ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បាក់​ឌុប​តឹង​៖ សិស្ស​ថ្នាក់​ទី​១២​ថ្មី ក៏​សម្រុក​រៀន​ត្រៀម​ច្រើន​ដែរ​
14, Aug 2016 , 4:30 pm        
រូបភាព
​នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើការ​រឹតបន្តឹង​ការប្រឡង​បាក់​ឌុប​។ នៅមុន​ការប្រឡង​មកដល់ សិស្ស​ជាច្រើន​មកពី​គ្រប់ទិសទី បាន​សម្រុក​មករៀ​នប​ន្ថែ​ម​នៅ សាលា​ជ័យ​ថា​វី ដែលជា​សាលារៀន​ដ៏​ល្បី​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​សិស្ស​ថ្នាក់​ទី​១១ ឡើង​ទី​១២ កាន់តែច្រើន បានមក​រៀន​មេរៀន​សម្រាប់​ថ្នាក់​ទី​១២​មុន ដើម្បី​ត្រៀម​សម្រាប់​ការសិក្សា​របស់​ពួកគេ​នៅ​ឆ្នាំ​សិក្សា​ក្រោយ នៅ​សាលា​ជ័យ​ថា​វី​នេះដែរ​។



​កំណែទម្រង់​ការអប់រំ តាមរយៈ​ការ​រឹតបន្តឹង​ការប្រឡង​បាក់​ឌុប​រយៈ​៣​ឆ្នាំ​ជាប់​គ្នា​(​រាប់ទាំង​ឆ្នាំនេះ​) បាន​កែប្រែ​ឥរិយាបថ​សិស្ស ឲ្យ​ខិតខំ​ប្រឹងប្រែង​រៀន មិន​ធ្វេសប្រហែស​ដូច​មុន​ទៀតឡើយ​។ ដោយ​មិន​និយាយ​ពី​សិស្ស​ថ្នាក់​ទី​១២ ជាច្រើន​រយ​នាក់​ដែល​មក​រៀន​ត្រៀម​សម្រាប់​ការប្រឡង​បាក់​ឌុប​របស់ខ្លួន គេ​សង្កេតឃើញថា មាន​សិស្ស​ថ្នាក់​ទី​១២​ថ្មី កាន់តែច្រើន ក៏​មក​រៀន​មេរៀន​សម្រាប់​ថ្នាក់​ទី​១២ ត្រៀម​សម្រាប់​ការសិក្សា​របស់​ពួកគេ​នៅ​ឆ្នាំ​សិក្សា​ក្រោយ​ដែរ​។

​កញ្ញា ប៊ុន សុខ​កញ្ញា ជា​សិស្ស​ដែល​ត្រូវ​រៀន​ថ្នាក់​ទី​១២ សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នាង​សម្រេច​មក​រៀន​មេរៀន​ថ្នាក់​ទី​១២ នៅពេលនេះ ក៏​ព្រោះតែ​ចង់​ឲ្យ​មុខវិជ្ជា​គិត​លេខ​របស់ខ្លួន​ល្អប្រសើរ​។ កំពុង​ឈរ​ជាមួយ​មិត្តភក្តិ​ស្រី​២​នាក់​ផ្សេងទៀត ដែល​មក​រៀន​ត្រៀម​ដូចគ្នា សុខ​កញ្ញា រៀន​បួន​មុខវិជ្ជា គឺ​គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​ជីវ​វិជ្ជា ដោយ​មួយ​មុខវិជ្ជា​ត្រូវ​បង់ថ្លៃ​សិក្សា​១៥០០​រៀល ក្នុង​មួយ​ម៉ោង​។​


