ជាតិ
សិស្ស​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ​ទទួល​ការបណ្តុះបណ្តាល​ស្តីពី “​វិធីសាស្ត្រ​នៃ​ការសិក្សា​ភាសា​ចិន លើក​ទី​២”
13, Aug 2016 , 11:22 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​សប្តាហ៍​កន្លងទៅ​នេះ វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង បាន​បើក​សិក្ខាសាលា​ស្តីពី “​វិធី សាស្ត្រ​នៃ​ការសិក្សា​ភាសា​ចិន​” ដល់​សិស្សានុសិស្ស ដែល​ធ្វើ​បទ​បង្ហាញ​ដោយ​លោក សាំង រី ប្រធាន កម្មវិធីសិក្សា​ភាសា​ចិន​។ វគ្គ​សិក្ខាសាលា​នេះ ប្រារព្វ​ឡើង​នៅ​សាលប្រជុំ សូវ ហុង​គុយ នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង​។​



​លោក សាំង រី ជា​វាគ្មិន​ធ្វើ​បទ​បង្ហាញ​បាន​លើកឡើងថា ការសិក្សា​ភាសា​ចិន​គឺមាន​ការលំបាក ច្រើន​បើ​ប្រៀបធៀប​ទៅនឹង​ការសិក្សា​ភាសា​ផ្សេងៗ ដូច្នេះ​ការសិក្សា គឺ​ទាមទារ​ឱ្យ​សិស្សានុសិស្ស​មាន ការអត់ធ្មត់ និង​ខិតខំ​ប្រឹងប្រែង​សិក្សា​ខ្ពស់​។ លោក​ក៏បានផ្តល់​ជា​វិធីសាស្ត្រ​ដើម្បីឱ្យ​រៀន​ឆាប់​ចេះ​ដូច្នេះ ថា សិស្សានុសិស្ស​ត្រូវ​រៀន​ពី​វិធី​ប្រើប្រាស់​សំឡេង​ទាំង​4​ក្នុង​ភាសា​ចិន​ឱ្យ​បានល្អ ឧស្សាហ៍​ទន្ទេញ​ពាក្យ ដែល​ត្រូវ​ប្រើប្រាស់​ប្រចាំថ្ងៃ រៀន​អំពី​ល្បះ​សន្ទនា​ខ្លីៗ រៀន​ពី​វិធី​ប្រើប្រាស់​ភី​ន​អ៊ី​ន​ឱ្យបាន​ស្ទាត់ជំនាញ សិក្សា​អំពី​មូលដ្ឋានគ្រឹះ​វេយ្យាករណ៍​ឱ្យបាន​ល្អ ឧស្សាហ៍​ហាត់​អាន និង​សរសេរ​អក្សរ​ឱ្យបាន​ច្រើន​។ មិន តែប៉ុណ្ណោះ​សិស្សានុសិស្ស ត្រូវ​ចេះ​សម្រប​ខ្លួន​ទៅក្នុង​មជ្ឈដ្ឋាន​ភាសា​ចិន ដោយ​ព្យាយាម​រាប់អាន​មិត្ត ភ័ក្តិ​ជា​ជនជាតិ​ចិន ឬ​អ្នកចេះ​ភាសា​ចិន ទស្សនា​ភាពយន្ត​ជា​ភាសា​ចិន ឬ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស ចិន​ជាដើម​។ ជាមួយគ្នានេះដែរ ដើម្បី​ជួយ​ពង្រឹង​ការសិក្សា​របស់​សិស្សានុសិស្ស វិទ្យាស្ថាន​តែងតែមាន វគ្គ​បណ្តុះបណ្តាល​សិស្ស​អំពី​គន្លឹះ​នៃ​ការសិក្សា​ឱ្យទទួល​បាន​ជោគជ័យ​ខ្ពស់ និង​ការបង្ហាត់បង្រៀន​ពី គ្រូបង្រៀន​ដែលមាន​ជំនាញ និង​គរុកោសល្យ​ខ្ពស់ ក្នុងការ​បង្ហាត់​សិស្ស និង​តម្រង់​ទិសដៅ​សិស្ស​ឱ្យ សម្រេច​នូវ​គោលដៅ​នៃ​ការសិក្សា​។

​លោក សាំង រី ក៏បាន​លើកឡើង​អំពី​សារៈសំខាន់​នៃ​ការសិក្សា​ភាសា​ចិន​ថា  ភាសា​ចិន​គឺជា ភាសា​ដែល​គេ​ប្រើប្រាស់​ច្រើន​នៅលើ​ពិភពលោក​។ រៀន​ភាសា​ចិន​ធើ្វ​ឱ្យ​យើង​រឹតតែ​យល់​កាន់តែច្បាស់ អំពី​វប្បធម៌​ប្រទេស​ចិន ហើយ​ភាសា​ចិន​គឺជា​ភាសា​ដែលមាន​អក្សរសាស្ត្រ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង ងាយស្រួល​ចំណាំ ចេះ​និយាយ ភាសា​ចិន​ធើ្វ​ឱ្យ​យើង​មាន​អាទិភាព​ខ្លាំង​ក្នុងសង្គម​ដូចជា ការសិក្សា បន្ត​នៅ​បរទេស ទេសចរណ៍​ការងារ ក៏ដូចជា​ការ​ធើ្វ​ជំនួញ​ទាំង​ក្នុង ឬ​ក្រៅប្រទេស​ជាដើម​។ រៀន​ភាសា ចិន​មាន​សារៈសំខាន់​ចំពោះ​គុណភាព​នៃ​ជីវិត និង​ឱកាស​ការងារ​ល្អៗ​សម្រាប់​ថ្ងៃ​អនាគត​របស់​យើង​។​

​​សិស្សានុសិស្ស​ដែល​ចូលរួម​ក្នុង​សិក្ខាសាលា បានឱ្យដឹងថា សិក្ខាសាលា​នេះ ពិតជា​បាន​នាំមក​នូវ​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត ក្រៅ​អំពី​ការសិក្សា​នៅក្នុង​ថ្នាក់រៀន ពិសេស​គឺ​បាន​យល់ដឹង​កាន់តែច្បាស់​អំពី​វិធីសាស្ត្រ​ក្នុង​ការរៀន​ភាសា​ចិន​ឱ្យ​ឆាប់​ចេះ​។ សិស្សានុសិស្ស​ទាំងអស់​បាន​ប្តេជ្ញាចិត្ត​ថា  នឹង​ខិតខំ ប្រឹងប្រែង​រៀនសូត្រ​ឱ្យបាន​ពូកែ និង​ធ្វើខ្លួន​ជា​សិស្ស​ល្អ កូន​ល្អ មិត្ត​ល្អ ដើម្បី​ចូលរួមចំណែក​ក្នុងការ លើកស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​៕



(អត្ថបទសាលា)


© រក្សាសិទ្ធិដោយ thmeythmey.com