អន្តរជាតិ
តួ​ក​គី​និង​រុស្ស៊ី​ត្រឡប់មក​ស្និទ្ធស្នាល​ជាមួយគ្នា​វិញ ធ្វើ​ឲ្យ​លោកខាងលិច​បារម្ភ​
10, Aug 2016 , 8:59 pm        
រូបភាព
​ចុងក្រោយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan បាន​ឯកភាពគ្នា​បើក​ទំព័រ​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ​និង​ប្តេជ្ញា​ពង្រឹង​ចំណងមិត្តភាព​នេះ​ផង​។ គម្រោង​ថាមពល​រួមគ្នា​នឹង​ចាប់ផ្តើម​ឡើងវិញ ហើយ​រុស្ស៊ី​ដក​ទណ្ឌកម្ម និង​ជំរុញ​ឲ្យ​ទេសចរ​ទៅ​ទស្សនកិច្ច​នៅ​តួ​ក​គី​ដូច​មុន​ដែរ​។ តែ​លោកខាងលិច​ទំនងជា​មិន​សប្បាយចិត្ត​ឡើយ​ពេល ភាគី​ទាំងពីរ​ត្រូវរ៉ូវ​គ្នា​បែបនេះ​។​



​វត្តមាន​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan នៅ​ទឹកដី​រុស្ស៊ី និង​ជួបពិភាក្សា​ជាមួយ​ប្រមុខរដ្ឋ​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន​ផង​នោះ​នា​ថ្ងៃ​អង្គារ​ទី ៩​សីហា​ម្សិលមិញ បញ្ជាក់​ច្បាស់​ថា ភាពល្អក់​ករក​និង​ប្រេះឆា​ផ្នែក​ការទូត​ត្រូវបាន​ប៉ះប៉ូវ​ហើយ​។ តែ​ភាពស្និទ្ធស្នាល​របស់​មេដឹកនាំ​ទាំងពីរ​ធ្វើ​ឲ្យ​លោកខាងលិច​បារម្ភ​មិនតិច​ដែរ ព្រោះ​ការប្រែប្រួល​ទំនាក់ទំនង​រុស្ស៊ី​និង​តួ​ក​គី នឹង​អាចធ្វើ​ឲ្យ​លោកខាងលិច​ប្រឈម​ភាពស្មុគស្មាញ​ខ្លាំង​ក្នុងការ​ដោះស្រាយ​ជម្លោះ​ស៊ី​រី​, បញ្ហា​ជនភៀសខ្លួន និង​ការប្រឆាំង​ភេរវកម្ម​ជាដើម​ផង​។​

​យោងតាម​សារព័ត៌មាន Washington Post គ្រាន់តែ​ជួបពិភាក្សា​គ្នា​ហើយ ប្រធានាធិបតី​តួ​ក​គី ហៅ​ប្រធានាធិបតី​រុស្ស៊ី​លោក ពូ​ទីន ថា​ជា​«​មិត្តសំឡាញ់​» ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំឡើង​នៅ​ក្រុង St. Petersburg ។ លោក​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទំនាក់ទំនង​ទៅរក​ស្ថានភាព​មុន​មាន​វិបត្តិ​ការទូត ឬ​ខ្ពស់ជាង​នោះ​ផងដែរ​។​

​ក្រោយ​កិច្ចពិភាក្សា មេដឹកនាំ​ទាំងពីរ​ក៏​ឯកភាពគ្នា​ថា នឹង​ប្រឹងប្រែង​ពង្រឹង​ចំណង​ការទូត​នេះ​ឲ្យ​បាន​ខ្លាំង​កា្ល និង​ធ្វើយ៉ាងណា​ពង្រីក​សហប្រតិបត្តិ​ការ​ដោយ​ឈរលើ​គោលការណ៍​គោរព​ប្រយោជន៍​គ្នា​ទៅវិញទៅមក​ផងដែរ​។ ភាគី​រុស្ស៊ី​សន្យា​ដក​ទណ្ឌកម្ម និង​ជំរុញ​ឲ្យ​អ្នកទេសចរ​ត្រឡប់​ទៅ​កំសាន្ត​នៅ​តួ​ក​គី​វិញ ហើយ​គម្រោង​ពាក់ព័ន្ធ​វិស័យ​ថាមពល​ទាំង​អម្បាលម៉ាន​នឹងត្រូវ​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ចាប់ពីពេលនេះ​ផងដែរ​។​

