ជាតិ
សេដ្ឋកិច្ច
សិទ្ធិ​គ្រប់គ្រង តូប រាន ស្តង់​៖ សម្តេច ហ៊ុន សែន ប្រើ​យុទ្ធសាស្ត្រ​ពន្លត់ភ្លើង​ជាជាង​អង្គុយ​បក់ផ្សែង
15, Aug 2016 , 8:06 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្តល់​សិទ្ធិ​ជូន​អាជីវករ​នូវ​សិទ្ធិ​កាន់កាប់ សិទ្ធិ​ប្រើប្រាស់ សិទ្ធិ​អាស្រ័យ​ផល​លើ​តូប រាន ស្តង់ និង​កន្លែង​លក់ដូរ​ដទៃទៀត ព្រមទាំង​មាន​សិទ្ធិ​ផ្ទេរសិទ្ធិ​ទាំងនេះ​ទៅ​កូនចៅ​ជំនាន់​ក្រោយ ឬ​អ្នកដទៃ​បាន​ទៀតផង​។ នេះ​បើ​យោងតាម​សារាចរ​របស់​រដ្ឋាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី​១៥ សីហា ឆ្នាំ​២០១៦​នេះ​។



​បន្ទាប់ពី​ចុះ​ពិនិត្យ​ការលក់ដូរ​របស់​ប្រជាជន​នៅ​ទូទាំងប្រទេស សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារាចរ​សម្រេច ពន្យារ​អាណត្តិ​សិទ្ធិ​ក្នុងការ​កាន់កាប់​ផ្សារ របស់​អាជីវករ​ឲ្យ​បាន​ច្រើន​ឆ្នាំ​តកូនតចៅ ដោយ​ក្នុងនោះ អាជីវករ​នឹងមាន​សិទ្ធិ​កាន់កាប់ សិទ្ធិ​ប្រើប្រាស់ សិទ្ធិ​អាស្រ័យ​ផល​លើ​តូប រាន ស្តង់ និង​មាន​សិទ្ធិ​ផ្ទេរ​ទៅ​កូនចៅ ឬ​អ្នកដទៃ​ទៀតផង​។ នេះ​បើ​យោងតាម​សារាចរ​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃទី​១៥ សីហា ឆ្នាំ​២០១៦​នេះ​។

​យ៉ាងណាក៏ដោយ បើតាម​សារាចរ​នេះ អាជីវករ​ទូទាំងប្រទេស​មាន​សិទ្ធិ​ជាច្រើន​មែន តែ​នៅមាន​កា​រត​ព្វ​កិច្ច​បង់​ថវិកា​ចូល​រាជធានី​-​ខេត្ត​ដូចជា ភាស៊ី និង​ថ្លៃ​ជួល​តូប រាន ស្តង់ និង​កន្លែង​លក់ដូរ​ដទៃទៀត តាម​ការកំណត់​នៅក្នុង​សៀវភៅ​បន្ទុក និង​បង់ពន្ធ​តាម​ការកំណត់​នៃ​ច្បាប់​។

​ទន្ទឹមគ្នានេះ ផ្សារ​ទាំងអស់​នឹងត្រូវ​បែង​ចែកជា​៤​ប្រភេទ ដែល​អាជីវករ​ដែលមាន​តូប  រាន ស្តង់ និង​កន្លែង​លក់ដូរ​ដទៃទៀត មាន​សិទ្ធិ និង​កាតព្វកិច្ច ទៅតាម​ប្រភេទ​ផ្សារ​នីមួយៗ​៖
​ក​.​ផ្សារ​ដែលជា​អំណោយ​របស់​រដ្ឋាភិបាល គឺ​មិនមាន​កំណត់​អាណត្តិ​លើ​សិទ្ធិ​កាន់កាប់ ប្រើប្រាស់ និង​អាស្រ័យ​ផល អាច​ផ្ទេរសិទ្ធិ​កាន់កាប់ ប្រើប្រាស់  និង​អាស្រ័យ​ផល​ទៅ​កូនចៅ ឬ​អ្នកដទៃ​បាន ប៉ុន្តែ​ផ្សារ​និង​ទីតាំង​គឺជា​កម្មសិទ្ធិ​របស់​រដ្ឋ​។ ក្នុងនោះ អាជីវករ​មិនមាន​កាតព្វកិច្ច​បង់ថ្លៃ​ជួល​នោះទេ​។

​ខ​. ផ្សារ​រដ្ឋ តែ​ត្រូវ​ឯកជន​ដេញថ្លៃ​ជា​សាធារណៈ ដើម្បី​ប្រមូល​ភាស៊ី​។ ផ្សារ​ប្រភេទ​នេះ គឺមាន​លក្ខណៈ​ដូចគ្នា​នឹង​ផ្សារ​ប្រភេទ​«​ក​»​ដែរ តែ​ខុសគ្នា​ត្រង់ អាជីវករ​មាន​កាតព្វកិច្ច​បង់ថ្លៃ​ជួល​តូប រាន ស្តង់ និង​កន្លែង​លក់ដូរ​ផ្សេងៗ​ទៀត​។