​ជា​សិស្ស​នៃ​សាលា​អន្តរទ្វីប​អាមេរិកាំង សុខ​កញ្ញា បាន​បន្ត​លើកឡើងថា ការ​រឹតបន្តឹង​ការប្រឡង​បាក់​ឌុប ក៏​ជា​ហេតុផល​ដែល​ជំរុញ​ឲ្យ​នាង​មក​រៀន​មេរៀន​មុន​ដែរ​។ សុខ​កញ្ញា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ពេល​ចូលរៀន​វិញ​ត្រូវ​មុខវិជ្ជា​ច្រើន​ត្រូវ​រៀន បើ​រៀន​ត្រៀម​មុន​មួយឆ្នាំ វា​រាង​ធូរ​បន្តិច អត់​មាន​កាតព្វកិច្ច​ច្រើន​។ ណាមួយ យើង​ត្រៀម​មុន​អីចឹង យើង​ក៏មាន​ទុន​ច្រើន​សម្រាប់​ប្រឡង​បាក់​ឌុប​ឆ្នាំក្រោយ​»​។​

​ភ័យខ្លាច​ធ្លាក់​ពេល​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំក្រោយ ក៏​ជា​ក្តីបារម្ភ​របស់​យុវជន ហុង កា​នូ ដែរ​។ ជា​សិស្ស​វិទ្យាល័យ​សម្តេចម៉ែ ក្នុង​ឃុំ​ជប់ ខេត្ត​ត្បូងឃ្មុំ  កា​នូ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ឥឡូវ​គេ​រឹតបន្តឹង​ខ្លាំង អីចឹង​បើ​យើង​អត់​ប្រឹងរៀន គឺ​ធ្លាក់​។ បើ​យើង​មេរៀន​ពេលដែល​វិស្សមកាល​អីចឹង គឺអាច​រៀន​បាន​បី​ដង​។ យើង​រៀន​ពេល​វិស្សមកាល​ហ្នឹង​ម្តង ហើយ​ពេល​ចូលរៀន​យើង​រៀន​សាលា​រដ្ឋ ហើយ​យើង​រៀន​បន្ថែម​ម៉ោង​ពេល​កំពុង​រៀន​ម្តងទៀត​។ អីចឹង​យើង​ជឿជាក់ថា​ជាប់​ច្រើន​ឆ្នាំក្រោយ​»​។​


​សម្រេចចិត្ត​មក​រៀន​ត្រៀម​ថ្នាក់​ទី​១២​ថ្មី​នេះ ក៏ដោយ​សារ កា​នូ ក៏​ចង់​វាស់​ស្ទង់​ពី​សមត្ថភាព របស់​សិស្ស​នៅ​ទីក្រុង និង របៀប​បង្រៀន​របស់​គ្រូ​ផងដែរ​។ «​ខ្ញុំ​ចង់ដឹងថា គ្រូ​នៅទីនេះ​ខុសពី​គ្រូបង្រៀន​នៅតាម​ខេត្ត​យ៉ាងម៉េច យើង​អាច​មើលឃើញ​ទូលំទូលាយ​ថា​អ្នក​នៅទីនេះ​គេ​ខ្លាំង​របៀប​ម៉េច​»​។ នេះ​ជាការ​បញ្ជាក់​របស់ យុវជន​កា​នូ មុននឹង​ថ្លែង​សរសើរ​ពី​ទិដ្ឋភាព​រៀន​នៅ​សាលា​ជ័យ​ថា​វី​យ៉ាង​ដូច្នេះ​៖«​នៅទីនេះ គេ​រៀន​គ្នាច្រើន តែ​ស្ងាត់ ហើយ​គ្រូ​ក៏​បង្រៀន​ល្អ​»​។​

