ជាតិ
មនុស្ស​ជាង​៨០០​នាក់​ចូលរួម​ជិះ​កង់​រក​មូលនិធិ​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​
15, Aug 2016 , 8:24 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ កម្មវិធី​ជិះ​កង់​សប្បុរសធម៌ ក្រោម​ពាក្យស្លោក «​ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ​»​លើក​ទី​៣ បានរៀបចំ​ធ្វើ​នៅ​ថ្ងៃទី​១៤ ខែសីហា​។ អ្វីដែល​ពិសេស​នោះ គឺថា​កម្មវិធី​នៅ​ឆ្នាំ​ទី​៣​នេះ មាន​មនុស្ស​ចូលរួម​រហូតដល់ ៨៥០​នាក់​។



​ក្បួន​ជិះ​កង់​ក្រោម​ពាក្យស្លោក «​ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ​»​លើក​ទី​៣ បានចាប់ផ្តើម​ចេញដំណើ​រ​ពី​ស្ពានថ្ម​ផ្សារ​ចាស់ នៅ​ម៉ោងជាង​៧​ព្រឹក ថ្ងៃទី​១៤ សីហា​។ ក្បួន​កង់​មនុស្សធម៌​នេះ មានការ​សម្រួល​ចរាចរណ៍​ពី​អាជ្ញាធរ ហើយ​បន្តដំណើរ​តាមផ្លូវ​គោលដៅ​មួយចំនួន មុននឹង​ទៅដល់​ស្រះស្រង់ ដែលជា​គោលដៅ​ចុងក្រោយ​។​

​ថ្លែង​ទៅកាន់​អ្នកចូលរួម​ទាំំ​ង ៨៥០​នាក់ (​ទាំង​អ្នករៀបចំ​កម្មវិធី​) មុន​ក្បួន​ដំណើរ​ចាកចេញ លោក​វេជ្ជបណ្ឌិត ងួន ចាន់​ភ័​ក្ត្រា ប្រធាន​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​កោតសរសើរ​ចំពោះ​ទឹកចិត្ត​របស់​អ្នកចូលរួម ហើយ​ថា​នេះ​ជា​សកម្មភាព​មនុស្សធម៌​ដ៏​អស្ចារ្យ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ មន្ទីរពេទ្យ​កុមារ​អង្គរ គឺជា​មន្ទីរពេទ្យ​ដែល​ព្យាបាល​កុមារ​ក្រីក្រ​ដោយ​មិន​គិតថ្លៃ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត ទាំង​ទឹកមុខ​សប្បាយរីករាយ និង​រំភើប​នៅ​ចំពោះមុខ​អ្នកចូលរួម​ជិះ​កង់​ដែលមាន​ចំនួន​ច្រើន​។​

​តាម​ការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត កាលពី​ឆ្នាំ​ទី​១ កម្មវិធី​ជិះ​កង់​មនុស្សធម៌​នេះ​មាន​អ្នកចូលរួម​តែ ៤៧០​នាក់​តែប៉ុណ្ណោះ ដល់​ឆ្នាំ​ទី​២ កើន​ឡើងដល់​ប្រមាណ ៥៧០​នាក់  ហើយ​ឆ្នាំនេះ គឺ​កើន​ឡើងដល់​ទៅ ៨៥០​នាក់​។​

​លោក ហ៊ុន សុជាតិ ម្ចាស់​ក្រុមហ៊ុន Cycling Cambodia ដែលជា​អ្នក​ផ្តើម​រៀបចំ​កម្មវិធី​ប្រចាំឆ្នាំ រៃអង្គាស​ថវិកា​ជួយ​ពេទ្យ​កុមារ​អង្គរ បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​ប្រមាណ​៥០ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​កម្មវិធី​ជិះ​កង់​នៅ​ឆ្នាំ​ទី​៣​នេះ​។ លោក​បន្ថែមថា ថវិកា​ដែល​បាន​ពី​អ្នកចូលរួម​ទាំំ​ង​អស់ (អ្នកចុះឈ្មោះទាំង ៧៥០នាក់) នឹងត្រូវ​ប្រគល់​ដល់​ម​ន្ទីរ​ពេទ្យ​កុមារ​អង្គរ​។ តាម​របាយការណ៍​ជាបឋម ថវិកា​ដែល​បាន​ពី​ការ​ជិះ​កង់​នៅ​ឆ្នាំនេះ គឺមាន​ប្រមាណ ១៥០០០​ដុល្លារ​។​

​គួរ​បញ្ជាក់ថា ក្រៅពី​កង្វះ​ថវិកា​ប្រចាំឆ្នាំ​ហើយ​នោះ មន្ទីរពេទ្យ​កុមារ​អង្គរ ដែលជា​មន្ទីរពេទ្យ​ដាច់ដោយឡែក​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា ក៏​នៅមាន​បញ្ហា​ក​ង្វះឈាម ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ជីវិត​កុមារ​ផងដែរ​។ យោងតាម​របាយការណ៍​របស់​មន្ទីរពេទ្យ ក្នុង​មួយថ្ងៃ​មាន​កុមារ​ជា​មធ្យម ៥០០​នាក់ ដែល​ចូលទៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ ក្នុង​ឆ្នាំ​២០១៦​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​ខ្វះ​ថវិកា​ប្រមាណ ១​លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​បង្គ្រប់​ការចំណាយ​ប្រចាំឆ្នាំរបស់ខ្លួន​៕


Tag:
 មន្ទីរពេទ្យ​កុមារ​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com