ជាតិ
តុលាការ​កំពូលរ​ក្សាប​ទ​ចោទ​លើ​សំណុំរឿង​លោក ថោង សារ៉ាត់ និង​ឪពុកម្តាយ​
15, Aug 2016 , 9:42 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ តុលាការ​កំពូល បានប្រកាស​សាលដីកា​រក្សា​បទចោទប្រកាន់​លើ​លោក ថោង សារ៉ាត់ និង​ឪពុកម្តាយ គឺ​លោក ថោង ចំរើន និង​អ្នកស្រី កែវ សារី ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់  តាម​មាត្រា ៤៩០​នៃ​ក្រមព្រហ្មទណ្ឌ​ដដែល នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦​នេះ​។​



​លោក ថោង សារ៉ាត់ និង ឪពុកម្តាយ ត្រូវ​ជាប់ពន្ធនាគារ​ព្រៃ​សរ​ចំនួន​២​ឆ្នាំ​ម្នាក់ និង​ពិន័យ​ប្រាក់​ចំនួន ៦​លាន​រៀល ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់​វែង​ខ្លី​ចំនួន​១១​ដើម  តាម​មាត្រា ៤៩០​នៃ​ក្រមព្រហ្មទណ្ឌ​កាល តាម​អំណាច​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៥ មិថុនា ឆ្នាំ​២០១៥​កន្លងទៅ​។​
 
​គួរ​ជម្រាបជូន​ថា ក្រោយ​ចេញពី​បន្ទប់​សវនាការ​តុលាការ​កំពូល​ភ្លាមៗ លោក ថោង ចំរើន អាយុ ៦៣​ឆ្នាំ និង​លោកស្រី កែវ សារី អាយុ ៥៥​ឆ្នាំ ពុំ​ចង់​និយាយ អ្វី​តប​នឹង​សំណួរ​អ្នកសារព័ត៌មាន​ឡើយ​កាលពី​ថ្ងៃទី​៨ ខែសីហា ខណៈ​កូនប្រុស​ពួកគេ​លោក ថោង សារ៉ាត់ ឧ​ត្ត​ម​សេនីយ៍​ទោ​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​ថៅកែ​សាច់​ប៉ាត់​តេ ៩៩៩ ម្ចាស់​បុរី ៩៩៩ និង ជា​ប្រធាន​ក្រុមហ៊ុន Meanchey Inteational Investment ត្រូវបាន​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​ពីបទ «​ផ្តើមគំនិត ក្នុង​អំពើ​ឃាតកម្ម គិតទុក​ជាមុន​» តាម​មាត្រា ២៨ និង ២០០ នៃ​ក្រមព្រហ្មទណ្ឌ និង​ពីបទ «​កាន់កាប់​ដឹកជញ្ជូន ប្រើប្រាស់​អាវុធ​គ្មាន​ការអនុញ្ញាត​» អវត្តមាន ក្នុង​សវនាការ​។​
 
​លោកស្រី កែវ សារី បាន​និយាយ​យ៉ាងខ្លី​ទាំង​ញញឹម​ពេល​ដើរ​ចេញពី​បន្ទប់​សវនាការ​តុលាការ​កំពូល យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​គ្មាន​ពាក្យ​អ្វី​និយាយ​ទេ​។ ខ្ញុំ​ទុក​ឲ្យ​មេធាវី​ការពារ​»​។​
 
​តែ​យ៉ាងណា លោក​មេធាវី​ការពារ​ឪពុកម្តាយ​លោក ថោង សារ៉ាត់ លោក ហាវ ស៊ី​ណាត បដិសេធ​ពុំទាន់​និយាយ​អ្វី ទាំងអស់​។ លោក​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​រក្សា​សិទ្ធិ​និយាយ​ពិភាក្សា​ជាមួយ​កូនក្តី​សិន​។ ខ្ញុំ​មិនអាច​និយាយ​អ្វី​បានទេ នៅពេលនេះ​។ សុំទោស​បង​»​។​
 
​គួរ​រម្លឹក​ផងដែរ តុលាការ​រកឃើញថា ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​លាក់​អាវុធ​នៅផ្ទះ​លេខ​៩២១ ផ្លូវ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ក្រោយ​ករណី​ឃាត​ត​កម្ម​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ អាយុ ៥៣ ឆ្នាំ ជា​ថៅកែ​ក្រុមហ៊ុន ស៊ីម៉ងត៍​ត្បូង​ពេជ្រ និង​ជា​ប្រធាន​ក្រុមហ៊ុន Shimmex Group ត្រូវ​ខ្មាន់កាំភ្លើង (​ឃាតករ​) បាញ់សម្លាប់ កាលពី​ម៉ោង ៧​យប់​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅពេល​លោក​ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ទិញ​ផ្លែឈើ នៅ​ហាង​លក់​ផ្លែឈើ​មួយ ស្ថិតនៅ​ផ្លូវ​លេខ ២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី ២ ខណ្ឌចំការមន​៕


Tag:
 ថោង ចំរើន
  កែវ សារី​
  ថោង សារ៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com