អន្តរជាតិ
មី​យ៉ាន់​ម៉ា​៖ ភ្ញៀវទេសចរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ពុទ្ធសាសនា​ត្រូវ​បណ្តេញចេញ​ភ្លាមៗ​
10, Aug 2016 , 9:18 am        
រូបភាព
ដោយ: ធីតា
​កាលពី​ខែកក្កដា កន្លងមក អាជ្ញាធរ​មី​យ៉ាន់​ម៉ា បាន​បណ្តេញ​ភ្ញៀវទេសចរ​អេ​ស្ប៉ា​ញ​២​នាក់​ប្តី​ប្រពន្ធ បន្ទាប់ពី​រកឃើញ បុរស​ដែលជា​ប្តី​សាក់​រូប​ព្រះពុទ្ធ​នៅលើ​កំភួនជើង​របស់ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់ Myanmar Times​។​



​អាជ្ញាធរ​ប៉ូលិស​តំបន់ Mandalay បានសម្រេច​បណ្តេញ​បុរស​អេ​ស្ប៉ា​ញ និង​ភរិយា​ចេញពី​មូលដ្ឋាន​របស់ខ្លួន​ភ្លាមៗ បន្ទាប់ពី​បាន​រកឃើញថា បុរស​រូបនោះ បានបង្ហាញ​សាក់​រូប​ព្រះពុទ្ធ​នៅលើ​កំភួនជើង​របស់ខ្លួន នៅពេល​ទស្សនា​វត្ត Kantotpalin Pagoda​។​

​ភ្ញៀវទេសចរ​អេ​ស្ប៉ា​ញ​ទាំងពីរ ត្រូវបាន​បញ្ជូន​ចេញ​ភ្លាមៗ​ទៅ​ទីក្រុង​យាំង​ហ្គោ​ន មុន​ពេលដែល​ស្ថានទូត​អេ​ស្ប៉ា​ញ សហការ​រៀបចំ​ឯកសា​រ​បណ្តេញ​ពួកគេ​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​១០ ខែកក្កដា កន្លងមក​។​

​បើតាម Myanmar Times នេះ​មិនមែនជា​លើកទីមួយ​នោះឡើយ ដែល​អាជ្ញាធរ​មី​យ៉ាន់​ម៉ា បណ្តេញ​ភ្ញៀវទេសចរ​ដែល​មើលងាយ​ព្រះពុទ្ធសាសនា​។ កាលពី​ឆ្នាំ​២០១៤ បុរស​កាណាដា និង​មិត្តស្រី​របស់ខ្លួន​ត្រូវបាន​ឃុំខ្លួន​បន្ទាប់ពី​ពួកគេ​បាន​បង្ហោះ​រូបថត​នៅលើ​បណ្តាញ​សង្គម​ដែលមាន​សាក់​រូប​ព្រះពុទ្ធ​នៅលើ​ជើង​។​

​កាលពី​ឆ្នាំ​២០១៥ ម្ចាស់​រង្គសាល​នូ​វេ​ល​សេ​ឡង់​ម្នាក់ ក៏​ត្រូវបាន​ចោទប្រកាន់​ផងដែរ បន្ទាប់ពី​រូបគេ​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បញ្ចុះ​ថ្លៃ​ស្រា ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ព្រះពុទ្ធ​ពាក់​កាស់​ត្រចៀក​។​

AFP បាន​ដកស្រង់​សម្តី​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ថា ប្រទេសមួយ​នេះ​រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​៧,៥​លាន​នាក់​ក្នុង​មួយឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៩​ខាងមុខ​។ ទីតាំង​ព្រះពុទ្ធសាសនា ជា​ទិសដៅ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ ប៉ុន្តែ​ពួកគេ​ប្រឈម​នឹង​ការពិន័យ ប្រសិនបើ​បង្កកំហុស​ណាមួយ ទាំង​ចេតនា និង​អ​ចេតនា​៕

Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com