អន្តរជាតិ
ព្យុងយ៉ាង៖ យន្តហោះ B-2 អាមេរិកចូលសមយុទ្ធជាមួយកូរ៉េខាងត្បូងត្រៀមវាយកូរ៉េខាងជើង
× យន្តហោះបំបាំងកាយអាចទម្លាក់គ្រាប់នុយក្លេអ៊ែរ B-2 ចំនួន ៣គ្រឿងបានហោះចេញពី Missouri ទៅកាន់មូលដ្ឋានទ័ពអាមេរិក Andersen នៅកោះប៉ាស៊ីហ្វិក «ហ្កាម» (Guam) ដើម្បីចូលរួមក្នុងសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ។ តែកូរ៉េខាងជើងចោទអាមេរិកថាកំពុងអនុវត្តហាត់សមសម្រាប់ត្រៀមខ្លួនសម្រាប់ការវាយប្រហារនុយក្លេអ៊ែរលើកូរ៉េខាងជើងផងដែរ។
សូមស្ដាប់ព័ត៌មានលម្អិត៖
ទីបញ្ជាការយុទ្ធសាស្ត្រអាមេរិកបានប្រកាសថា យន្តហោះយុទ្ធសាស្ត្រអាចទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-2 ចំនួន ៣គ្រឿងត្រូវបានបញ្ជូនទៅកាន់ទឹកដីអាមេរិកនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក កោះហ្កាមរួចហើយតាំងពីថ្ងៃអង្គារទី ៩សីហា។
យោងតាមសេចក្តីប្រកាសព័ត៌មានទីបញ្ជាការខាងលើ ដែលដកស្រង់ដោយសារព័ត៌មាន Pacific Daily យន្តហោះបំបាំងកាយ B-2 ចំនួន ៣គ្រឿងនេះហោះចេញពីរដ្ឋ Missouri ទៅកាន់មូលដ្ឋានទ័ពអាមេរិក Andersen នៅលើកោះហ្កាម។ យ៉ាងណាមិញសេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នខាងលើមិនបានបញ្ជាក់ច្បាស់ថា យន្តហោះយុទ្ធសាស្ត្រនឹងចូលរួមក្នុងប្រតិបត្តិការអ្វីឲ្យប្រាកដឡើយ។ តែវាបានបញ្ជាក់ B-2 នឹងមានវត្តមាននៅតំបន់ប៉ាស៊ីហ្វិករយៈខ្លីប៉ុណ្ណោះ ហើយវានឹងត្រូវចូលរួមក្នុងប្រតិបត្តិការហ្វឹកហ្វឺនយោធាថ្នាក់តំបន់ប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មានខាងលើនោះបន្តថា៖ «យន្តហោះទម្លាក់គ្រាប់បែកនេះនឹងមានទំនួលខុសត្រូវក្នុងធានាសមត្ថភាពកំញើញសត្រូវដែលអាចរក្សាបាននូវសន្តិសុខ, ស្ថិរភាព និងសន្តិភាពរបស់អាមេរិកនិងសម្ព័ន្ធមិត្តក្នុងតំបន់»។
ទោះមិនមានការបញ្ជាក់ច្បាស់ពីឈ្មោះប្រតិបត្តិការយោធាក៏ដោយ ប៉ុន្តែគេដឹងច្បាស់ថា ការពង្រាយយន្តហោះនេះទៅកាន់ទីកន្លែងខាងលើ គឺដើម្បីរៀបចំសមយុទ្ធប្រចាំឆ្នាំទ្រង់ទ្រាយធំរវាងកូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក ដែលសមយុទ្ធនេះនឹងត្រូវរៀបចំឡើងនៅចន្លោះខែសីហានិងកញ្ញា។
យ៉ាងណាមិញ ការចូលរួមក្នុងសមយុទ្ធជាមួយកូរ៉េខាងត្បូងរបស់យន្តហោះ B-2 ដែលមានតួនាទីទម្លាក់គ្រាប់នុយក្លេអ៊ែរនោះ បានធ្វើឲ្យកូរ៉េខាងជើងខឹងសម្បារខ្លាំងដែរ។ទាក់ទិនបញ្ហានេះ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានអះអាងថា វាជារឿងចាំបាច់សម្រាប់កូរ៉េខាងជើងក្នុងការតាមដានសកម្មភាពសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោននេះព្រោះវាមានការពង្រាយសម្ភារៈយោធានិងអាវុធនុយក្លេអ៊ែរផងដែរ។ ហើយស្ថាប័នព័ត៌មានក្រុងព្យុងយ៉ាងនេះបានហៅលំហាត់យោធាដោយមានការចូលរួមពីយន្តហោះយុទ្ធសាស្ត្រទម្លាក់អាវុធនុយក្លេអ៊ែរនេះថាការហាត់សម និងត្រៀមខ្លួនជាមុនដើម្បីវាយប្រហារដោយអាវុធនុយក្លេអ៊ែរប្រឆាំងកូរ៉េខាងជើងផងដែរ។
ត្រលប់មកវិញ ការបញ្ជូនយន្តហោះB-2 ទៅកាន់កោះហ្កាម កើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្រោយទីបញ្ជាការយោធាបាស៊ីហ្វិកសម្រេចពង្រាយយន្តហោះយុទ្ធសាស្ត្រទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ B-1 Lancer រួមជាមួយទ័ពអាកាស ៣០០នាក់ផងនោះទៅកាន់កោះហ្កាមដែរ។
សូមបញ្ជាក់ថា យន្តហោះ B-2 របស់អាមេរិកជាប្រភេទយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដ៏ទំនើបបំផុតមួយ។ វាអាចបំបាំងកាយផុតពីប្រព័ន្ធរ៉ាដា និងមានសមត្ថភាពខ្ពស់ក្នុងការដឹកជញ្ជូននិងទម្លាក់អាវុធនុយក្លេអ៊ែរផងដែរ។ វាអាចហោះហើរបានក្នុងរយៈកម្ពស់ប្រហែល ១៥ គីឡូម៉ែត្រឯណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com