ជាតិ
លោក ថោង ខុន​៖ ទេសចរ​បារាំង វង្វេង​ក្នុងព្រៃ​ជាង​៣០​គីឡូម៉ែត្រ ពី​ក្បាលស្ពាន​
13, Aug 2016 , 12:41 pm        
រូបភាព
រូបភាពស្នងនគរបាលខេត្តសៀមរាប
រូបភាពស្នងនគរបាលខេត្តសៀមរាប
​កម្លាំង​សមត្ថកិច្ច បាន​ជួប​ជាមួយ​ភ្ញៀវទេសចរ​បារាំង​៤​នាក់ និង​អ្នក​ម​គ្គុ​ទេស​ទេសចរណ៍​ម្នាក់ នោះ​ហើយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ក្រោយពី​ពួកគេ​វង្វេង​បាត់ ក្នុងព្រៃ​រមណីយដ្ឋាន​ក្បាលស្ពាន ក្នុង​ខេត្តសៀមរាប តាំងពី​រសៀល​ថ្ងៃទី​សុក្រ ទី​១២ ខែសីហា​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅមុននេះ​បន្តិច​។



​លោក​រដ្ឋមន្ត្រី​ដែល​កំពុង​រង់ចាំ​ជនរងគ្រោះ នៅ​ចង្កេះភ្នំ​ត្រង់​ភូមិសាស្ត្រ​ស្រុក​បន្ទាយស្រី បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​សមត្ថកិច្ច​យើង​បាន​ជួប​ហើយ ឥឡូវ​ពួកគាត់​កំពុង​ចុះ​ពីលើ​ភ្នំ​។ យើង​ក៏បាន​ឲ្យ​បាយទឹក​គាត់​បរិភោគ​ដែរ ឲ្យ​មាន​កម្លាំង​»​។  

​បើតាម លោក ថោង ខុន ដែល​បាន​ចុះទៅ​ផ្ទាល់ ភ្ញៀវទេសចរ​ទាំង​៤​រូប រួម​នឹង​អ្នក​ម​គ្គុ​ទេស​ទេស បាន​វង្វេងក្នុងព្រៃចម្ងាយជាង​៣០គីឡូម៉ែត្រ ពីរមណីយដ្ឋានក្បាលស្ពាន។ លោក​បន្តថា ថាពួកគេកំពុង​ត្រូវបាន​ដឹក​តាម​គោយន្ត​ចុះ​ពី​ភ្នំ​មក​ថ្នល់ ហើយនឹង​ត្រូវ​បន្តដំណើរ​តាម​ឧទ្ធម្ភាគចក្រ នៅ​កាន់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដើម្បី​ទៅពិនិត្យ​សុខភាព​។ 
 


​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ប្រហែល​៤០​នាទី​ទៀត ភ្ញៀវទេសចរ​បារាំង និង​អ្នក​ម​គ្គុ​ទេស នឹងធ្វើ​ដំណើរ​ពី​ក្នុងព្រៃ​មកដល់​ថ្នល់​។ «​យើង​ត្រូវ​ចំណាយពេល​យូរ ព្រោះ​ភ្នំ​វា​ចោទ លំបាក​ធ្វើដំណើរ​»​។ នេះ​ជា​បញ្ជាក់​របស់ លោក ថោង ខុន ដែល​បាន​ចាត់ទុកករណីនេះ ជា​បទពិសោធន៍ថ្មីមួយ មុននឹង​ស្នើ​ឲ្យ​អាជ្ញាធរ​អប្សរា ​យកចិត្តទុកដាក់ និង​រៀបចំ​ស្លាក​សញ្ញា​សំគាល់​ផ្លូវ​ឡើង​ភ្នំ ឲ្យ​បាន​ប្រសើរ​ជាង​នេះ ដើម្បី​កុំ​ឲ្យ​មាន​ករណីនេះ​កើតឡើង​ម្តងទៀត​។ បន្ថែម​ពីនេះ លោក ក៏បាន​ស្នើ​ទៅកាន់​ម​គ្គុ​ទេស​ទេសចរ ត្រូវ​នាំ​ភ្ញៀវ​ទៅតាម​ទីតាំង​ដែល​បានកំណត់​ក្នុង​តំបន់​រមណីយដ្ឋាន​នីមួយៗ​៕



© រក្សាសិទ្ធិដោយ thmeythmey.com