ជាតិ
​​​ន​យោ​បាយ​ជាតិ​
​លោក យឹម សុវណ្ណ ថា​បក្សប្រឆាំង​មិនបាន​ចូលរួម​ក្នុង​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ឡើយ​
13, Aug 2016 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា គណបក្ស​របស់លោក  មិនមាន​ផែនការ ចូលរួម​ក្នុង​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ដើម្បី​សម្តែង​មតិ​នៅតាម​ទី​សាធា​រណៈ នោះទេ​។ ការលើកឡើង​របស់លោក យឹម សុវណ្ណ​បែបនេះ គឺ​ដើម្បី​ឆ្លើយ​តបនឹង​សាលា​រាជធានី​ភ្នំពេញ ដែល​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ឈប់​សកម្មភាព​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច​ន្ទ​ពណ៌​ខ្មៅ​។​



​លោក យឹម សុវណ្ណ បានប្រកាសគោលជំហរថា គណបក្ស​សង្គ្រោះ​ជាតិ តែង​គោរព​ឆន្ទៈ​របស់​បុគ្គលិក និង​ថ្នាក់ដឹកនាំ​គ្រប់រូប ក្នុងការ​សម្តែង​មតិ​។ អ្នកនាំពាក្យ​រូបនេះ បន្តថា ការសម្តែង​មតិ មិនមែនជា​ការគំរាមកំហែង​អ្វី​នោះទេ ប៉ុន្តែ វា ជាការ​ប្រើ​សិទ្ធិសេរីភាព​របស់ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា និង​ស្វែងរក​យុត្តិធម៌​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​សូមបញ្ជាក់​ទៅ រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច ថា​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​»​។

​មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​ខាងលើ បានបន្ថែមទៀតថា រាជរដ្ឋាភិបាល ឬ​គណបក្សកាន់អំណាច មាន​តួនាទី និង ភារកិច្ច​របស់ខ្លួន ហើយ​គណបក្សប្រឆាំង ក៏មាន​កិច្ចការ ដែល​ត្រូវធ្វើផងដែរ ដើម្បី​ផ្តល់​គំនិត ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ប្រកបដោយ​សមធម៌ ហើយ​ប្រជាពលរដ្ឋ នឹង​បានទទួល​នូវ​សេចក្តីសុខ ទាំងអស់គ្នា​។ 
​ការលើកឡើង​របស់លោក យឹម សុវណ្ណ ធ្វើឡើង​នៅ​ចំពោះមុខ​អ្នកគាំទ្រ និង​អ្នកសារព័ត៌មាន នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស នា​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦​នេះ​។ សារ​នយោបាយ​របស់លោក យឹម សុវណ្ណ គឺជា​ការឆ្លើយតប​នឹង សាលា​រាជធានី​ភ្នំពេញ​។

​កាលពី​ថ្ងៃទី​១២ ខែសីហា សាលា​រាជធានី​ភ្នំពេញ បាន​ផ្ញើលិខិត​ទៅកាន់ ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ជុំវិញ​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​។ លិខិត​នោះ បាន​លើកឡើងថា ការចូលរួម និង​ការគាំទ្រ ក្នុង​យុទ្ធនាការ​ថ្ងៃ​ច​ន្ធ​ពណ៌​ខ្មៅ   ពី​សំណាក់​គណបក្ស​ង្គ្រោះ​ជាតិ គឺជា​ការបំពុល និង​ញុះញង់ ព្រមទាំង​ការកៀងគរ​កម្លាំង​អង្គការក្រៅរដ្ឋាភិបាល សមាគម និង​ប្រជាពលរដ្ឋ ដែលជា​ទង្វើ​ខុសច្បាប់ ហើយ​បង្ក​ឲ្យ​មាន​ចលាចល​ក្នុងសង្គម ដោយ​ផ្ទុយ​ពី​គោលការណ៍​ណែនាំ របស់​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​។

​ស្ថិតនៅក្រោម​ហេតុផល​ថា​ទប់ស្កាត់​នូវ​ភាពចលាចល រក្សា​សន្តិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ សាលា​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ឈប់​សកម្មភាព ពាក់ព័ន្ធ​នឹង​យុទ្ធនាការ ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​។ ក្នុង​លិខិត​ដែល​ដាក់ជូន​ឯកឧត្តម កឹម សុខា​នោះ សាលា​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្តធ្វើ​សកម្មភាព​បែបនេះ បក្សប្រឆាំង​ ត្រូវតែ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ច្បាប់​។

​សូម​រម្លឹកថា លោក នី ចរិយា អគ្គលេខាធិការរងរ​បស់​គជប រួមទាំង​មន្ត្រី​អាដហុក​៤​រូប​ទៀត គឺ​លោក នី សុខា​, លោក ណៃ វង់​ដា​, លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​២  ខែឧសភា ឆ្នាំ​២០១៦​។ បើតាម​ការចោទប្រកាន់​របស់​តុលា​ការជាន់​ទាប អ្នក​ទាំង​៥​ខាងលើ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។

​ចាប់តាំងពី​ពេលនោះ​មក សកម្មជន​នយោបាយ មន្ត្រី​សង្គម​ស៊ីវិល ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​មួយចំនួន ចាប់ផ្តើម​បង្កើត​យុ​ទ្ធា​នា​ការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ឡើង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង អ្នក​ទាំង​៥​នោះ​។ រហូត មកដល់ពេលនេះ ប្រជាពលរដ្ឋ នៅតែ​ស្លៀកពាក់​ពណ៌​ខ្មៅ ហើយ​បន្តធ្វើ​សកម្មភាព​នៃ​ការ​ទាម​ជា​រៀងរាល់ថ្ងៃ​ចន្ទ ដើម្បី​សុំ​ឲ្យ​ដោះលែង មន្ត្រី​គជប និង​មន្ត្រី​អាដហុក​។ ប៉ុន្តែ តុលាការ និង​សមត្ថកិច្ច មិនបាន​ធ្វើតាម​សំណើរ​និង​ការទាមទារ​របស់​ប្រជាពលរដ្ឋ​ឡើយ ដោយ​នៅតែ​ឃុំខ្លួន ហើយ​បន្ត​នាំខ្លួន​អ្នក​ទាំង​៥ ទៅ​សាកសួរ​ជា​បន្តបន្ទាប់​៕


© រក្សាសិទ្ធិដោយ thmeythmey.com