ជាតិ
អ្នក​អភិរក្ស​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ ស្នើ​ឲ្យ​រដ្ឋាភិបាល​ដំឡើងថ្លៃ​សំបុត្រ​ចូល​ទស្សនា​
14, Aug 2016 , 8:59 pm        
រូបភាព
ដោយ:
តាកែវ៖ លោក និ​ក ម៉ាក នាយក​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បានស្នើ​ឲ្យ​រដ្ឋាភិបាល ដំឡើងថ្លៃ​សំបុត្រ​ចូល​ទស្សនា​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​។ ការស្នើ​ដំឡើងថ្លៃ​នេះ គឺ​ក្នុង​បំណង​ឲ្យ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ អាច​គ្រប់គ្រង​បាន​ដោយ​ខ្លួនឯង មិនចាំបាច់​ពឹងផ្អែក​ជំនួយ​របស់​អង្គការ​អន្តរជាតិ​។ បើតាម លោក និ​ក ម៉ាក កន្លងមក លោក​ក៏​ធ្លាប់​ស្នើ​ឲ្យ​ដំឡើងថ្លៃ​សំបុត្រ​ចូល​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​នេះដែរ ប៉ុន្តែ​លោក​មិនទទួលបានចម្លើយ​​ពី​រដ្ឋាភិបាល​នោះឡើយ​។



​លោក និ​ក ម៉ាក អ្នក​អភិរក្ស​សត្វព្រៃ​សួនសត្វ​ភ្នំ​តា​ម៉ៅ បានស្នើ​ដល់​រដ្ឋបាល​ព្រៃឈើ និង​រដ្ឋាភិបាល​ជា​ញឹកញាប់ ឲ្យ​ដំឡើងថ្លៃ​សំបុត្រ​ចូល​ទស្សនា​ភ្នំ​ម៉ៅ ដើម្បី​យកប្រាក់ ទៅគ្រប់​គ្រង​ការទិញ​ចំណី​សត្វ និង​ការការពារ​ឧទ្យាន​សួនសត្វ​ដ៏​ធំ​មួយ​នេះ​។ សម្រាប់​អ្នក​អភិរក្ស​ដែល​បាន​ចំណាយពេល​អស់​១៤​ឆ្នាំ​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​នេះ ការប្រមូល​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​សត្វព្រៃ​នៅ​ភ្នំតាម៉ៅបាន​តិចតួច មិនអាច​ផ្គត់ផ្គង់​ការចំណាយ​ទិញ​ចំណី​សត្វ ប្រាក់ខែ​បុគ្គលិក និង​អ្នកការពារ​សត្វព្រៃ​បានឡើយ​។ តម្លៃ​សំបុត្រ​ចូល​ទស្សនា​ភ្នំ​តា​ម៉ៅ​បច្ចុប្បន្ន​សម្រាប់​ជនជាតិខ្មែរ​ម្នាក់​គឺមាន​តម្លៃ​២០០០​រៀល និង​៥​ដុល្លារ​សម្រាប់​ជនបរទេស ខណៈ​តម្លៃ​ដែល​លោក​និក ម៉ាក ចង់បាន​នោះ គឺ​សំបុត្រ​ពី​១​ដុល្លារ​ទៅ​២​ដុល្លារ​សម្រាប់​ជនជាតិខ្មែរ និង​តម្លៃ ១០​ដុល្លារ​សម្រាប់​ជនបរទេស​។

​សូម​ស្តាប់​ប្រសាសន៍​របស់ លោក និ​ក ម៉ាក ៖




​ក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​សារព័ត៌មាន​ថ្មីៗ បុរស​ជនជាតិ​អង់គ្លេស​រូបនេះ ក៏បាន​បញ្ជាក់ដែរថា លោ​កន​ស្នើ​ទៅ​រដ្ឋាភិបាល​ជាច្រើន​ដង អំពី​ការដំឡើង​តម្លៃ​សំបុត្រ​នេះ តែ​លោក​មិនដឹង​មូល​ហេតុដែល​រដ្ឋាភិបាល​មិន​ព្រម​ដំឡើង​តម្លៃ​សំបុត្រ​នោះឡើយ​។



​សូមបញ្ជាក់ថា ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ មាន​ផ្ទៃដី​២៣០០​ហិច​តា ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ភាគខាងត្បូង​រាជធានី​ភ្នំពេញ ប្រហែល​៤០​គីឡូម៉ែត្រ​។ ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ មិន​ត្រឹមតែ​ជា​កន្លែង​អភិរក្ស​សត្វព្រៃ​ដ៏​ល្អ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កន្លែង​ទេសចរណ៍​សត្វព្រៃ​ដ៏​ពេញនិយម​នៅ​កម្ពុជា​ដែរ​។ ក្នុងនោះ មាន​សត្វព្រៃ​ចំនួន​១២០០​ក្បាល និង​១០០​ប្រភេទ​។         

​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​មជ្ឍមណ្ឌល​សង្គ្រោះ​សត្វព្រៃ ក៏​ទទួលបាន​ជំនួយ​ពី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​(Wildlife Alliance)  ចាប់តាំងពី​ឆ្នាំ​២០០១ ។ អង្គការ​នេះ បាន​ចំណាយ​ថវិកា​ប្រមាណ​៤០​ទៅ​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយឆ្នាំៗ​៕


Tag:
 និ​ច ម៉ាក​
  ​ភ្នំ​តា​ម៉ៅ​
 ​ សត្វព្រៃ​
© រក្សាសិទ្ធិដោយ thmeythmey.com