កម្តៅ​នៃ​សីតុណ្ហភាព​ដែល​គ្របដណ្តប់​នៅ​តំបន់​ត្រូពិច​ខាងកើត និង​តំបន់​កណ្តាល​សមុទ្រ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​បាតុភូត​នេះ​ត្រូវបាន​គេ​សម្គាល់​ឃើញ​តាមរយៈ​បាតុភូត​សីតុណ្ហភាព​ឡើងក​ម្តៅ​។​

​ជាក់ស្តែង បាតុភូត El Nino ដ៏​ខ្លាំង​ក្នុង​ឆ្នាំ​២០១៥-២០១៦ ដែល​បានបញ្ចប់​នៅ​ខែឧសភា បាន​បំបែក​កំណត់ត្រា​សីតុណ្ហភាព​សម្រាប់​រយៈ​៦​ខែ​ដើមឆ្នាំ និង​ធ្វើ​ឲ្យ​ឆ្នាំ​២០១៦ ត្រូវបាន​ចាត់ទុកជា​ឆ្នាំ​ដែល​ក្តៅ​ជាងគេ​បំផុត​ក្នុង​កំណត់ត្រា​។​

​បាតុភូត​La Nina បង្ក​ផលប៉ះពាល់​ផ្ទុយ​ពីនេះ​វិញ​។ អង្គការ​ឧតុនិយម​ពិភពលោក​និយាយថា បា​តុ​ភុ​ត La Nina នឹង​បង្ក​ឲ្យ​មាន​សីតុណ្ហភាព​ចុះ​ត្រជាក់​លាតសន្ធឹង​លើ​ផ្ទៃ​ដ៏​ធំ​នៅក្នុង​មហាសមុទ្រ នៅ​តំបន់​ភាគ​កណ្តាល និង​ខាងកើត​នៃ​ខ្សែ​អេក្វាទ័រ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ភិ​ច ដែល​បាតុភូត​នេះ​ទំនង​នឹង​បង្ក​ឲ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​បន្តិចបន្តួច​នៅ​ទីនោះ​។​

​លោក Maxx Dilley ប្រធាន​សាខា​នាយកដ្ឋាន​ព្យាករណ៍​អាកាសធាតុ និង​ការ​សម្រប​ខ្លួន នៃ​អង្គការ​ឧតុនិយម​ពិភពលោក​ប្រាប់ VOA ថា ឆ្នាំក្រោយ​អាច​នឹងមិន​ក្តៅ​រហូតដល់​ចូល​ជា​កំណត់ត្រា​ទេ ប្រសិនបើ​បាតុភូត La Nina ពិតជា​កើត​មាននៅ​ចុងឆ្នាំ​នេះ​មែន​។​

​លោក​និយាយថា​៖ «​ខ្ញុំ​និយាយ​បែបនេះ មិនមែន​មានន័យថា មិនមាន​ការកើនឡើង​កម្តៅ​ជា​សាកល​នោះទេ វា​អាច​នឹង​កើតមាន ប៉ុន្តែ​អាច​មិន​ក្តៅ​បំផុត​រហូត​ជាប់​កំណត់ត្រា​នោះទេ​។ ទាំងអស់នេះ​គ្រាន់តែ​ជាការ​ប្រែប្រួល​តិចតួច​ដល់​សីតុណ្ហភាព​សាកល ដែល​អាច​កើតមាន​ដោយសារ​ភាយ​ទៅ​ភាយ​មករ​វាង​បាតុភូត El Nino និង​បាតុភូត La Nina​។ ដូច្នេះ ប្រសិនបើ​បាតុភូត La Nina កើតមាន​មែន​នោះ​យើង​អាច​នឹង​ឃើញថា សីតុណ្ហភាព​ចុះ​ទាប​បន្តិច​ធៀប​នឹង​សីតុណ្ហភាព​ដែល​យើង​បាន​នឹង​កំពុង​ជួបតែ​ប៉ុណ្ណោះ ដែល​ទាំងអស់នេះ​ត្រូវបាន​កំណត់ត្រា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ទូទាំង​សាកលលោក​»​។​

​អង្គការ​ឧតុនិយម​ពិភពលោក​និយាយថា ពិភពលោក​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ដំណាក់កាល​មាន​លំនឹង​មួយ ប៉ុន្តែ​លទ្ធភាព​ដែល​អាចមាន​បាតុភូត La Nina គឺ​ចន្លោះ​ពី​៥០​ទៅ​៦៥​ភាគរយ ហើយ​វា​អាច​នឹង​កើត​មាននៅ​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០១៦ និង​បន្ត​រហូតដល់​ចប់​ឆ្នាំ​តែម្តង​។​

​អ្នក​ឧតុនិយម​និយាយថា បាតុភូត La Nina ដែល​នឹង​នាំមក​នូវ​របប​ទឹកភ្លៀង​លើសពី​កម្រិត​មធ្យម ទំនង​នឹង​ជួយ​សម្រាល​ភាពរាំងស្ងួត​នៅ​តំបន់​នានា តួយ៉ាង​អាស៊ី​ខាងត្បូង ភាគ​ខាងកើត​នៃ​ប្រទេស​អូស្ត្រាលី អាហ្វ្រិក​ភាគខាងត្បូង និង​ភាគ​ខាងកើត​ផងដែរ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com