ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បាក់​ឌុប​៖​គ្រូ​ល្បីៗ​នៅ​ជ័យ​ថា​វី បង្រៀន​មិនតិចជាង​១០​ម៉ោង​ក្នុង​មួយថ្ងៃ​
13, Aug 2016 , 4:39 pm        
រូបភាព
​ភ្នំពេញ​៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា នឹង​ឈាន​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។ សិស្សានុសិស្ស​ដែល​ត្រៀមប្រឡង បាន​សម្រុក​រៀន​ទាំងថ្ងៃទាំងយប់​។  ទន្ទឹមនឹង​ការ​សម្រុក​រៀន​ត្រៀ​នេះ សាស្ត្រាចារ្យ​ល្បីៗ​មួយចំនួន បាន​ចំណាយ​ពេលវេលា​ប្រមាណ​១០​ម៉ោង​ក​ក្នុង​មួយថ្ងៃ ដើម្បី​បង្ហាត់បង្រៀន​សិស្ស​ទាំងនោះ​។ បើទោះបីជា​ត្រូវ​ចំណាយ​កម្លាំង​ច្រើន និង​ហត់នឿយ ប៉ុន្តែ​សាស្ត្រាចារ្យ​ទាំងនោះ មិន​រួញរា​ឡើយ​ក្នុង​ការបង្រៀន​សិស្ស ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​និទ្ទេស​ល្អ​។

 


​នៅក្នុង​បរិវេណ​សាលា​ជ័យ​ថា​វី ដែល​គេ​ស្គាល់​ថា​ជា​សាលា​«​បង្រៀន​គួរ​»​ដ៏​ល្បី​មួយ​ក្នុង​រាជធានី​ភ្នំពេញ មាន​សិស្ស​ថ្នាក់​ទី​១២​ជាច្រើន​រយ​នាក់ សម្រុក​រៀន​ត្រៀមប្រឡង​បាក់​ឌុប​។ ជា​រៀងរាល់​ម៉ោង សិស្ស​ទាំងអស់​តែង​ចល័ត​ពី​បន្ទប់​មួយ ទៅ​បន្ទប់​មួយទៀត ដើម្បី​រៀន​មុខវិជ្ជា​ផ្សេងទៀត​។  ជាមួយគ្នា​នោះ សាស្ត្រាចារ្យ​ដែល​បង្រៀន​នៅទីនេះ ក៏​ចល័ត​ពី​បន្ទប់​មួយ​ទៅ បន្ទប់​មួយទៀត រៀងរាល់​ម៉ោង​ដែរ​។ សាស្ត្រាចារ្យ​ល្បីៗ​មួយចំនួន​បាន​ចំណាយពេល​ក្រោម​១០​ម៉ោង​ឡើយ​ក្នុង​មួយថ្ងៃ ដើម្បី​បង្រៀន​សិស្ស​ត្រៀមប្រឡង​បាក់​ឌុប​។​

​លោកស្រី កែវ សុគន្ធា​រី សាស្ត្រ​ចា​រ្យ​ជីវវិទ្យា​នៅ​សាលា​ជ័យ​ថា​វី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គាត់​ចំណាយពេល​១៣​ម៉ោង​ក្នុង​មួយថ្ងៃ គឺ​ពី​ម៉ោង​៦​ព្រឹក រហូត​ម៉ោង​៧​យប់ ដើម្បី​បង្រៀន​សិស្ស​ត្រៀមប្រឡង​បាក់​ឌុប​។ លោកស្រី សាស្ត្រាចារ្យ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​នៅពេល​សិស្ស​ជិត​ដល់ពេល​ប្រឡង ធ្វើ​ឲ្យ​ខ្ញុំ​មមាញឹក​ខ្លាំង​ក្នុងការ​បង្រៀន​។ ឥឡូវ​ហ្នឹង​ខ្ញុំ​ផ្តាសាយ​ទេ តែ​ខ្ញុំ​នៅតែ​មក​បង្រៀន​សិស្ស​ដែរ​»​។ លោកស្រី កែវ សុគន្ធា​រី បាន​បន្ត បញ្ជាក់​ទាំង​សំឡេង​ស្អក​ថា នៅ​ឆ្នាំនេះ ហាក់​មិនសូវមាន​សិស្ស​មកពី​តាម​បណ្តា​ខេត្ត​មក​រៀន​ទេ ពីព្រោះ​នៅតាម​សាលា​នៅតាម​ខេត្ត​មួយចំនួន​មាន​គ្រូ​បំប៉ន ត្រៀមប្រឡង​បាក់​ឌុប​ដែរ ដូច្នេះ​សិស្ស​តាម​ខេត្ត​អាច​រៀន​បំប៉ន​បាន​នៅ​ជិត​ផ្ទះ​របស់​ពួកគេ​។ ជាមួយគ្នា លោកស្រី ក៏បាន​សរសើរ​ការកែ​ទម្រង់​វិស័យ​អប់រំ ថា​ជាការ​ត្រឹមត្រូវ​។ លោកស្រី កែវ សុគន្ធា​រី បញ្ជាក់បន្ថែម​៖«​សិស្ស​ឆ្នាំនេះ បានមក​រៀន​ច្រើន ខ្ញុំបង្រៀន​សិស្ស​រហូត​ ស្ទើរតែ​គ្មាន​ពេល​សម្រាក  ហើយ​ការ​រឹតបន្តឹង​របស់​ក្រសួង​ជាការ​ត្រឹមត្រូវ ព្រោះ​សិស្ស​បាន​ខំប្រឹង​រៀន​ជាង​ឆ្នាំមុនៗ​»​។