​សូមបញ្ជាក់​បន្តិច​ដែរ ទំនាក់ទំនង​រុស្ស៊ី​ជាមួយ​តួ​ក​គី​ដុនដាប​ខ្លាំង ក្រោយ​ពេលដែល​តួ​ក​គីស​ម្រេច​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ដែល​ហោះហើរ​នៅជាប់​ព្រំដែន​ស៊ី​រី​។ ហើយ មក​ត្រឹម​សប្តាហ៍​នេះ​វា​មាន​រយៈពេល ៨​ខែ​ហើយ ក្រោយ​ការបាញ់​ទម្លាក់​យន្តហោះ​នេះ​។ ហើយ​តួ​ក​គី​ជួប​ប្រឈម​បញ្ហា​ច្រើនណាស់ ក្រោយ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ធ្លាក់ចុះ​ដុនដាប​ខ្លាំង ព្រោះ​គម្រោង​ធំៗ​ជាច្រើន​រវាង​រុស្ស៊ី​និង​តួ​ក​គី​ត្រូវបាន​ព្យួរ ហើយ​តួ​ក​គី​បាត់បង់​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ច្រើន​ដែរ​។ នេះ​ក៏ដោយ​សារ ក្រុង​ម៉ូស្គូ​បានសម្រេច​ដាក់ទណ្ឌកម្ម​ប្រឆាំង​តួ​ក​គី ហើយ​ចំនួន​ទេសចរ​រុស្ស៊ី​ដែល​ធ្លាប់​ទៅ​កំសាន្ត​នៅ​តួ​ក​គី​នោះ​ក៏​ស្រាប់តែ​ថយចុះ​យ៉ាងគំហុក​រហូតដល់​ជិត​៩០​ភាគរយ​ក្នុង​ឆ្នាំ ២០១៦​នេះ​។​

​ដោយឡែក ក្រៅពី​លើកឡើង​ពី​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី លោក Erdogan ក៏បាន​អរគុណ​សម​ភាគី​រុស្ស៊ី​ដែល​បានផ្តល់​ជំនួយ​ដល់​តួ​ក​គី​ក្រោយពេល​រដ្ឋប្រហារ​បរាជ័យ​នៅ​តួ​ក​គី​ដើម្បី​ផ្តួល​រលំ​របប​ដឹកនាំ​ស្របច្បាប់​កាលពី​ពាក់កណ្តាល​ខែកក្កដា​ដែរ​។ កន្លងមក​ប្រមុខរដ្ឋ​តួ​ក​គី​ខាងលើ​បាន​រិះគន់​លោកខាងលិច​ចំពោះ​ការគាំទ្រ​ដោយ​ប្រយោល​ចំពោះ​រដ្ឋប្រហារ​យោធា​បរាជ័យ​កន្លងមក និង​ចលនា​កុប្បកម្ម​ដែល​បានសម្លាប់​មនុស្ស​អស់​ប្រហែល ២៥០​នាក់​នោះ​។ ហើយ​មេដឹកនាំ​តួ​ក​គី​នេះ​ក៏​បន្ត​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក​ធ្វើ​បត្យាប័ន​បញ្ជូន​បុព្វ​ជិត​ផ្សព្វផ្សាយ​សាសនា​លោក Fethullah Gulen​ដែល​កំពុង​ស្ថិតនៅ​អាមេរិក​មក​តួ​ក​គី​ដើម្បី​កាត់ទោស​ផងដែរ​។​

​ឆ្លើយតប​ចំពោះ​ការ​អរគុណ​ដល់​ការផ្តល់​ជំនួយ​របស់​រុស្ស៊ី​ពី​សំណាក់​ប្រធានាធិបតី​តួ​ក​គី លោក ពូ​ទីន ថ្លែងប្រាប់​វិញ​ថា​៖«​នេះ​ជា​គោលជំហរ​ជាគោលការណ៍​របស់​យើង​។ យើង​តែ​តែង​ប្រឆាំង​ដាច់ខាត​ចំពោះ​រាល់​សកម្មភាព​ណា​ដែល​ប្រឆាំង​រដ្ឋធម្មនុញ្ញ​»៕


Tag:
 ​វ្ល៉ា​ឌី​មៀ ពូ​ទីន​
  Recep Tayyip Erdogan
  Fethullah Gulen
© រក្សាសិទ្ធិដោយ thmeythmey.com