អន្តរជាតិ
អាមេរិក ទទូច​ឲ្យ​របប​យោធា​ថៃ​គោរព​សិទ្ធិសេរីភាព​ជន​ស៊ីវិល​ឡើងវិញ​
09, Aug 2016 , 8:59 pm        
រូបភាព
​ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃទី​៨ ខែសីហា បាន​ទទូច​ដល់​រដ្ឋាភិបាលយោធា​ថៃ ឲ្យ​គោរព​សិទ្ធិសេរីភាព​ស៊ីវិល​ឡើងវិញ បន្ទាប់ពី​របប​ថៃ​បាន​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ប្រជាជន​ថៃ មិន​ឲ្យ​មានការ​រិះគន់​លើ​ការគ្រប់គ្រង​របស់ខ្លួន​។ ក្រៅពីនោះ អាមេរិក ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ​ព​ន្លឿ​ន​ដំណើការ​ឈានទៅរក​ប្រជាធិបតេយ្យ​ពិតប្រាកដ​ទៀតផង ក្រោយពី​ធ្វើ​ប្រជាមតិ​លើ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​រួចរាល់​មក​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​នៅក្នុង​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ លោកស្រី Elizabeth Trudeau នាយក​ការិយាល័យ​ព័ត៌មាន​នៃ​ក្រសួងការបរទេស​អាមេរិក បាន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​ថៃ ដែល​កំពុង​គ្រប់គ្រង​ដោយ​យោធា​។ លោកស្រី Trudeau បាន​អំពាវនាវ​ឲ្យ​របប​យោធា​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា ត្រូវ​បន្ធូរបន្ថយ​ការហាមឃាត់​លើ​សិទ្ធិសេរីភាព​ស៊ីវិល​របស់​ប្រជាជន​។

​នាយក​ការិយាល័យ​ព័ត៌មាន​រូបនេះ​និយាយថា ជា​ផ្នែក​មួយ​នៃ​ផ្លូវ​ទៅកាន់​ប្រជាធិបតេយ្យ​ពេញលេញ រដ្ឋាភិបាល​ថៃ គួរតែ​លើកលែង​ការ​រឹតត្បិត​ការ​ទាំងឡាយ​លើ​សេរីភាព​ស៊ីវិល​របស់​ប្រជាជន​ថៃ ដែល​រួមទាំង​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ប្រមូលផ្ដុំ​ជាដើម​នោះ​។ លោកស្រី Trudeau បន្តថា ការលុបចោល​ការហាម​ឃាត់​នេះ ធ្វើ​ឲ្យ​ប្រជាជន​ថៃ​អាច​ចូលរួម​ក្នុងការ​សន្ទនា​ពី​អនាគត​ប្រទេសជាតិ ដោយ​ចំហ និង​គ្មាន​កា​រប​ន្ទុ​ច​បង្អាក់​។​

​ទន្ទឹមនឹង​អំពាវ​នា​ឲ្យ​របប​យោធា​ថៃ គោរព​សិទ្ធិ​ពលរដ្ឋ​ឡើងវិញ លោកស្រី Trudeau ក៏​ស្នើ​ទៅ​រដ្ឋាភិបាល​ថៃ ឈាន​ទៅមុខ​បន្តទៀត​ដើម្បី​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ តាមរយៈ​ផ្ទេរអំណាច​ទៅ​រដ្ឋាភិបាល​ស៊ីវិល និង​ជ្រើសតាំង​តាមរយៈ​ការបោះឆ្នោត ឲ្យ​លឿន​តាមតែ​អាចធ្វើ​បាន​។ ហើយ​អាមេរិក ក៏​បង្ហាញ​ការព្រួយបារម្ភ​របស់ខ្លួន​ទាក់ទិន​និង​ដំណើការ​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ដែល​ទើបតែ​ត្រូវបាន​យល់ព្រម​ពី​អ្នកបោះឆ្នោត​ថៃ ក្នុង​ប្រជាមតិ​ថ្ងៃទី​៧ ខែសីហា​។ 

​លោកស្រី Trudeau បញ្ជាក់ថា ភាគី​មួយចំនួន ត្រូវបាន​ផាត់​ចេញពី​ដំណើការ​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ហើយ​ការពិភាក្សា​ណាមួយ​ជុំវិញ​បញ្ហា​នេះ ក៏​មិនត្រូវ​បានអនុញ្ញាត​ដោយ​របប​យោធា​នោះដែរ​។ សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ ដែល​ទទួលបាន​ការគាំទ្រ​ពី​អ្នកបោះឆ្នោត​ភាគច្រើន មានចែង​ពី​ការជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដោយ​មិនចាំបាច់​មកពី​ការបោះឆ្នោត ដែល​នេះ​ជា​ព្រួយបារម្ភ​របស់​អាមេរិក​។​

​សូម​រម្លឹកថា លទ្ធផល​បឋម​នៃ​ប្រជាមតិ​ថ្ងៃទី​៧ ខែសីហា បង្ហាញថា សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​សរសេរ​ដោយ​របប​យោធា​ថៃ នឹង​ក្លាយជា​រដ្ឋធម្មនុញ្ញ​ថ្មី​ទី​២០​របស់​ថៃ ស្រប​ពេលដែល​អ្នកនយោបាយ​ធំៗ​ក្នុងស្រុក សំដែង​ការ​ប្រឆាំងនឹង​សេចក្ដីព្រាង​នេះ​ក្ដី ដោយ​លើកឡើងថា មិនមាន​លក្ខណៈ​ប្រជាធិបតេយ្យ និង​បម្រើ​ផលប្រយោជន៍​យោធា ដោយសារ​មាន​ប្រការ​ខ្លះ​ចែង​បើកផ្លូវ​ឲ្យ​របប​យោធា អន្តរាគមន៍​ចូល​នយោបាយ​បាន​ដដែល​៕     


© រក្សាសិទ្ធិដោយ thmeythmey.com