ជាតិ
ពេលណា​ទើប​អាច​យក​អាវុធ​ចូលក្នុង​ការិយាល័យ​បោះឆ្នោត​បាន​?
14, Aug 2016 , 9:39 am        
រូបភាព
ដោយ:
​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្ស​ឃុំ សង្កាត់ មាត្រា ២៨ បាន​ហាម​មិន​ឲ្យ​ជន​ណាមួយ យក​អាវុធ​ជាតិ​ផ្ទះ និង​វត្ថុ​ប្រកបដោយ​គ្រោះថ្នាក់​ផ្សេងៗ ចូលទៅក្នុង​បរិវេណ​ខាងក្រៅ បរិវេណ​ខាងក្នុង និង​ក្នុង​ការិយាល័យ​បោះឆ្នោត ព្រមទាំង​ការិយាល័យ​រាប់​សន្លឹកឆ្នោត បាន​នោះឡើយ​។​



​ជាងនេះទៅទៀត​ច្បាប់​ដដែល​នេះ ក៏​ហាម​មិន​ឲ្យ​មានការ​ស្លៀកពាក់​ឯកសណ្ឋាន​ជា​កងកម្លាំងប្រដាប់អាវុធ ចូលទៅក្នុង​បរិវេណ​ខាងក្រៅ បរិវេណ​ខាងក្នុង និង​ក្នុង​ការិយាល័យ​បោះឆ្នោត ព្រមទាំង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ដែរ​។ ក៏ប៉ុន្តែ​មាន​ករណី​លើកលែង ដែល​ច្បាប់ អនុញ្ញាត​ឲ្យ យក​អាវុធ និង​ស្លៀកពាក់​ឯកសណ្ឋាន​ជា​កងកម្លាំងប្រដាប់អាវុធ ចូលទៅ​បរិវេណ​ទាំង​នោះបាន គឺ​ក្នុងករណី​ដែលមាន​ជន​ណាមួយ​បង្ក​ការអុកឡុក​ក្នុង​បរិវេណ​ខាងក្រៅ បរិវេណ​ខាងក្នុង និង​ក្នុង​ការិយាល័យ​បោះឆ្នោត ការិយាល័យ​រាប់​សន្លឹកឆ្នោត​។ ចំណុច​នេះ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ប្រធាន​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​គ្រប់​លំដាប់ថ្នាក់ មាន​ភារកិច្ច​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​ចំពោះ​ទោសទណ្ឌ​វិញ ជន​ដែល​យក​អាវុធ និង​ស្លៀកពាក់​ឯកសណ្ឋាន​ជា​កងកម្លាំងប្រដាប់អាវុធ ចូលទៅក្នុង​បរិវេណ​ខាងក្រៅ បរិវេណ​ខាងក្នុង និង​ក្នុង​ការិយាល័យ​បោះឆ្នោត ព្រមទាំង​ការិយាល័យ​រាប់​សន្លឹកឆ្នោត ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សម​ត្ថិ​កច្ច ឬ​គ្មាន​មូលហេតុ​អនុញ្ញាត​ដោយ​ច្បាប់ គ​.​ជ​.​ប ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី ៥ ទៅ ១០ លាន​រៀល និង​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​។ នេះ​បើតាម​មាត្រា ១៧៥ នៃ​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់ ហើយ​មាត្រា ដដែល ក៏​បញ្ជាក់ថា អាច​ជាប់ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត តាម​មាត្រា ៤៨៩ ( បទ​ផលិត ឬ​ធ្វើ​ចរាចរណ៍​អាវុធ​សម្រាប់​ប្រហារ​ផ្សេងៗ​ទៀត​) នៃ​ក្រមព្រហ្មទណ្ឌ​។

​ក្នុងករណី​ជន​ប្រព្រឹត្ត​អំពើ​ល្មើស​នោះ​ជា​ភ្នាក់ងារ ជា​បុគ្គលិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជា​ភ្នាក់ងារ ជា​បុគ្គលិក ឬ​សមាជិក​នៃ​គណៈកម្មការ​រៀ​ចំការ​បោះឆ្នោត គ្រប់លំដាប់​ថ្នាក់ ត្រូវ​លុបឈ្មោះ​ចេញពី​ការងារ និង​មិន​ឲ្យ​សាមីខ្លួន​ចូល​បម្រើ​ការងារ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​គ្រប់លំដាប់​ថ្នាក់​សម្រាប់រ​យៈ​ពេល ១០ ឆ្នាំ ចាប់ពី​សម័យ​បោះឆ្នោត​នេះ​តទៅ​៕


Tag:
 ច្បាប់​
  បោះឆ្នោត​ឃុំ សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com