អន្តរជាតិ
លោក Duterte ព្រមានប្រើ​ច្បាប់អាជ្ញាសឹក បើ​​​​តុលាការ​រា​​​រាំង​​សង្គ្រាម«​ប្រឆាំង​គ្រឿង​​ញៀន​»​របស់​​លោក​​
10, Aug 2016 , 9:39 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ព្រមាន​ប្រធាន​តុលាការ​កំពូល​ដែលលូក​លាន់​ និង​រិះគន់​លោក​ជុំវិញ​ការចោទប្រកាន់​កូនចៅ​របស់ខ្លួន​ជា​ចៅក្រម ៧​រូប​ថា​មាន​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​នោះ​។ លោក​ថា បើ​ហ៊ាន​រារាំង​«​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​» ទៀត លោក​នឹង​ប្រកាស​ប្រើ​ច្បាប់​ច្បាប់អាជ្ញាសឹក​តែម្តង ហើយ​លោក​ពន្យល់ថា  បើ​ស្ថាប័ន​តុលាការ​ព្យាយាម​បង្កើត​សង្គ្រាម «​ធម្មនុញ្ញ​»​ដើម្បី​តែ​បញ្ឈប់​យុទ្ធនាការ​បោសសម្អាត​ឧក្រិដ្ឋជន​គ្រឿងញៀន​របស់លោក «​ប្រជាជន​ហ្វីលីពីន​ទាំង​នឹង​ក្លាយជា​អ្នកចាញ់​»​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​ប្រធានាធិបតី​ជើង​ខ្លាំង​និង​ចិត្តសឿង Rodrigo Duterte បាន​ព្រមាន​ប្រធាន​តុលាការ​កំពូល Lourds Sereno ដែល​ហ៊ាន​រិះគន់​និង​បង្ហាញ​ការប្រឆាំង​ចំពោះ​យុទ្ធនាការ​បោសសម្អាត​ក្រុម​ជួញដូរ​គ្រឿងញៀន​របស់​លោក​។ ប្រធានាធិបតី​រូបនេះ​ព្រលយ​ថា លោក​នឹង​ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក បើសិនជា​ស្ថាប័ន​ខាងលើ​ចង់​រារាំង​យុទ្ធនាការ​នេះ​។

១. ប្រើ​ច្បាប់អាជ្ញាសឹក ដើម្បី​បន្ត​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុងពេល​ត្រួតពិនិត្យ​មូលដ្ឋានទ័ព និង​សំណេះសំណាល​ជាមួយ​កងទ័ព​នៅ​ភាគខាងត្បូង​ហ្វីលីពីន ប្រធានាធិបតី​ជើង​ខ្លាំង Rodrigo Duterte  បាន​ព្រមាន ថា «​បើ​លោកស្រី​ចៅក្រម ហ៊ាន​ព្យាយាម​ហាម​ឬ​រារាំង​លោក​ទៀត លោក​នឹង​ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​តែម្តង​»​។  លោក​ព្រមាន​ដូច្នេះ​ថា​៖ «​បន្តទៀត ហើយ​ព្យាយាម​បញ្ឈប់​ខ្ញុំ​តែម្តងទៅ​។ តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ប្រកាស​ដាក់​អនុវត្ត​ច្បាប់អាជ្ញាសឹក​មែន​ទេ​?»​។​

​ជារួម​បើ​មានការ​អនុវត្ត​ច្បាប់អាជ្ញាសឹក​មែន អំណាច​ទាំងអស់​នឹង​ស្ថិតនៅក្នុង​កណ្តាប់ដៃ​ស្ថាប័ន​នីតិប្រតិបត្តិ​។ ហើយ​ស្ថាប័ន​នេះ​នឹង​អាចអនុវត្ត​សិទ្ធិអំណាច និង​បំពេញ​ប្រតិបត្តិការ​របស់ខ្លួន​បាន​យ៉ាង​រលូន​ដោយ​គ្មាន​ការ​រាំង​។ ប៉ុន្តែ​វា​អាច​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន​ខ្លះ​ដែរ ដ្បិត​សិទ្ធិ​ខ្លះ​ត្រូវ​ព្យួរ​បណ្តោះអាសន្ន​។



