ជាតិ
ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ប្រកាស​ឲ្យ​គ្រួសារ​សព​ពលរដ្ឋ​ខ្មែរ​ម្នាក់ ទៅ​ទទួលយក​សព​មក​ធ្វើបុណ្យ​
11, Aug 2016 , 10:45 am        
រូបភាព
ដោយ: ថ្មីៗ
 
​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ បានប្រកាស​ឲ្យ​គ្រួសារ​សព​ពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​បាន​ចូលទៅ​តំបន់​ព្រៃ​អភិរក្ស​ក្នុង​ទឹកដី​ប្រទេស​ថៃ ទៅ​ទទួលយក​សព​ជនរងគ្រោះ មក​ធ្វើបុណ្យ​តាម​ប្រពៃណី​។​


 
​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ខ្មែរ បាន​ឲ្យ​ដឹងថា នៅលើ​ខ្លួន​សាកសព​ពុំមាន​អ្វី​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​បានឡើយ​។ ប៉ុន្តែ​អ្នករួមដំណើ​ចូល​ទឹកដី​ថៃ ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នោះ បាន​បញ្ជាក់ថា សព​ជន​ពលរដ្ឋ​ខ្មែរ​នោះ​មានឈ្មោះ ផល (​ពិការ​ដៃស្ដាំ​) អាយុ​ប្រហែល ៤០​ឆ្នាំ អាចជា​អ្នកស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​
 
​ស្ថានទូត​ខ្មែរ ដែល​ទទួលបាន​ព័ត៌មាន​ពី​ប៉ូលីស​ខេត្ត​នគររាជ​សីមា ប្រទេស​ថៃ បាន​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ម្នាក់នេះ​ស្លាប់ នៅក្នុង​តំបន់​ព្រៃ​អភិរក្ស​នគររាជ​សីមា ដោយសារតែ​ពលរដ្ឋ​រូបនោះ បាន​រអិល​ធ្លាក់​ពី​ជំរាលភ្នំ​បោក​ក្បាល​នឹង​ថ្ម ទើប​បណ្ដាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។ ជនរងគ្រោះ​បាន​ស្លាប់ កាលពី​ថ្ងៃទី​២៧ កក្កដា ឆ្នាំ​២០១៦​។ បើតាម​ស្ថានទូត​ខ្មែរ បច្ចុប្បន្ននេះ​សាកសព​ត្រូវបាន​តម្កល់ទុក​បណ្ដោះអាសន្ន​នៅ​មន្ទី​មហា​រ៉ា​ត ខេត្ត​នគររាជ​សី​ម៉ា​។ គ្រួសារ​សព​អាចទាក់ទង​មក​ស្ថានទូត​ខ្មែរ​តាម​ទូរស័ព្ទ ០៩២ ៩៨២ ៧៥៦៥ ដើម្បី​យក​សព​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Tag:
 ​កម្ពុជា​
 ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com