ជាតិ
​​​ន​យោ​បាយ​ជាតិ​
​មេធាវី​លោក នី ចរិយា នឹង​ប្តឹងទៅ​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​ច្រានចោល​នីតិវិធី​របស់ ACU
14, Aug 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដោយសារតែ​មិន​សុខចិត្ត​នឹង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (ACU) បានប្រគល់​សិទ្ធិ​ឲ្យ​មេធាវី ដើម្បី​ប្តឹង​ជំទាស់ ទៅកាន់​តុលាការ​កំពូល​។ គម្រោង​នៃ​ការ​ប្តឹងទៅ​តុលាការ​កំពូល​នេះ គឺធ្វើឡើង​បន្ទាប់ពី​សាលាឧទ្ធរណ៍ បដិសេធ​នឹង​សុំ​ណើ​សុំ​មោឃភាព​នីតិវិធី របស់​មេធាវី​។

 


​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សំ សុ​គង់ មេធាវី​របស់លោក នី ចរិយា បាន​អះអាងថា លោក នឹង​បន្ត​ដាក់​លិខិត​ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​ទាត់ចោល​នូវ​នីតិវិធី របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ មេធា​រី​រូបនេះ បន្ថែមថា ការដាក់​លិខិត​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៥ ឬ​១៦ ខែសីហា ឆ្នាំ​២០១៦​។ លោក​បញ្ជាក់​បែបនេះ​ថា​៖«​បើ​មិន​ថ្ងៃ​ចន្ទ គឺ​ថ្ងៃ​អង្គារ ខ្ញុំ​ដាក់​ហើយ (​លិខិត​)»​។

​មុខ​នឹង​ឈានទៅដល់​តុលាការ​កំពូល លោក សំ សុ​គង់ បាន​ប្តឹងទៅ​សាលាឧទ្ធរណ៍​ម្តង​រួចមកហើយ កាលពីពេល​ថ្មីៗ​នេះ ជុំវិញ​សំណើសុំ​មោឃភាព​នីតិវិធី​ខាងលើ​។ ប៉ុន្តែ សាលា​ឧ​ទ្ទ​រណ៍ មិនបាន​យល់ព្រម​តាម​សំណើ​របស់លោក សំ សុ​គង់ ឡើយ ហើយក៏​សម្រេច​បញ្ជូន​សំណុំរឿង​របស់លោក នី ចរិយា ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ ដើម្បី​ឲ្យ​ចាត់ការ​បន្ត​។ សាលាឧទ្ធរណ៍ បាន​លើក​ហេតុផល ប្រាប់​ទៅ​លោក នី ចរិយា និង​មេធាវី ថា ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​ប្រាស់ចាក​នឹង​នីតិវិធី​នោះទេ​។​

​លោក សំ សុ​គង់ ធ្លាប់​ពន្យល់ថា បណ្តឹងសុំ​មោឃភាព​នីតិវិធី គឺជា​ការជំទាស់​ទៅនឹង​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កន្លងមក ដែល​ឃាត់ខ្លួន និង​នាំ​លោក នី ចរិយា ទៅ​សាកសួរ លើសពី​ម៉ោង​រដ្ឋបាល ដែល​ច្បាប់​កំណត់​។ លោក សង្កត់ធ្ងន់ថា ប្រសិនបើ​តុលាការ​ជាន់ខ្ពស់ សម្រេច​ច្រានចោល​នីតិវិធី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ តាម​សំណើ​របស់ខ្លួន​មែន​នោះ លោក នី ចរិយា អាច​នឹង​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។

​ក្រៅពី​សំណើសុំ​មោឃភាព​នីតិវិធី មេធាវី​របស់លោក នី ចរិយា រួមទាំង​មេធាវី​របស់​មន្ត្រី​អាដហុក​៤​រូប​ទៀត ក៏បាន​ដាក់​សំណើសុំ​នៅក្រៅ​ឃុំ ទៅកាន់​តុលាការ​កំពូល​ផងដែរ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ តុលាការ​កំពូល​មិនទាន់​ឆ្លើយតប​នឹង​សហ​មេធាវី នៅឡើយ​ទេ ថា​បណ្តឹងសុំ​នៅក្រៅ​ឃុំ នឹងត្រូវ​បើកសវនាការ នៅពេលណា​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សំ សុ​គង់ ដដែល​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ លោក នី ចរិយា និង​មន្ត្រី​អាដហុក​ទាំង​៤​រូប គឺ លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​។ បើតាម​ការចោទប្រកាន់​របស់​តុលា​ការជាន់​ទាប អ្នក​ទាំង​៥​ខាងលើ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕


Tag:
 គជប​
  អាដហុក​
  មេធា​វិ​
  មោឃភាព​នីតិវិធី​
© រក្សាសិទ្ធិដោយ thmeythmey.com