​បើ​និយាយ​ដល់​ការដាក់​ច្បាប់អាជ្ញាសឹក គេ​នឹង​ឃើញ​របប​លោក Ferdinand Marcos ដែល​គ្រប់គ្រង​ប្រទេស​ហ្វីលីពីន​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៧០​នោះ​។ តែ​គេ​មើលឃើញថា វា​ជា​ស្ថានភាព​ពីរ​ខុសគ្នា ព្រោះ Ferdinand Marcos ដាក់​ច្បាប់អាជ្ញាសឹក​ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការបន្ត​កាន់អំណាច តែ​លោក Duterte ដាក់​ច្បាប់​នេះ​ដើម្បី​កម្ចាត់​ក្រុម​ឧក្រិដ្ឋជន​ប៉ុណ្ណោះ​។ 

២.Duterte៖ កុំ​ធ្វើសង្គ្រាម​រដ្ឋធម្មនុញ្ញ ព្រោះ​អ្នកចាញ់ គឺ​យើងទាំងអស់គ្នា​
​តាមពិតទៅ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ប្រធាន​តុលាការ​កំពូល​ខាងលើ​បានចេញ​មុខ​ទិតៀន​«​សង្គ្រាម​ប្រឆាំង​ឈ្មួញ​គ្រឿងញៀន​» ជាពិសេស​រិះគន់​លោក Rodrigo Duterte ដែល​ប្រកាស​ឈ្មោះ​កូនចៅ​របស់​លោកស្រី​ដែលជា​ចៅក្រម​សាលាដំបូង​ចំនួន ៧​នាក់​ថា​ពួកគេ​ជាប់​ពាក់ព័ន្ធ​ជំនួញ​គ្រឿងញៀន​នោះ​។  លោកស្រី​បញ្ជាក់​ក្នុង​លិខិត​មួយច្បាប់​ដែល​ផ្ញើ​ទៅ​ប្រធានាធិបតី ថា រឿង​ដាក់ទណ្ឌកម្ម​ឬ​ចាត់ការ​ចៅក្រម​ដែលមាន​កំហុស ជា​កាតព្វកិច្ច​របស់លោក​ស្រី​។ ដូច្នេះ​ស្ថាប័ន​ប្រតិបត្តិ​កុំ​លូកលាន់​កិច្ចការ​នេះ​។ ឬ​យើង​អាច​និយាយ​ម្យ៉ាងទៀត​បាន​ថា វា​ជាការ​បែងចែក​មិន​ដាច់​រវាង​អំណាច​ទាំងបី នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​អំណាចតុលាការ​។ ក្នុង​ក្រសែរ​ភ្នែក​ចៅក្រម​ហ្វីលីពីន ប្រមុខ​ស្ថាប័ន​នីតិប្រតិបត្តិ​នេះ កំពុង​ដើរ​ហួស​បន្ទាត់​ក្រហម និង​បំពាន​អំណាច​ស្ថាប័ន​យុត្តាធិការ​ហើយ​។​

​តែ​ប្រធានាធិបតី​ហ្វីលីពីន ហាក់​មិនអាច​ទ្រាំ​បាន​ចំពោះ​ការលើកឡើង​របស់​ប្រធាន​តុលាការ​កំពូល​ម្នាក់នេះ​ទេ ហើយ​លោក​ក៏​មិន​យល់ឃើញ​បែបនេះ​ដែរ​។ សម្រាប់​លោក​ផ្ទាល់ វា​មិនមែនជា​ការជ្រៀតជ្រែក​អ្វី​ឡើយ តែ​វា​ជាការ​បកអាក្រាត​មនុស្ស​ប្រព្រឹត្ត​ខុស​ប៉ុណ្ណោះ​។  ដូច្នេះ បើ​ព្រោះតែ​ដើម្បី​ការពារ​កូនចៅ​ខ្លួន ហើយ​ចេញមុខ​រារាំង​ការអនុវត្ត​វិធានការ​ដុសក្អែល​មន្ត្រី​ស្មោគគ្រោក​នោះ ដោយ​សម្អាងថា​វា​ជាការ​រំលោភ​សមត្ថកិច្ច​នោះ  វា​អាច​នឹង​បង្កើត​ការប្រឈមមុខគ្នា​រវាង​ស្ថាប័ន​ទាំងពីរ​។  ហើយ​អ្វីដែល​គួរ​ឲ្យ​បារម្ភ​គឺ យុទ្ធនាការ​បោសសម្អាត​ឈ្មួញ​ទុច្ចរិត​នឹងត្រូវ​បញ្ចប់ ហើយ​ជម្លោះ​រវាង​អំណាច​ទាំងពីរ​នឹង​រីក​កាន់តែ​ធំ​ផង​។ អ្នកចាញ់​គឺ​ហ្វីលីពីន​ខ្លួនឯង​។