​ងាក​មក​កញ្ញា ប៉េង យី​ម​ពិសី វិញ បានបញ្ជាក់​ពី​មូលហេតុ​ដែល​គេ​មក​រៀន​មេរៀន​ថ្នាក់​ទី​១២ ថា​នៅ​សាលា​ជ័យ​ថា​វី មាន​គ្រូ​ល្អៗ​ច្រើន ហើយ​ឯកសារ​រៀន​ក៏​សម្បូរបែប​ជាង​សាលា​ផ្សេងទៀត​។ បន្ថែម​ពីនេះ សិស្ស​នៃ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​រូបនេះ ចង់យក​ពេលទំនេរ​នៅ​វិស្សមកាល​នេះ មក​ពង្រឹងសមត្ថភាព​លើ​មុខវិជ្ជា​ផ្នែក​គិត​លេខ​របស់ខ្លួន ត្រៀម​សម្រាប់​ការប្រឡង​បាក់​ឌុប​ដែល​ក្រសួង​បន្ត​រឹតបន្តឹង​នៅ​ឆ្នាំ​សិក្សា​ក្រោយ​ដែរ​។ ពិសី ដែល​ចង់​ក្លាយទៅជា​វេជ្ជបណ្ឌិត​ទៅ​អនាគត​នោះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ពេល​ចូលរៀន យើង​មិនមែន​រៀន​តែ​បួន​មុខ​ហ្នឹង​ទេ ដូច្នេះ​ខ្ញុំ​រៀន​បួន​មុខ​ហ្នឹង​ឲ្យ​ខ្លាំង​សិន ចាំ​ចូល​កង​វិញ​ចាំ​សម្រុក​រៀន​មុខវិជ្ជា​មេរៀន​»​។​


​បើតាម កញ្ញា ពិសី ប៉េង យី​ម​ពិសី និង​មិត្តភក្តិ​ត្រូវ​អង្គុយ​រៀន​ជាមួយ​សិស្ស​ប្រមាណ​២០០​នាក់​ផ្សេងទៀត​ក្នុង​មួយ​បន្ទប់ ដែល​សុទ្ធសឹង​ជា​សិស្ស​ថ្នាក់​ទី​១២​ថ្មី​ដូចគ្នា​។ ទោះ​មាន​សិស្ស​យ៉ាងនេះ​ក្តី ប៉ុន្តែ ពិសី អះអាងថា ក្នុង​ម៉ោង​រៀន​គឺមាន​សភាព​ស្ងប់ស្ងាត់ សិស្ស​ម្នាក់ៗ​ស្តាប់​គ្រូ​ពន្យល់​យ៉ាង​យកចិត្តទុកដាក់​។ កញ្ញា យី​ម​ពិសី បាន​ពន្យល់​បន្ថែម​យ៉ាង​នេះ​៖«​អត់​សូវ​រញ៉េរញ៉ៃ ដោយសារ​គេ​មក គេ​ដឹង​តែ​រៀន ម្នាក់​គេច​ង់​រៀន គេ​ស្តាប់​គ្រូ​ពន្យល់ ហើយ​គ្រូ​គាត់​ពន្យល់​ក្បោះក្បាយ​ទៀត​»​។​

​ដ្បិត​ពួកគេ​អះអាងថា ទីនេះ​មាន​គ្រូ​ល្អ និង​សម្បូរ​ឯកសារ​ច្រើន​សម្រាប់​រៀន​ក៏ពិតមែន ប៉ុន្តែ​សិស្ស​ច្រើនពេក​ក្នុង​មួយ​បន្ទប់ តម្រូវ​ឲ្យ​ពួកគេ​មក​រៀន​ឲ្យ​បាន​លឿន ដើម្បី​បាន​អង្គុយ​តុ​ខាងមុខ ដែល​ងាយស្រួល​ស្តាប់​គ្រូ​ពន្យល់ និង​សួរ​មេរៀន​។ អ្នក​ដែល​មក​រៀន​យឺត ត្រូវ​អង្គុយ​ពាក់កណ្តាល ឬ​នៅ​ខាងក្រោយ​ផុត​នោះ ដែល​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​ស្រែកសួរ​គ្រូ ពេល​ឆ្ងល់​ម្តងៗ​។​

​យ៉ាងណាក៏ដោយ ទាំង​ពិសី កញ្ញា និង​កា​នូ សុទ្ធតែ​បាន​រំពឹងទុក​ថា​ពួកគេ​នឹង​ប្រឡង​ជាប់ និង​រំពឹង​ទទួលបាន​និទ្ទេស​ល្អ​ផង សម្រាប់​ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​សិក្សា​២០១៦-២០១៧ ខាងមុខ​៕


Tag:
 បាក់​ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com