​ចំណែកឯ​លោក​សាស្ត្រ​ចា​រ្យ នាង បូ វិញ ក៏​រវល់​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​ដែរ ។ សាស្ត្រាចារ្យ​គណិតវិទ្យា​រូបនេះ មាន​កាលវិភាគ​បង្រៀន​សិស្ស​១២​ម៉ោង ក្នុង​មួយថ្ងៃ ដែល​ធ្វើ​ឲ្យ​លោក​ហត់នឿយ​ខ្លះ​ដែរ​។ លោក​សាស្ត្រ​ចា​រ្យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​ក្នុងការ​បង្រៀន​សិស្ស​ពីមួយ​ម៉ោង​ទៅមួយ​ម៉ោង ខ្ញុំ​ត្រូវ​ប្រើ​កម្លាំង និង​សំឡេង​ច្រើន ដើម្បី​ពន្យល់​សិស្ស​ឲ្យ​ងាយ​យល់ ក្នុងការ​ដោះស្រាយ​លំ​ហាត់​»​។ បើតាម​សាស្ត្រ​ចា​រ្យ​ល្បីឈ្មោះ​រូបនេះ គាត់​តែង​តាស់​តឿន​ឲ្យ​សិស្ស​ខិតខំ​ប្រឹងរៀន ទាំងមុខ​វិទ្យា​គណិត​ដែល​គាត់​បង្រៀន និង​មុខវិជ្ជា​ផ្សេងទៀត​ដែរ​។ លើសពីនេះ លោក​សាស្ត្រាចារ្យ នាង បូ ក៏បាន​ប្រា​ប់គ​ន្លឺះ​មួយចំនួន​ក្នុងការ​សិក្សា​ទៅដល់​សិស្ស​ទាំងនោះ​ទៀតផង​។


​ទោះជា​មានការ​នឿយហត់​បន្តិច​ដោយសារ​ត្រូវ​បង្រៀន​ច្រើន​ម៉ោង​ក្តី ប៉ុន្តែ លោក បានបញ្ជាក់​ពី​ក្តីរំភើប​ទៅវិញ នៅពេលដែល​សិស្ស​ចេះ និង​អាច​អនុវត្តបាន​លំ​ហាត់​បាន​។ លោក​បានបង្ហាញ​ពី​មោទនភាព​នៅពេល​មាន​សិស្ស​ដែល​គាត់​បង្រៀន​ក្នុង​ឆ្នាំកន្លងមក មាន​អ្នកខ្លះ​ទទួលបាន​និទ្ទេស​A​។ លោក នាង បូ បញ្ជាក់ថា នេះ​គឺជា​តបស្នង​គុណ​យ៉ាង​ធំធេង​សម្រាប់​លោក ក្នុងនាម​ជា​គ្រូបង្រៀន​ម្នាក់​។​

​ក្រឡេក​មក​មើល​លោក ជ័យ ថា​វី សាស្ត្រ​ចា​រ្យ​គីមីវិទ្យា​នៅ​សាលា​ជ័យ ថា​វី​ម្ដង ក៏បាន​ចំណាយ​ពេលវេលា​ជាច្រើន​ម៉ោង​ក្នុងការ​បង្រៀន មិន​ចាញ់​សាស្ត្រ​ចា​រ្យ​ទាំង​ពីរខាងលើ​ទេ​។ ទោះ​ត្រូវ​ចំណាយពេល​ច្រើន​ម៉ោង ក្នុង​មួយថ្ងៃ ដើម្បី​បង្ហាត់បង្រៀន​ក៏ដោយ លោក​សាស្ត្រ​ចា​រ្យ ជ័យ ថា​វី នៅតែ​សប្បាយចិត្ត​ក្នុងការ​បង្រៀន ព្រោះ​លោក​គិតថា លោក​បាន​ចូល​ចំណែក​រួម​អភិវឌ្ឍ​ន៍ប្រទេសជាតិ​តាមរយៈ​ការបណ្ដុះ​ធនធានមនុស្ស​នេះ​។ 


​លោក​សាស្ត្រ​ចា​រ្យ បាន​យ៉ាង​ដូច្នេះ​ថា​៖  មមាញឹក​បង្រៀន​នៅពេល​ហ្នឹង គឺជា​ទម្លាប់​របស់​គ្រូ​ហើយ​។ ហើយ​នេះ ក៏​ជា​បទពិសោធន៍​ដ៏​ល្អ​សម្រាប់​គ្រូ ក្នុងការ​បង្រៀន​សិស្ស​។ សិស្ស​មក​រៀន​ច្រើន ហើយ​ខំប្រឹង គ្រូ​ក៏​សប្បាយចិត្ត​»​។​

​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា នឹង​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់ ២៣ សីហា​ខាងមុខ​។ បេក្ខជន​ប្រឡង​មាន​ចំនួន​សរុប ៩៣.៧៥២​នាក់  និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៥៧​មណ្ឌល និង ៣.៧៨១​បន្ទាប់ នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ត​៕


Tag:
 បាក់​ឌុប​
  ​ជ័យ ថា​វី​
 ​ នាង បូ​
  ​កែវ សុគន្ធា​រី​
© រក្សាសិទ្ធិដោយ thmeythmey.com