ជាតិ
ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី អាច​ទទួលបាន​តំណែង​ថ្មី​
14, Aug 2016 , 2:10 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញមុខ​ពន្យល់​សាធារណជន​នៅ​ថ្ងៃ​អាទិត្យនេះ អំពី​មូល​ហេតុដែល​សម្តេច​សម្រេច​ដកតំណែង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក សុខ សុគន្ធ នៅ​ថ្ងៃ​សៅរ៍​។ នៅក្នុង​ការពន្យល់​ជាលា​យ​ល័​ក្ខ​ណ៍អក្សរ​នៅលើ​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ប្រមុខ​រដ្ឋាភិបាល​បាន​បង្ហើប​ថា លោក សុខ សុគន្ធ នឹង​អាច​ត្រូវបានតែងតាំង​មុខតំណែង​ថ្មី​។​



​កំហុស​របស់លោក​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ​ក្នុងករណី​ឃាត់​រថយន្ត​សង្គ្រោះ​នៃ​វិទ្យុ ABC នោះ គឺ​ការអនុវត្ត​ខុស​នីតិវិធី​។ នេះ​គឺជា​ការបកស្រាយ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃអាទិត្យ​នេះ ពោលគឺ​មួយថ្ងៃ​ក្រោយពី​សម្តេច​សម្រេច​ដកតំណែង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី ហើយក៏​មានការ​អត្ថាធិប្បាយ​ថា ចំណាត់ការ​របស់​សម្តេច​នេះ នឹងធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ខ្លាចរអា ​នឹង​ការអនុវត្ត​ច្បាប់​។

​ប្រមុខ​រដ្ឋាភិបាល​បញ្ជា​ក់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រធាន​មន្ទីរ​សុខាភិបាល​ពិតជា​មន្ត្រី​នរគ​បាល​យុត្តិធម៌ ប៉ុន្តែ​ប្រសិនបើ​គាត់​អនុវត្ត​ន៍ក្នុងតួនាទី​នេះ ទាក់ទង​នឹង​បទល្មើស គឺ​ចាំបាច់​ត្រូវ​រាយការណ៍​សុំ​ការដឹកនាំ និង​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា ស្របតាម​នីតិវិធី​ជា​ធរមាន​»​។ សម្តេច​បន្ថែមថា​៖«​ប៉ុន្តែ ក្នុង​កំណត់ហេតុ​ឃាត់​រថយន្ត ​លោក​ប្រធាន​មន្ទីរ​បាន​ប្រើប្រាស់​តួនាទី​ជា​លេខាធិការដ្ឋាន​ លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់ ​ហើយ​ប្រ​ត្តិ​ប​ត្តិ​ការ​ដោយ​កម្លាំង​មន្ទីរ​សុខាភិបាល​ទាំងអស់ ដោយ​គ្មាន​ការចូលរួម​ពី​នគរបាល ឬ​អាវុធហត្ថ ឬ​ស្ថាប័ន​អយ្យការ​នោះទេ បន្ថែម​លើ​នោះ គឺ​គ្មាន​របាយការណ៍​មក​ថ្នាក់លើ ឬ​ស្ថាប័ន​អយ្យកា​រពាក់​ព័ន្ធ​ បន្ទាប់ពី​ការឃាត់​រថយន្ត​នោះដែរ​»​។​

​នៅក្នុង​ខ្លឹមសារ​នៃ​ការបកស្រាយ​អំពី​ចំណាត់ការ​របស់​ប្រមុខ​រដ្ឋាភិបាល​ដដែល លោក សុខ សុគន្ធ នឹងមិន​ត្រូវ​បោះបង់ចោល​ឡើយ​។ សម្តេច ហ៊ុន សែន បាន​សរសេរ​បន្ត​ដោយ​បង្ហាញ​អំពី​ផល​លំបាក ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ដោយ​ផ្តល់​សារសំខាន់​ដល់​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​មាន​ប្រជាប្រិយ និង​ដល់​ទាំង​មន្ត្រីរាជការថា អតីត​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ នឹង​អាច​ត្រូវបានតែងតាំង​នៅក្នុង​តួនាទី​សមរម្យ​ណាមួយ​ នៅ​ថ្នាក់ជាតិ ឬ​ថ្នាក់ក្រោម​ជាតិ​។​

​គួររម្លឹកថា អតីត​ប្រធាន​មន្ទីរ​សុខាភិបាល​ សម្រេច​ឲ្យ​មន្ត្រី​ឃាត់​រថយន្ត​សង្គ្រោះបន្ទាន់​របស់​វិទ្យុ ABC ដែលជា​វិទ្យុ​មហាជន​ដ៏​ល្បី ក្រោម​មូល​ហេតុថា រថយន្ត​សង្គ្រោះ​នេះ​ មិនមាន​បំពាក់​បរិក្ខារ​សង្គ្រោះបន្ទាន់ មាន​ស្លាក​លេខ​ជាដើម​។ ក្រោយ​ការឃាត់​រថយន្ត​សង្គ្រោះ​នេះ​ភ្លាម មហាជន​មួយចំនួន និង​បុគ្គលិក​វិទ្យុ ABC បាន​សំដែង​ប្រតិកម្ម​យ៉ាងខ្លាំង ដោយ​អះអាងថា រថយន្ត​សង្គ្រោះ​នេះ គឺ​រថយន្ត​ដែល​បម្រើ​វិស័យ​មនុស្សធម៌ និង​បាន​ជួយ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ជាច្រើន ហើយ​ពួកគេ​ក៏បាន​សរសេរ​សុំ​អន្តរាគមន៍​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​។​

​សម្តេច ហ៊ុន សែន ក៏បាន​សម្រេច​តំណែង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​បានផ្តល់​រថយន្ត​សង្គ្រោះ​ចំនួន​២​បន្ថែម​ដល់​វិទ្យុ​មហាជន ABC ដែល​គ្រប់គ្រង​ដោយ​លោក​អាចារ្យ អេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com