ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ទាល់​តែ​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​ដំណោះស្រាយ ទើប​មេធាវី បន្ត​ជួយ​ឯកឧត្តម កឹម សុខា​
14, Aug 2016 , 11:17 am        
រូបភាព
​ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ចប់​ការ​ស៊ើបសួរ លើ​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​។ ឯកឧត្តម កឹម សុខា ត្រូវបាន​ចោទ​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលាការ​ចាត់ទុកថា​ជា បទល្មើស​ជាក់ស្តែង​។



​តាម​នីតិវិធី បន្ទាប់ពី​បញ្ចប់​ការ​ស៊ើបសួរ ចៅក្រម​ស៊ើបសួរ  ត្រូវ​ទម្លាក់​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា ទៅ​ស្ថាប័ន​អយ្យការ​វិញ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា ធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថាពរ​។ ក្រោយ​ធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថាពរ​រួចរាល់​ហើយ ព្រះរាជអាជ្ញា នឹង​បញ្ជូន​រឿងក្តី ទៅកាន់​ចៅក្រម​ស៊ើបសួរ​សាជាថ្មី ដើម្បី​ឲ្យ​ចាត់ការ​បន្ត​។

​នៅពេល​សំណុំរឿង​ធ្លាក់​ដល់ដៃ​ម្តងទៀត ចៅក្រម​ស៊ើបសួរ ត្រូវ​ចេញ​ដីកា​ដំណោះស្រាយ​។ ដីកា​ដំណោះស្រាយ​នេះ គឺជា​ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ ថា​ត្រូវបញ្ជូន​សំណុំរឿង​របស់​ឧ​ត្ត​ម កឹម សុខា ទៅ​ជំនុំជម្រះ ឬក៏​តម្កល់ទុក​ឥត​ចាត់ការ​។

​លោក ហែម សុជាតិ មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៥​រូប ដែល​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា បាន​អះអាងថា ក្នុង​កាលៈទេសៈ​នេះ សហ​មេធាវី ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​សិន​។ លោក បន្ថែមថា លុះត្រាតែ​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​ដំណោះស្រាយ ទើ​បក្រុម​មេធាវី​ទាំងនោះ អាច​សម្រេចចិត្ត ថា​ត្រូវធ្វើ​អ្វី​បន្តទៀត ដើម្បី​ការពារ​ឯកឧត្តម កឹម សុខា តាមផ្លូវ​ច្បាប់​។

​កន្លងមក លោក ហែម សុជាតិ ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ម្តង​រួចមកហើយ ថា​លោក ហាក់ដូចជា​គ្មាន​សង្ឃឹមថា ចៅក្រម​ស៊ើបសួរ​នឹង​តម្កល់​សំណុំរឿង​របស់​កូនក្តី​ខ្លួន ទុក​ឥត​ចាត់ការ​នោះទេ​។ លោក បញ្ជាក់ថា ក្រុម​មេធាវី មានតែ​ត្រៀមខ្លួន ចេញមុខ​ការពារ​កូនក្តី​របស់ខ្លួន​ប៉ុណ្ណោះ នៅពេល​ចៅក្រម​ស៊ើបសួរ សម្រេច​បញ្ជូន​សំណុំរឿង​ទៅ​ជំ​នុះ​ជម្រះ​។​

​សូម​សូមបញ្ជាក់ថា មូល​ហេតុដែល​តុលាការ ចោទ​ឯកឧត្តម កឹម សុខា ថា​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ដោយសារតែ​អនុប្រធាន​បក្សប្រឆាំង​រូបនេះ បដិសេធ​មិន​បង្ហាញខ្លួន​ក្នុងនាម​ជា​សាក្សី​ចំនួន​២​លើក ជុំវិញ​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ​។ មកដល់នឹង​ពេលនេះ អស់​រយៈ​ជាង​២ ខែ​ហើយ ដែល​ឯកឧត្តម កឹម សុខា ឃុំ​ខ្លួនឯង​នៅក្នុង​ទីស្នាក់ការ​កណ្តាល​៕


Tag:
 កឹម សុខា​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com