ជាតិ
​តុលាការ​កំពូល ត្រូវការ​ពេល​១​សប្តាហ៍ ដើម្បី​ពិចារណា​ថា ដោះលែង​លោក អ៊ុំ សំអាន ឬ​បន្ត​ឃុំខ្លួន​
10, Aug 2016 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ នេះ តុលាការ​កំពូល បាន​ចំណាយពេល​ប្រហែល​១​ម៉ោង ក្នុងការ​ជំនុំជម្រះ លើ​សំណើសុំ​នៅក្រៅ​ឃុំ​របស់លោក អ៊ុំ សំអាន តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្រោយ​បញ្ចប់​សវនាការ តុលាការ​កំពូល បាន​ពន្យារពេល​ក្នុងការ​ប្រកាស​សាលដីកា​។ សាលដីកា នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៦ ឯណោះ​វិញ​។​



​ការមិន​ទាន់​ប្រកាស​ដីកា​នៅថ្ងៃនេះ គឺ​ដោយសារតែ​ក្រុមប្រឹក្សា​នៃ​អង្គជំនុំជម្រះ ត្រូវការ​ពេលវេលា​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុងការ​ពិចារណា មុននឹង​សម្រេច​ថា ត្រូវ​ដោះលែង ឬ​បន្ត​ឃុំខ្លួន លោក អ៊ុំ សំអាន​។ នេះ​បើតាម​លោក ហែម សុជាតិ មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៣​រូប របស់លោក​លោក អ៊ុំ សំអាន ដែល​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​ចាក​ចេញពី​បន្ទប់​សវនាការ​។

​បើទោះបីជា សេចក្តីសម្រេច​មិនទាន់​ត្រូវបាន​ប្រកាស​ក៏ដោយ តែ​លោក ហែម សុជាតិ ហាក់ដូចជា​សង្ឃឹមថា កូនក្តី​របស់លោក អាចនឹងទទួល​លទ្ធផល​វិជ្ជមាន​ពី​តុលាការ​កំពូល​។ លោក ហែម សុជាតិ អះអាងថា លោក អ៊ុំ សំអាន មិនបាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ដូច​ការចោទប្រកាន់​ក​ន្ល​ម​មក​ទេ ហើយ​ជាពិសេស​នោះ កូនក្តី​របស់លោក គឺជា​តំណាងរាស្ត្រ ដែល​កំពុងមាន​អភ័យឯកសិទ្ធិ​ជាប់​នឹង​ខ្លួន​ថែមទៀត​។ យោងតាម​ហេតុផល​ខាងលើ លោក​មេធាវី​រូបនេះ ជឿជាក់ថា តុលាការ​កំពូល នឹង​ពិចារណា​ឲ្យ​បានច្បាស់លាស់ ហើយ​ដោះលែង​លោក អ៊ុំ សំអាន ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ 

​ចំណែកឯ លោក អ៊ុំ សំអាន បាន​ស្រែកប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការឃុំខ្លួន​លោក ជា​តំណាងរាស្ត្រ ទាំង​មាន​អភ័យឯកសិទ្ធិ​បែបនេះ គឺជា​ការរំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ​។ លោក អ៊ុំ សំអាន នៅតែ​រិះគន់​តុលាការ ថា​ស្ថិតនៅក្រោម​ការបង្គាប់បញ្ជា​របស់​អ្នកមានអំណាច​។ តំណាងរាស្ត្រ​បក្សប្រឆាំង​រូបនេះ បាន​រិះគន់​រដ្ឋាភិបាល​ធ្ងន់ៗ​ថា​៖«​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​បានធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ ដោយ​ឃុំខ្លួន​ខ្ញុំ ជា​តំណាងរាស្ត្រ ដែល​កំពុងមាន​អភ័យឯកសិទ្ធិ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​កាន់អំណាច​ផ្តាច់ការ​។ យើង​ដឹង​ហើយ​ថា តុលាការ គ្រាន់តែ​ជា​ឧបករណ៍​របស់​អ្នកកាន់អំណាច ប៉ុណ្ណោះ​»​។
 
​បន្ទាប់ពី​លោក អ៊ុំ សំអាន ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស ក្រុម​មេធាវី ក៏បាន​ស្នើ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​តំណាងរាស្ត្រ​រូបនេះ ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ ប៉ុន្តែ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ច្រានចោល​។ ក្រុម​មេធាវី បាន​បន្ត​ប្តឹងទៅ​សាលាឧទ្ធរណ៍ ដើម្បី​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​តុលាការ​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឲ្យ​លោក អ៊ុំ សំអាន រួច​ផុតពី​ការឃុំ​ឃាំង​។ ជា​អកុសល ក្រុម​មេធាវី បាន​បរាជ័យ​ជា​លើក​ទី​២ ដោយ​សាលាឧទ្ធរណ៍ គាំទ្រ​សាលក្រម​របស់​តុលាការ​រាជធានី​ភ្នំពេញ ហើយក៏​សម្រេច​តម្កល់​សំណុំរឿង​របស់លោក អ៊ុំ សំអាន ទុកជាបានការ​។​
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១២ ខែមេសា​កន្លងទៅ តុលាការក្រុង​ភ្នំពេញ បាន​ចោទប្រកាន់ លោក អ៊ុំ សំអាន ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា ៤៩៥ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការបញ្ចេញ​ទស្សនៈ​ពី​បញ្ហា​ព្រំដែន តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ឆ្នាំ​២០១៥ ។ ក្រោយមក​ករណី​លោក អ៊ុំ សំអាន ត្រូវបាន​សមាជិក​រដ្ឋ​សភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត គាំទ្រ​ឱ្យ​តុលាការ និង​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​បន្ត ចំពោះ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​រូបនេះ​៕


Tag:
 តុលាការ​កំពូល​
  មេធាវី​
  អ៊ុំ សំអាន
© រក្សាសិទ្ធិដោយ thmeythmey.com