អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម​ពង្រាយ​ជើង​ទម្រ​បាញ់​គ្រាប់​រ៉ុក្កែត​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​?
10, Aug 2016 , 12:36 pm        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រី​ទូត​លោកខាងលិច​អះអាងថា រដ្ឋាភិបាល​ក្រុង​ហាណូយ ​បាន​ពង្រាយ​ជើង​ទម្រ​សម្រាប់​បាញ់​គ្រាប់​រ៉ុក្កែត ​ទៅកាន់​កោះ​របស់ខ្លួន​ដែល​ស្ថិត​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រួចហើយ​។ បើ​មានការ​បំពាក់​កាំភ្លើង​ធំ​បាញ់​គ្រាប់​រ៉ុក្កែត​រួចរាល់​លើ​ជើង​ទម្រ​ចល័ត​នេះ វា​អាចមាន​សមត្ថភាព​បាញ់​កម្ទេច​ផ្លូវ​យន្តហោះ និង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ចិន​ ដែល​សង់​នៅលើ​ក្នុង​តំបន់​ជម្លោះ​បាន​។  ប៉ុន្តែ​ក្រសួងការបរទេស​វៀត​ណា​ម​ថា វា​ជា​ព័ត៌មាន​មិន​ច្បាស់ការ តែ​មិនបាន​បកស្រាយ​បន្ថែម​ឲ្យ​ច្បាស់លាស់​ឡើយ​។  



​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រី​ទូត​និង​យោធា​លោកខាងលិច​បាន​ទម្លាយ​ព័ត៌មាន​ថា រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជូន​ទម្រ​សម្រាប់​បាញ់​គ្រាប់​រ៉ុក្កែត​ ទៅកាន់​កោះ​ដែល​ស្ថិតក្នុងតំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រួចរាល់​ហើយ​។ មន្ត្រី​ដែល​មិនបាន​បង្ហាញ​អត្តសញ្ញាណ​ខាងលើ លើកឡើងថា ទម្រ​បាញ់​គ្រាប់​រ៉ុក្កែត​នេះ​ត្រូវបាន​គេ​ដឹក​ចេញពី​ទឹកដី​វៀតណាម ​ទៅ​ដំឡើង​នៅ​មូលដ្ឋានចំនួន ៥​ស្ថិតនៅលើ​កោះ​ស្ព្រា​ត់​លី​។​
 
​យោងតាម​ប្រភព​ដដែល ទម្រ​សម្រាប់បាញ់​គ្រាប់​រ៉ុក្កែត​នេះ​មិន​ត្រូវបាន​គេ​ថត ​ឬ​ផ្តិត​យក​ពីលើ​អាកាស​ដោយ​ភ្នាក់ងារ​ចារកម្ម​ឡើយ ហើយ​សម្ភារយោធា​ទាំងនេះ ​មិនទាន់​ត្រូវបាន​គេ​បំពាក់​កាំភ្លើង​ធំ​បាញ់​រ៉ុក្កែត​នៅឡើយ​ដែរ។ គេ​វាយតម្លៃថា ការបំពាក់​កាំភ្លើង​ធំ​បាញ់​គ្រាប់​រ៉ុក្កែត​លើ​ទម្រ​នេះ​ អាច​​ត្រូវគេ​ដាក់​ដំណើរការ​ក្នុង​រយៈពេល​ត្រឹមតែ​ពីរ ​ឬ​បី​ថ្ងៃ​ប៉ុណ្ណោះ​។​
 
​យ៉ាងណាមិញ ក្រសួងការបរទេស​វៀ​ត​ណា​ម ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ព័ត៌មាន​ខាងលើ​ជា​ព័ត៌មាន​មិន​ច្បាស់លាស់។ តែ​ក្រសួង​មិនបាន​ផ្តល់ព័ត៌មាន​បន្ថែ​ម ​ឬ​បកស្រាយ​អ្វី​ឡើយ​។ ថ្វីបើ​មានការ​អះអាងថា​ការពង្រាយ​សព្វាវុធ​ទៅ​កោះ​ជម្លោះ​នេះ ​ជា​រឿង​មិន​ច្បាស់ការ​ក្តី កាលពី​ខែមិថុនា​អនុរដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម​ លោក Nguyen Chi Vinh បាន​លើកឡើងថា វៀ​ណា​មមានសិ​ទ្ធិ​ក្នុងការ​ពង្រាយ​សព្វាវុធ​ ទៅកាន់​ទីកន្លែង​ណា​ដែល​ស្ថិតក្រោម​អធិបតេយ្យ​ខ្លួន​បាន​គ្រប់ពេលវេលា​។ តែ​លោក​បញ្ជាក់ថា ​មកទល់ពេលនេះ​វៀតណាម​មិនទាន់បាន​ពង្រាយ​សព្វាវុធ ​ដូច​ការលើកឡើង​នោះឡើយ​។ 
 
