អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ថា ចិន​សាងសង់​ឃ្លាំង​ផ្ទុក​យន្តហោះ​ចម្បាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​
10, Aug 2016 , 8:33 am        
រូបភាព
ដោយ: ថ្មីៗ
មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​និង​សិក្សា​អន្តរជាតិ អាមេរិក​បាន​បញ្ចេញ​រូបភាព​ផ្កាយរណប​ថ្មី​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សំណង់​ឃ្លាំង​យន្តហោះ​ដែល​សង់​ឡើង​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ គេ​វាយតម្លៃថា សំណង់​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​យោ​ធូប​នីយកម្ម​តំបន់​ជម្លោះ ហើយ​បើមាន​ការពង្រាយយន្តហោះ​ចម្បាំងមែន​វានឹង​ធ្វើ​ឲ្យ​ការតានតឹងកើនឡើងនិងធ្វើ​ឲ្យបញ្ហាកាន់តែស្មុគ​ស្មាញ​។ 

​រូបភាព​ផ្កាយរណប​ថ្មី​បង្ហាញថា ចិន​បន្ត​សាងសង់​សំណង់​សម្រាប់​បម្រើ​ប្រយោជន៍​យោធា​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ បើ​យោងតាម​ទំហំ​និង​រូបរាង​នៃ​សំណង់​ថ្មី​នេះ វា​នេះ​ត្រូវបាន​គេ​អះអាងថា​ជាឃ្លាំង​ផ្ទុក​យន្តហោះ​ចម្បាំង ហើយ​វា​សម្រួល​ដល់​ការប្រើប្រាស់​យន្តហោះ​ចម្បាំង​ក្នុងពេល​មាន​កាលៈទេសៈ​ចាំបាច់​។​
 
​យោងតាម​សារព័ត៌មាន New York Times រូបភាព​ថ្មី​នេះ​ត្រូវ​ប្រមូល​និង​ត្រួតពិនិត្យ​ក៏ដូចជា​វិភាគ​វាយតម្លៃ​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​អាមេរិក វិទ្យាស្ថាន​យុទ្ធសាស្ត្រ​និង​សិក្សា​អន្តរជាតិ​។ ស្ថាប័ន​ខាងលើ​អះអាងថា អ្វីដែល​ចិន​បាន​សាងសង់​នោះ​ជាឃ្លាំង​ផ្ទុក​យន្តហោះ ហើយ​វា​ត្រូវបាន​សាងសង់​ឡើងលើ​ទីតាំង​ជម្លោះ​ចំនួន​បី ក្នុងនោះ​មាន Fiery Cross, Subi និង Mischief Reefs​។​
 
​យ៉ាងណាក៏ដោយ រូបភាព​ដៃ​ល​ថត​ដោយ​ផ្កាយរណប​នេះ​មិនមាន​បង្ហាញ​រូបយន្ត​ហោះ​នៅ​ទីកន្លែង​ខាងលើ​ឡើយ​។ បើតាម​របាយការណ៍​វិភាគ​នៃ​ស្ថាប័ន​ខាងលើ សំណង់​ឃ្លាំង​សម្រាប់​ដាក់​យន្តហោះដែល​ត្រូវបាន​សង់​ឡើង​នេះ​វាមាន​ទំហំ​ធំ ហើយអាច​ដាក់​យន្តហោះ​ចម្បាំង​គ្រប់​ប្រភេទ​របស់​កងទ័ព​រំដោះប្រជាជន​ចិន​។​
 
​របាយការណ៍​ដដែល​បាន​បន្តថា ប្រភេទ​ឃ្លាំង​ធំ​ដែល​សង់​លើ​តំបន់​ជម្លោះ​នេះ​អាច​ផ្ទុក​យន្តហោះ​យុទ្ធសាស្ត្រ​សម្រាប់​ទម្លាក់​គ្រាប់បែក H-6 , យន្តហោះ​សម្រាប់​ចាក់​សាំង H-6U, យន្តហោះ​ដឹកជញ្ជូន Y-8 និង​យន្តហោះ​ដឹកជញ្ជូន​ប្រព័ន្ធ​ប្រកាសអាសន្ន​និង​គ្រប់គ្រង KJ 200  ថែម​ទៀតផង​។​
 
​យ៉ាងណាមិញ រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ រូបភាព​ផ្កាយរណប​បង្ហាញ​ពី​ឃ្លាំង​ផ្ទុក​យន្តហោះ​ចិន កើតឡើង​ប្រហែល​មួយខែ​បុ​ណ្ណោះ​ក្រោយពេល​តុលាការ​មជ្ឈការ​អន្តរជាតិ​ចេញ​សេចក្តីសម្រេច​ទាត់ចោល​ការទាមទារ​រ​បស់​ចិន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ផ្អែក​តាម​លក្ខខណ្ឌ​ប្រវត្តិសាស្ត្រ និង​រួមទាំង​កោះ​សិប្បនិម្មិត​ដែល​ចិន​កសាង​ប៉ុន្មាន​ឆ្នាំ​មកនេះ​ផង​។ ប៉ុន្តែ​ចិន​ទាត់ចោល​សេចក្តីសម្រេច​នេះ​។ 
 
​តាមពិតទៅ ការសាងសង់​កន្លែង​ផ្ទុក​យន្តហោះ​នៅក្នុង​តំបន់​ជម្លោះ ស្ថិតក្រោម​យុទ្ធសាស្ត្រ​នៃ​ការរៀបចំ​យោ​ធូប​នីយកម្ម​តំបន់​ជម្លោះ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។  ប្រសិន បើ​អាចមាន​ការពង្រាយ​យន្តហោះ​ចម្បាំង​ទៅកាន់​ទីតាំង​ខាងលើ​នៅពេល​ខាងមុខ​នោះ វា​នឹង​កាន់តែ​ធ្វើ​ឲ្យ​ភាព​តានតឹង​កើនឡើង ហើយ​អាមេរិក​យល់ថា វា​ជាការ​គំរាមកំហែង​ចំពោះ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​របស់ខ្លួន​ក្នុង​តំបន់​ផងដែរ​។​​
 
​កន្លងមក​មហា​យក្ស​ចិន​ថា ខ្លួន​សាងសង់​កោះ​សិប្បនិម្មិត​និង​សំណង់​នានា​រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ​នោះ​គឺ​ដើម្បី​បម្រើ​ប្រយោជន៍​ស៊ីវិល​ប៉ុណ្ណោះ មិនមែនជា​សកម្មភាព​យោ​ធូប​នីយកម្ម​អ្វី​ឡើយ​។ ហើយ​វា​នឹងត្រូវ​ប្រើប្រាស់​ក្នុង​គោលដៅ​មនុស្សធម៌ ហើយ​ចិន​ស្វាគមន៍​ប្រទេស​ជា​មិត្ត​ឲ្យ​ចូល​ប្រើប្រាស់​សំណង់​របស់ខ្លួន​ថែមទៀត​៕
 
 

Tag:
 ចិន
 សមុទ្រចិនខាងត្បូង
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com