អន្តរជាតិ
ប្រធានាធិបតី Erdogan ជួប​លោក ពូ​ទីន ដើម្បី​ចាប់ផ្តើម​ទំព័រ​ថ្មី​នៃ​ទំនាក់ទំនង​រុស្ស៊ី​-​តួ​ក​គី
09, Aug 2016 , 10:39 pm        
រូបភាព
​ប្រធានាធិបតី​តួ​ក​គី លោក Tayyip Erdogan បាន​អះអាងថា​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ជំនួប​រវាង​លោក​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី នា​ថ្ងៃ​អង្គារ​ទី ៩ ខែសីហា​នេះ នឹង​ផ្តល់​ផ្លែផ្កា​ច្រើន ហើយ​ទំនាក់ទំនង​ការទូត​ប្រេះស្រាំ​កន្លងមក​នឹងត្រូវ​ផ្លាស់ប្តូរ​។ ហើយ​រដ្ឋាភិបាល​លោក​ចង់​ចាប់ផ្តើម​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​គ្រប់យ៉ាង​ឡើងវិញ ដោយ​គ្មាន​កម្រិត និង​ប្រកបដោយ​ភាព​ស្អាតស្អំ​ផង​នោះ​។​



​វត្តមាន​ប្រធានាធិបតី​តួ​ក​គី Tayyip Erdogan នៅ​រុស្ស៊ី បង្ហាញ​ពី​ការ​ត្រលប់​ទៅរក​ភាពស្និទ្ធស្នាល​នៃ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ជាមួយ​ក្រុង​ម៉ូស្គូ ហើយ​វា​ក៏​ជា​សារសំខាន់​មួយ​សម្រាប់​លោកខាងលិច​ដែរ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ប្រមុខរដ្ឋ​តួ​ក​គី​ខាងលើ​បាន​សង្កត់ធ្ងន់ថា  លោក​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី ស្តារ​និង​ប៉ះប៉ូវ​ទំនាក់ទំនង​ដែល​ប្រេះស្រាំ និង​ចាប់ផ្តើម​ឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​រុស្ស៊ី​។​

​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី TASS  មុននឹង​អញ្ជើញ​ទៅ​ជួប​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ St.Petersburg ប្រធានាធិបតី​តួ​ក​គី អះអាងថា ជំនួប​រវាង​លោក​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​នឹង​បញ្ចប់​ភាព​តានតឹង​និង​ភាពល្អក់​ករក​ដែលមាន​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ទ្វេភាគី ក្រោយ​ការបាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​នោះ​។
​លោក​បន្តថា​៖«​ខ្ញុំ​ជឿជាក់ថា យើង​នឹង​មានឱកាស​ក្នុងការ​ពិភាក្សា​លើ​បញ្ហា​ជាច្រើន ហើយ​ទំព័រ​ថ្មី​នៃ​ទំនាក់ទំនង​រុស្ស៊ី​-​តួ​ក​គី​នឹង​បើក​ឡើងវិញ​។ ការផ្លាស់ប្តូរ​ទំនាក់ទំនង​នេះ​នឹង​រួមបញ្ចូល​ទាំង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ក្នុង​ផ្នែក​យោធា សេដ្ឋកិច្ច និង​វប្បធម៌​ផងដែរ​»​។​

​ទំនាក់ទំនង​រុស្ស៊ី​ជាមួយ​តួ​ក​គី​ដុនដាប​ខ្លាំង ក្រោយ​ពេលដែល​តួ​ក​គីស​ម្រេច​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ដែល​ហោះ​ហើយ​នៅជាប់​ព្រំដែន​ស៊ី​រី​។ ហើយ មក​ត្រឹម​សប្តាហ៍​នេះ​វា​មាន​រយៈពេល ៨​ខែ​ហើយ ក្រោយ​ការបាញ់​ទម្លាក់​យន្តហោះ​នេះ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោក Tayyip Erdogan បាន​រៀបរាប់​ផងដែរ ពី​បញ្ហាលំបាក​នានា​ដែល​តួ​ក​គី​ជួប​ប្រឈម ក្រោយ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ធ្លាក់ចុះ​ដុនដាប ក្នុង​បទសម្ភាសន៍​ខាងលើ​ដែរ​។​

​លោក​គូសបញ្ជាក់ថា ដោយសារ​ទំនាក់ទំនង​ប្រេះស្រាំ គម្រោង​ធំៗ​ជាច្រើន​រវាង​រុស្ស៊ី​និង​តួ​ក​គី​ត្រូវបាន​ព្យួរ ហើយ​តួ​ក​គី​បាត់បង់​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ច្រើន​ដែរ​។ នេះ​ក៏ដោយ​សារ ក្រុង​ម៉ូស្គូ​បានសម្រេច​ដាក់ទណ្ឌកម្ម​ប្រឆាំង​តួ​ក​គី ហើយ​ចំនួន​ទេសចរ​រុស្ស៊ី​ដែល​ធ្លាប់​ទៅ​កំសាន្ត​នៅ​តួ​ក​គី​នោះ​ក៏​ស្រាប់តែ​ថយចុះ​យ៉ាងគំហុក​រហូតដល់​ជិត​៩០​ភាគរយ​ក្នុង​ឆ្នាំ ២០១៦​នេះ​។​

​តាមពិតទៅ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស​ដំបូង​បំផុត​របស់​ប្រធានាធិបតី​តួ​ក​គី ចាប់តាំងពី​មាន​រដ្ឋប្រហារ​បរាជ័យ​កើតឡើង​កាលពី​ពាក់កណ្តាល​ខែកក្កដា​នោះ​។  តួ​ក​គី​រំពឹងថា ការស្តា​ទំនាក់ទំនង​ឲ្យ​ល្អ​ឡើងវិញ​រវាង​តួ​ក​គី​និង​រុស្ស៊ី​នេះ​នឹង​ផ្តល់​ប្រយោជន៍​ច្រើន ហើយ​ណាមួយ​វា​ក៏​ជា​សារ​មួយ​ព្រមាន​ដល់​លោកខាងលិច​ជាពិសេស​អាមេរិក​ផងដែរ​។ តួ​ក​គី​កន្លងមក​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក ថា​ជា​អ្នក​ដែល​ពាក់ព័ន្ធ​ចលនា​រដ្ឋប្រហារ​នេះ​។ ហើយ​រដ្ឋាភិបាល​តួ​ក​គី​បានស្នើ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ធ្វើ​បត្យាប័ន​បញ្ជូន​លោក Fethullah Gulen ដែល​ត្រូវគេ​ចោទថា​ជា​អ្នក​នៅ​ពីក្រោយ​ចលនា​រដ្ឋប្រហារ​នោះមក​ប្រទេស​តួ​ក​គី​វិញ​ដើម្បី​កាត់ទោស​ផងដែរ​៕


Tag:
 វ្ល៉ា​ឌី​មៀ ពូ​ទីន​
  Tayyip Erdogan
  Fethullah Gulen
© រក្សាសិទ្ធិដោយ thmeythmey.com