​លោក​ប្រធានាធិបតី Duterte ថ្លែង​ដោយ​​ចិត្តខឹងថា​៖ «​លោកស្រី​ចៅក្រម​មិនបាន​ព្រមាន​ខ្ញុំ​ទេ​។ ខ្ញុំ​ព្រមាន​លោកស្រី​។ ខ្ញុំ​អាច​បញ្ជា​ឲ្យ​មនុស្ស​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​មិន​ឲ្យ​គោរព​លោកស្រី​។ ដូច្នេះ​សូមកុំ​បង្កើត​ការប្រឈមមុខ​ដាក់គ្នា​ឬ​សង្គ្រាម​រដ្ឋធម្មនុញ្ញ​អី​។ បើ​មិន​ដូច្នោះ​ទេ យើង​ជា​ប្រជាជន​ហ្វីលីពីន​នឹង​ចាញ់​ទាំងអស់គ្នា​»​។​

​ទាក់ទិន​បញ្ហា​ប្រកាស​ឈ្មោះ​ចៅក្រម​តុលាការ​ដំបូង​នេះដែរ លោកស្រី​ប្រធាន​តុលាការ​កំពូល​ព្យាយាម​ពន្យល់ថា ការបង្ហាញ​ឈ្មោះ​ចៅក្រម​ទាំងនោះ​ជា​សាធារណៈ​ដោយ​គ្មាន​ការចោទប្រកាន់​ជា​ផ្លូវការ​ជា​កំហុសឆ្គង ហើយ​វា​ធ្វើ​ឲ្យ​ជីវិត​ពួកគេ​រងគ្រោះថ្នាក់​។

​លោកស្រី​បន្តថា​៖ «​ដើម្បី​រក្សា​នូវ​តួនាទី​របស់​ចៅក្រម ដែលជា​អ្នកការពារ​អំណាច​រដ្ឋធម្មនុញ្ញ ខ្ញុំ​សូម​រម្លឹក​ដល់​បណ្តា​ចៅក្រម​ឲ្យ​ប្រឆាំង​ការចូល​ខ្លួន ឬ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​សមត្ថកិច្ច​ក្នុងពេលដែល​មិនមាន​ដីកាចាប់ខ្លួន​នោះ​»​។​

៣. សិទ្ធិមនុស្ស ឬ សុវត្ថិភាព​និង​សន្តិសុខ​សង្គម​?
​ត្រលប់​មកវិញ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte  ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ក្នុង​ខែឧសភា ហើយ​ទើប​ស្បថ​ចូលកាន់​តំណែង​នៅ​ចុងខែ​មិថុនា​កន្លងទៅ​ប៉ុណ្ណោះ​។ ហើយ​អ្វីដែល​សំខាន់​លោក​ប្រកាសប្រាប់​ប្រជាជន​ហ្វីលីពីន​ថា​លោក​នឹង​បោសសម្អាត​និង​សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​ឲ្យ​អស់​ក្នុង​អំណាច​ជា​ប្រធានាធិបតី​។

