អន្តរជាតិ
លោកស្រី ស៊ូ​ជី សម្រេចចិត្ត​ទស្សនកិច្ច​ទៅ​ចិន មុន​អាមេរិក​
09, Aug 2016 , 8:19 pm        
រូបភាព
​ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ប្រកាសថា ទីប្រឹក្សា​រដ្ឋ លោកស្រី អ៊ុង​សាន ស៊ូ​ជី នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ចិន នា​សប្ដាហ៍​ក្រោយ តាម​ការអញ្ជើញ​របស់​ថ្នាក់ដឹកនាំ​ចិន​។ គេ​មិនទាន់​ដឹង​ច្បាស់​ពី​ប្រធានបទ​នៃ​ដំណើ​ទស្សនកិច្ច​នេះឡើយ ប៉ុន្តែ​ទស្សនកិច្ច ហាក់​ចំពេល​ដែល​ទាំង​ចិន ទាំង​អាមេរិក កំពុង​ប្រជែង​គ្នា​ខ្លាំង​ដើម្បី​ដណ្ដើម​ឥទ្ធិពល​នៅក្នុង​តំបន់​។​



​អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី លោក Zaw Htay និយាយថា លោកស្រី អ៊ុង​សាន ស៊ូ​ជី នឹង​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​ទៅកាន់​ប្រទេស​ចិន ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៧ ខែសីហា​។ យ៉ាងណាក្ដី អ្នកនាំពាក្យ​រូបនេះ មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​អ្វី​ឡើយ ដោយ​អះអាងថា ព័ត៌មាន​បន្ថែម​នឹងត្រូវ​ប្រកាស​ពេល​ក្រោយ​ទៀត​។​

​យោងតាម​សារព័ត៌មាន The Irrawaddy អនុរដ្ឋមន្ត្រី​សន្តិសុខ​ចិន លោក Geng Huichang ជា​អ្នក​អញ្ជើញ​លោកស្រី ស៊ូ​ជី ក្នុងជំនួប​ក្នុង​រដ្ឋធានី​ណៃ​ពិដោ កាលពី​ថ្ងៃទី​៨ ខែកក្កដា​។ ទស្សនកិច្ច​បួន​ថ្ងៃ​នៅ​ចិន នឹង​ក្លាយជា​ដំណើ​ទៅកាន់​បរទេស​លើក​ទី​បី​របស់​លោកស្រី ស៊ូ​ជី ដែល​កាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ដែរនោះ​។ លោកស្រី បាន​ទៅ​ទស្សនកិច្ច​នៅ​ឡាវ​ក្នុង​ខែឧសភា និង​ទស្សនកិច្ច​នៅ​ថៃ​ក្នុង​មិថុនា​។ 

​មួយវិញទៀត ទស្សនកិច្ច​លើក​នេះ ក៏​ជា​ដំណើ​លើក​ទី​ពីរ​ទៅកាន់​ចិន ចាប់តាំងពី​ទស្សនកិច្ច​ទៅ​ក្រុង​ប៉េកាំង​កាលពី​ខែមិថុនា ឆ្នាំ​២០១៥​។ កាលនោះ ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ ទៅកាន់​ចិន​តាម​ការអញ្ជើញ​របស់​បក្ស​កុម្មុយនីស្ត​ចិន ក្នុងនាម​ជា​ប្រធាន​គណបក្ស​សម្ព័ន្ធភាព​ដើម្បី​ប្រជាធិបតេយ្យ ដែល​នៅ​ជា​បក្សប្រឆាំង​នៅឡើយ​។ លោកស្រី បាន​ជួប​ជាមួយ​ប្រធានាធិបតី លោក ស៊ី ជិន​ពីង និង​លោកនាយក​រដ្ឋមន្ត្រី លី ខឺ​ឈាំ​ង​។

​ទន្ទឹមនឹង​ការទទួល​ការអញ្ជើញ​ពី​សំណាក់​មហា​យក្ស​ចិន មេដឹកនាំ de facto របស់​មី​យ៉ាន់​ម៉ា​រូបនេះ ក៏បាន​ទទួល​ការអញ្ជើញ​ពី​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ជិត​ចប់​អាណត្តិ​ទៅហើយនោះ​។ ប្រភពព័ត៌មាន​ខាងលើ​បន្តថា ដំណើ​ទស្សនកិច្ច​របស់លោក​ស្រី ស៊ូ​ជី ទៅកាន់​អាមេរិក អាច​នឹងធ្វើ​ឡើ​ព្រម​គ្នា​នឹង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ ក្នុង​ខែកញ្ញា​ខាងមុខនេះ​។​

​ការសម្រេចចិត្ត​ទស្សនកិច្ច​ទៅ​ចិន មុន​ទៅ​អាមេរិក ត្រូវ​មើលឃើញថា ជាការ​សម្រេចចិត្ត​លំបាក​មួយ​សម្រាប់​មេដឹកនាំ​មី​យ៉ាន់​ម៉ា ស្របពេល​ការ​ប្រជែង​ឥទ្ធិពល​រវាង​មហា​យក្ស​ទាំងពីរ កាន់តែ​លេច​ច្បាស់​ទៅហើយនោះ​។ រដ្ឋបាល​របស់លោក​ស្រី ស៊ូ​ជី ក៏ត្រូវ​រក្សា​តុល្យភាព​រវាង​មហាអំណាច​ទាំងពីរ​ដែរ​។ ចិន ជា​ដៃគូ​ពាណិជ្ជកម្ម​យ៉ាងសំខាន់រ​បស់​មី​យ៉ាន់​ម៉ា និង​ជា​ប្រភព​នៃ​ការវិនិយោគ​ដោយផ្ទាល់​ធំជាងគេ​ផងដែរ​។ ប៉ុន្តែ លោកស្រី ស៊ូ​ជី ដែលមាន​ងារ​ជា​អ្នក​គោរព​ប្រជាធិបតេយ្យ ក៏មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោកខាងលិច​ដែរ​៕ 


Tag:
 អ៊ុង​សាន ស៊ូ​ជី​
 ​ ចិន​
  ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com