គ​. ផ្សារ​ដែល​ឯកជន​បាន​សាងសង់ និង​អភិវឌ្ឍន៍​លើដី​រដ្ឋ និង ឃ ផ្សារ​ដែលមាន​លក្ខ​ណៈស​ម្ប​ទាន​ពីរ​ដ្ឋ​ឲ្យ​ទៅ​ឯកជន​ដើម្បី​អភិវឌ្ឍន៍​។ ផ្សារ​ទាំងពីរ​នេះ គឺ​សិទ្ធិ និង​កាតព្វកិច្ច​របស់​អាជីវ​ករ ត្រូវបាន​កំណត់​តាម​ពីរ​ដំណាក់កាល​។

ទី​១. ដំណាក់កាល​ជាប់​ការវិនិយោគ​របស់​ឯក​ជន គឺ​ត្រូវបាន​បន្ត​ជូន​នូវ​អាណត្តិ​លើ​សិទ្ធិ​កាន់កាប់ សិទ្ធិ​ប្រើប្រាស់ និង​អាស្រ័យ​ផល ឯ​អ្នកមាន​ប័ណ្ណ​កាន់កាប់​តូប រាន ស្តង់​ឬ​កន្លែង​លក់​ដទៃទៀត គឺមាន​សុពលភាព​នៅ​ដដែល​។ មួយវិញទៀត អាជីវករ អាច​ផ្ទេរសិទ្ធិ​កាន់កាប់ ប្រើប្រាស់ និង​អាស្រ័យ​ផល​ទៅ​កូនចៅ ឬ​អ្នកដទៃ​បាន ប៉ុន្តែ​មិន​ផ្តល់​កម្មសិទ្ធិ​ជូន​ទេ​។ លើសពីនេះ អាជីវករ មាន​កាតព្វកិច្ច​បង់ថ្លៃ​ជួល និង​ភាស៊ី​តាម​ការកំណត់​ក្នុង​សៀវភៅ​បន្ទុក និង​បង់ពន្ធ​តាម​ការកំណត់​នៃ​ច្បាប់​។

២. ដំណាក់កាល​ក្រោយពី​វិស័យ​ឯកជន​ផ្ទេរ​ផ្សារ​មកជា​សម្បត្តិ​របស់​រដ្ឋ គឺ​មិនមាន​កំណត់​អាណត្តិ​លើ​សិទ្ធិ​កាន់កាប់ ប្រើប្រាស់ និង​អាស្រ័យ​ផល​។ លើសពីនេះ អាជីវករ អាច​ផ្ទេរសិទ្ធិ​កាន់កាប់ ប្រើប្រាស់ និង​អាស្រ័យ​ផល​ទៅ​កូនចៅ ឬ​អ្នកដទៃ​បាន ប៉ុន្តែ​ផ្សារ និង​ទីតាំង គឺ​ស្ថិតនៅ​ជា​របស់​រដ្ឋ​។ បន្ថែម​ពីនេះ​ទៀត អាជីវករ មាន​កាតព្វកិច្ច​បង់ថ្លៃ​ជួល និង​ភាស៊ី​តាម​ការកំណត់​ក្នុង​សៀវភៅ និង​បង់ពន្ធ​តាម​ការកំណត់​នៃ​ច្បាប់​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​បន្ថែម​លើ​សារាចរ​នេះ​ថា​៖ «​នេះ​ជា​យុទ្ធសាស្ត្រ​ពន្លត់ភ្លើង​ជាជាង​អង្គុយ​បក់ផ្សែង និង​ដើម្បី​ការពារ​ផលប្រយោជន៍​អាជីវករ​តកូនតចៅ​យូរអង្វែង ជៀសវាង​ពួក​អាក្រក់​ដើរ​ភូតភរ​បោកប្រាស់​»​។

​តាមរយៈ​សារាចរ​នេះ អាជីវករ នឹង​ទទួលបាន​សិទ្ធិ​តកូនតចៅ ដោយ​គ្មាន​ពេល​កំណត់ ហើយ​មិនចាំបាច់​ស្នើសុំ​ពន្យា​ពេល​ទៀត​ទេ​។ ដោយឡែក ផ្សារ​កំពង់ឆ្នាំង​ដែល​បានស្នើ​សុំ​ពន្យា​អាណត្តិ​ពី​ឆ្នាំ​២០២៥ ដល់ ឆ្នាំ​២០៤០ ដែល​សម្តេច​យល់ព្រម​សប្តាហ៍​មុននេះ ក៏ត្រូវ​បាន​បន្ត​គ្មាន​ទីបញ្ចប់​តកូនតចៅ​ដែរ​៕

Tag:
 អាជីវករ
  ផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com