​សង្គ្រាម​ប្រឆាំង​ឈ្មួញ​គ្រឿងញៀន​របស់​ប្រធានាធិបតី​នេះ ជាធម្មតា​តែង​បានទទួល​ការគាំទ្រ​ច្រើន​ពី​ប្រជាជន​ទូទៅ​ដែលជា​ជនរងគ្រោះ​ដោយសារ​អាជីវកម្ម​គ្រឿងញៀន ព្រោះ​លោក​ហ៊ាន​បង្ក្រាប​ជនល្មើស​មិន​រើសមុខ ឲ្យ​តែ​ធ្វើ​ខុស​។  មហិច្ឆតា​ដ៏​ធំ​នេះ អាច​ធ្វើទៅកើត ប៉ុន្តែ​លោក​ត្រូវ​ចិត្តដាច់  រក្សា​ជំហរ​ដែល​ខ្លួន​មាន និង​ត្រៀម​ប្រឈម​នឹង​គ្រោះថ្នាក់​ផង​។ វា​គ្រោះថ្នាក់​ត្រង់​ថា លោក Duterte  ព្យាយាម​បង្ក្រាប​បក្សពួក​ឧក្រិដ្ឋជន​គ្រឿងញៀន​ដូច​សម្ល​កំពឹស ប្រទាក់ក្រឡា​តាំងពី​ចៅក្រម អភិបាលក្រុង សមាជិកសភា ប៉ូលិស និង​ទាហាន ដល់​ប្រជាជន​សាមញ្ញ​។ បើ​ដើរ​មិន​ស្រួល​ត្រូវអស់​តំណែង ឬក៏​បាត់​បង់ជីវិត​ផង​ក៏​ថា​បាន​។​

​ប៉ុន្តែ វា​ក្លាយជា​ជម្លោះ​រវាង​គោលការណ៍​សិទ្ធិមនុស្ស​និង​សុវត្ថិភាព​សាធារណៈ​។  ជារួម ថ្វីបើ​មានការ​គាំទ្រ​ដោយសារ​វា​ជា​វិធាន​ការរក្សា​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​ក៏ដោយ  សហគមន៍​អន្តរជាតិ និង​ស្ថាប័ន​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​និង​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការវិវត្ត​នៃ​ស្ថានការណ៍​នៅ​ហ្វីលីពីន​។

​មកទល់ពេលនេះ​ឈ្មួញ​គ្រឿងញៀន​ប្រហែល ៥១៣ នាក់​ត្រូវបាន​សម្លាប់ ហើយ​ប៉ូលិស​អះអាងថា​ពួកគេ​ត្រូវ​បាញ់សម្លាប់​ដោយសារ​ព្យាយាម​តដៃ​ជាមួយ​សមត្ថកិច្ច​។  ចំណែក​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ច្រើនជាង ៧​ពាន់​នាក់​ផ្សេងទៀត​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ចាប់តាំងពី​ពេលដែល​ប្រធានាធិបតី​ស្បថ​ចូលកាន់​តំណែង​។​

​យ៉ាងណា​ក៏ដោយចុះ សង្គ្រាម​បង្ហូរឈាម​ដែលមាន​គោលដៅ​បោសសម្អាត​ឈ្មួញ​គ្រឿងញៀន​ទុច្ចរិត​នេះ​រង​ការ​ថ្កោលទោស​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ជាពិសេស​អង្គការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​តែម្តង​។ គេ​ចោទថា ហ្វីលីពីន​កំពុង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ព្រោះ​អាជ្ញាធរ ចាប់ខ្លួន ឃុំខ្លួន និង​បាញ់សម្លាប់​មនុស្ស​ច្រើន​ជា​បន្តបន្ទាប់​ក្រោមលេស​ប្រឆាំង​គ្រឿងញៀន​។ វា​ទំនងជា​ការសម្លាប់​មនុ​ស្ស​ក្រៅ​ប្រព័ន្ធតុលាការ ហើយ​វា​ជាការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ផង​។  សហរដ្ឋអាមេរិក​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​ហ្វីលីពីន​ក៏​លើក​ឡើងជា​ញឹកញយ​ផងដែរ ពាក់ព័ន្ធ​ការ​ការបន្ត​ឃុំខ្លួន​និង​សម្លាប់​មនុស្ស​នេះ ហើយ​អាមេរិក​មើលឃើញថា វា​ជាការ​បំពារបំពាន​សិទ្ធិមនុស្ស​ច្បាស់​ណាស់​៕


Tag:
 Rodrigo Duterte
 ​ ភី​លី​ពី​ន
© រក្សាសិទ្ធិដោយ thmeythmey.com