​ការទម្លាយ​ព័ត៌មាន​រឿង​ពង្រាយ​សព្វាវុធ​ទៅកាន់​តំបន់​ជម្លោះ​នេះ​ កើតឡើង​ស្រប​ពេលដែល​ស្ថាប័ន​ស្រាវជ្រាវ​អាមេរិក​បញ្ចេញ​រូបភាព​ថតដោយផ្កាយរណប​ដែល​បង្ហាញថា ចិន​សង់​ឃ្លាំង​ផ្ទុក​យន្តហោះ​ចម្បាំង​នៅ​តំបន់​ជម្លោះ​។ ហើយ​អ្វីដែល​មិនអាច​ប្រកែក​បាន​នោះ ​គឺ​ចិន​នៅ​បន្តសកម្មភាព​យោ​ធូប​នីយកម្ម​របស់ខ្លួន ​នៅក្នុង​តំបន់​ជម្លោះ​ដោយ​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ បំពាក់​រ៉ា​ដា និង​សំណង់​​នានា ​ដែល​បម្រើ​ប្រយោជន៍​យោធា​បាន​នោះ​។ អ្វីដែល​ចិន​សាងសង់​នោះ ជារួម​បង្ក​គ្រោះថ្នាក់​សម្រាប់​ភាគី​ជម្លោះ​ឯទៀត​ ជាពិសេស​វៀតណាម​តែម្តង​។ 
 
​អ្នក​យុទ្ធសាស្ត្រ​យោធា​វៀតណាម​បារម្ភ​ថា ការកសាង​សំណង់​យោធា​នេះ​ នឹងធ្វើ​ឲ្យ​សមត្ថភាព​ការពារ​ខ្លួន​របស់​វៀតណាម​ កាន់តែ​គ្រោះថ្នាក់​ខ្លាំង​។ ​ដូច្នេះហើយ ការពង្រាយ​សព្វាវុធ​ជាពិសេស​ឧបករណ៍​បាញ់​គ្រាប់​រ៉ុក្កែត​ ជា​រឿង​ចាំបាច់​សម្រាប់​វៀតណាម​។ 
 
​បើតាម​ប្រភពមន្ត្រី​លោកខាងលិច​ខាងលើ​ដដែល  ឧបករណ៍​បាញ់​គ្រាប់​រ៉ុក្កែត​នេះ​ ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ដ៏​ទំនើប EXTRA ដែល​វៀតណាម​ទើប​ទិញ​ពី​អ៊ីស្រាអែល​។ ​ប្រព័ន្ធ​មី​ស៊ី​ល EXTRA នេះ​ អាចមាន​សមត្ថភាព​ខ្ពស់​អាច​បាញ់​ដល់​ចម្ងាយ ១៥០​គីឡូម៉ែត្រ និង​អាច​បាញ់​ក្បាល់​គ្រាប់​ច្រើន​ប្រភេទ និង​អាច​បាញ់​នាវា និង​វត្ថុ​ឬ​ទីតាំង​នានា​ នៅលើ​ដី​ផងដែរ​។​
 
​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ វៀតណាម​បាន​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់ ​ដើម្បី​ពង្រឹងសមត្ថភាព​និង​ធ្វើ​ទំនើបកម្ម​យោធា​។ វៀតណាម​ផ្តោត​សំខាន់​លើ​ការបង្កើន​សមត្ថភាព​ក​ង​ទ័ពជើងទឹក និង​ជើង​អាកាស​ហើយ​វៀតណាម​ បាន​ទិញ​នាវាមុជទឹក​៦​គ្រឿង និង​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ផងដែរ​ពី​រុស្ស៊ី​កន្លងមក​។ ហើយ​វៀតណាម​ជឿជាក់ថា សមត្ថភាព​យោធា​នេះ យ៉ាងហោចណាស់​អាចធ្វើ​ឲ្យ​ចិន​ញញើត​ដែរ​។​
 
​ត្រលប់​មកវិញ ទាក់ទិន​បញ្ហា​នេះ អ្នកជំនាញ​ផ្នែក​យោធា​វៀតណាម នៃ​រាជ​បណ្ឌិតសភាយោធា​អូស្ត្រាលី​លោក Carl Thayer បាន​មានប្រសាសន៍ថា ការពង្រាយ​ទម្រ​បាញ់​គ្រាប់​រ៉ុក្កែត​នេះ​បង្ហាញ​ពី​ការប្រឹងប្រែង​របស់​វៀត​ណា​ម ​ក្នុងការ​កំញើញ​ចិន​តាម​ដែល​អាច​ធ្វើបាន​។ លោក​បន្តថា​៖« ផ្លូវ​យន្តហោះ​ និង​ការធ្វើ​យោ​ធូប​នីយកម្ម​របស់​ចិន​ នៅលើ​កោះ​ស្ព្រា​ត់​លី ជាឧបសគ្គ​មួយ​សម្រាប់​វៀតណាម ​ជាពិសេស​នៅ​ដែនទឹក​ និង​ដែនអាកាស​ភាគខាងត្បូង​។ ហើយ​វៀតណាម​កំពុង​បង្ហាញថា គេ​ត្រៀមខ្លួន​ដើម្បី​ប្រឆាំង​រាល់​ការគំរាមកំហែង​ពី​ខាងក្រៅ​»​៕
 
 
 

Tag:
 វៀតណាម
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com