ប្លែកៗ
អន្តរជាតិ
បន្ទាប់ពី​ក្រុងឡុង​ដ៍ ប៉ារីស​នឹងមាន​ភោជនីយដ្ឋាន​ស្រាត​នាពេលខាងមុខ​
11, Aug 2016 , 10:17 am        
រូបភាព
ដោយ: ធីតា
​បន្ទាប់ពី​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស ភោជនីយដ្ឋាន​សម្រាប់​ភ្ញៀវ​ដែល​ចូលចិត្ត​ស្រាត អាច​នឹង​បើក​ដំណើរ​នាពេល​ឆាប់ៗ​ខាងមុខ​នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ នេះ​បើតាម​ការលើក​របស់លោក Sebastian Lyall ដែលជា​អ្នក​ផ្តួចផ្តើម​គំនិត ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​



​លោក Sebastian Lyall ទើបតែ​ដំណើរការ​សេវាកម្ម​ភោជនីយដ្ឋាន​ស្រាត​នៅ​ទីក្រុង​ឡុង​ដ៍ ហើយ​លោក​ចង់​ពង្រីក​អាជីវ​កម្មនេះ​បន្ថែម​នៅក្នុង​ប្រទេស​បារាំង ដោយ​លោក​ចង់​ទាក់ទាញ​ភ្ញៀវ​ដែលមាន​និស្ស័យ និង​ទស្សនៈ​ធម្មជាតិនិយម​។​
 
​លោក​បាន​បញ្ជាក់ប្រាប់ AFP ថា​៖ «​យើង​កំពុង​ពិភាក្សា​ជាមួយ​ដៃគូ​រកស៊ី​ធំៗ​។ យើង​មិនដឹង​ចាប់ផ្តើម​នៅពេលណា​នោះទេ ប៉ុន្តែ​យើង​រក​ទីតាំង​ដែលមាន​សក្តានុពល​នៅក្នុង​ទីក្រុង​ប៉ារីស​។ ទន្ទឹមនឹង​គិតថា វា​អាច​ដំណើរការ​ទៅមុខ យើង​ក៏​នឹង​ពិចារណា​លើផ្លូវ​ច្បាប់​ផងដែរ ដើម្បី​ធ្វើទៅ​កុំ​ឲ្យ​ខុស​»​។​

​កាលពីពេល​ថ្មីៗ​នេះ លោក Lyall បាន​បើក​ដំណើរការ​ភោជនីយដ្ឋាន «The Bunyadi» (​ធម្មជាតិ​) នៅ​ទីក្រុង​ឡុង​ដ៍​។ មនុស្ស​យ៉ាងហោចណាស់​៤៦០០០​នាក់ បាន​ចុះឈ្មោះ​កក់​តុ ប៉ុន្តែ​មានតែ​២៥០០​នាក់​ប៉ុណ្ណោះ​ដែល​ភ្លក់​រសជាតិ​ម្ហូបអាហារ​នៅ The Bunyadi ជាមួយ​រាងកាយ​ស្រាត​ន​នោ​ល​គោក ចន្លោះ​ពី​ខែឧសភា ដល់​ខែមិថុនា​។​

​នៅ​ភោជនីយដ្ឋាន​ស្រាត បញ្ជី​មុខ​ម្ហួ​ប​ក៏​ពិសេស​ផងដែរ ដោយ​ប្រើប្រាស់​បន្លែ​សរីរាង្គ ហើយ​ការ​ចម្អិន​មិន​ប្រើប្រាស​អគ្គិសនី ហ្គាស ឬ​ភ្លើង​នោះឡើយ​។ តាម​គំរូ​នៅ​ទីក្រុង​ឡុង​ដ៍ ភោជនីយដ្ឋាន​ស្រាត​នៅ​បារាំង នឹងមាន​បញ្ជី​មុខម្ហូប​ភាគច្រើន គឺ​សាច់​ឆៅ និង​បន្លែស្រស់ ដោយ​៣​មុខ មានតម្លៃ​ជាង​៥០​ដុល្លារ​អាមេរិក​។ បន្ថែម​ពីលើ​នេះ អតិថិជន​នឹង​បាន​ហូប​អាហារ​ក្រោម​ពន្លឺ​ភ្លើងទៀន និង​មាន​ដើម​ឫស្សី នៅ​ជុំវិញខ្លួន​ជាដើម​។​

​ទោះបីជា​យ៉ាងណាក៏ដោយ សហព័ន្ធ​អ្នក​ស្រឡាញ់​ធម្មជាតិ​បារាំង មើលឃើញថា វា​ជា​ការបើក​អាជីវកម្ម​ទាំងស្រុង មិន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​ការលើកកម្ពស់​ការស្រឡាញ់​ធម្មជាតិ​នោះឡើយ​។ លោក Yves Leclerc ដែលជា​អនុប្រធាន​សហព័ន្ធ បាន​កត់សម្គាល់ថា ការបើក​បម្រើ​សេវាកម្ម​ភោជនីយដ្ឋាន​ស្រ​ត មិនមែនជា​រឿង​ថ្មី​នោះឡើយ ហើយ​លោក​យល់ថា ការលើកកម្ពស់​ការស្រឡាញ់​ធម្មជាតិ មិនចាំបាច់​ដើរ​ស្រាត​ចូល​ភោជនីយដ្ឋាន​នោះឡើយ​៕


Tag:
 ភោជនីយដ្ឋាន​ស្រាត​
  ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com