ជាតិ
ភ្នំ​តា​ម៉ៅ មាន​សត្វព្រៃ​១២០០​ក្បាល និង​១០០​ប្រភេទ
13, Aug 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក និក ម៉ាក នាយក​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែល​បាន​ផ្តល់ជំនួយ​គាំទ្រ​ដល់​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅ​ភ្នំ​តា​ម៉ៅ មាន​សត្វព្រៃ​ចំនួន​១២០០​ក្បាល និង​១០០​ប្រភេទ​។ ក្នុងនោះ មាន​ខ្លា​ចំនួន​៤​ក្បាល ប្រើស ឈ្លូស ឆ្កែចចក ប្រភេទ​សត្វ​ស្លាប ល្មូ​ន ពពួក​ស្វា ទោច និង​ប្រភេទ​សត្វ​ដទៃទៀត​។



​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ គឺជា​កន្លែង​អភិរក្ស​សត្វព្រៃ​ដ៏​ធំ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​សត្វព្រៃ​ចំនួន​១២០០​ក្បាល និង​១០០​ប្រភេទ​។ នេះ​បើតាម​លោក និក ម៉ាក (Nick Marx) នាយក​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​(wildlife Alliance)​។ បុរស​ជាន​ជាតិ​អង់គ្លេស​រូបនេះ បាន​បន្តថា នៅ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ថវិកា​ដោយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​តាំងពី​ឆ្នាំ​២០០១​មក គឺ​ដើម្បី​អភិរក្ស​សត្វព្រៃ និង​ព្រៃឈើ​នៅ​ភ្នំ​តា​ម៉ៅ​។ ក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក និ​ច ម៉ាក បាន​អះអាង​បន្ថែមទៀតថា ជាប្រចាំ នៅ​ភ្នំ​តា​ម៉ៅ​មាន​សត្វព្រៃ​១២០០​ក្បាល និង​១០០​ប្រភេទ​។ កន្លងមក សត្វព្រៃ​ជាង​២០០០​ក្បាល​ត្រូវបាន​សង្គ្រោះ​ពី​ឈ្មួញ​នៅ​ទូទាំងប្រទេស​កម្ពុជា ដើម្បី​យកមក​អភិរក្ស​នៅ​ភ្នំ​តា​ម៉ៅ​។



​នាយក​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ​ដែល​គ្រប់គ្រង​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​អស់​រយៈ​១៤​ឆ្នាំ​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មាន​សត្វ​ចេញចូល​នៅ​ភ្នំ​តា​ម៉ៅ​ពី​៣០០០​ក្បាល ទៅ​៤០០០​ក្បាល ព្រោះ​សត្វ​ដែលមាន​បញ្ហា​សុខភាព គេ​យកមក​ព្យាបាល​នៅ​ភ្នំ​តា​ម៉ៅ​។ មាន​សត្វ​ខ្លះ​ដែលមាន​សុខភាព​ល្អ ក៏ត្រូវ​ដោះលែង​នៅក្នុង​ព្រៃ​នៃ​បរិវេណ​ឧទ្យាន​សួនសត្វ​ភ្នំ​ម៉ៅ តែ​ក៏មាន​សត្វព្រៃ​ជាច្រើន​យកចេញ​ក្រៅ​វិញ បន្ទាប់ពី​ព្យាបាល​រួច​។ សម្រាប់​សត្វព្រៃ​មាន​ជាប្រចាំ នៅ​ភ្នំ​តា​ម៉ៅ​គឺមាន​ចំនួន​១២០០​ក្បាល និង​១០០​ប្រភេទ​»​។ 



​សូមបញ្ជាក់ថា ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ មាន​ផ្ទៃដី​២៣០០​ហិច​តា ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ភាគខាងត្បូង​រាជធានី​ភ្នំពេញ ប្រហែល​៤០​គីឡូ​មែត្រ​។ ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ មិន​ត្រឹមតែ​ជា​កន្លែង​អភិរក្ស​សត្វព្រៃ​ដ៏​ល្អ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កន្លែង​ទេសចរណ៍​សត្វព្រៃ​ដ៏​ពេញនិយម​បំផុត​នៅ​កម្ពុជា​ផងដែរ​៕    








Tag:
 Nick Marx
  ​សត្វព្រៃ​
© រក្សាសិទ្ធិដោយ thmeythmey.com