ជាតិ
តំណាងរាស្ត្រ​បក្សប្រឆាំង នឹង​ទៅសួរសុខទុក្ខ​លោក អ៊ុំ សំអាន នៅ​ថ្ងៃស្អែក​
17, Aug 2016 , 2:45 pm        
រូបភាព
​ភ្នំពេញ​៖ តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​ដំណើរ​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស​នៅ​ថ្ងី ១៨ ខែសីហា ឆ្នាំ​២០១៦ ដើម្បី​សួរសុខទុក្ខ លោក អ៊ុំ សំអាន ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ទីនោះ​។ នេះ​បើតាមការ​អះអាង​របស់លោក ឡុង រី តំណាងរាស្ត្រ​បក្សប្រឆាំង ដែលជា​អ្នក​ដឹកនាំ​ប្រតិភូ​នេះ​។



​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែសីហា បានចេញ​លិខិតអនុញ្ញាត​ឲ្យ​លោក ឡុង រី អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ប្រតិភូ ទៅសួរសុខទុក្ខ​លោក អ៊ុំ សំអាន នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃស្អែក​។​

​លោក ឡុង រី ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​នេះ ថា ប្រតិភូ ដែល​ទៅសួរសុខទុក្ខ លោក អ៊ុំ សំអាន នៅ​ថ្ងៃស្អែក រួមមាន​តំណាងរាស្ត្រ​ប្រហែលជា​៥​ទៅ​៦​នាក់ និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​ផងដែរ​។

​លោក អ៊ុំ សំអាន  ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ខែមេសា ឆ្នាំ​២០១៦ កន្លងទៅ​។ ក្រោយមក តុលាការ​រាជធានី​ភ្នំពេញ ក៏​សម្រេច​បញ្ជូន តំណាងរាស្ត្រ ដែល​រិះគន់​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​ឥត​សំចៃមាត់​រូបនេះ ទៅ​ឃុំ​បណ្តោះអាសន្ន ដោយ​ចោទ​ពី បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា ៤៩៥ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការបញ្ចេញ​ទស្សនៈ ពី​បញ្ហា​ព្រំដែន តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ឆ្នាំ​២០១៥​។ លើសពីនេះ​ទៀត សមាជិក​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា ថែមទាំង​បាន​បោះឆ្នោត គាំទ្រ​ឲ្យ​តុលាការ និង​សមត្ថកិច្ច​បន្ត​អនុវត្ត​នីតិវិធី ចំពោះ​លោក អ៊ុំ សំអាន ទៀតផង​។

​បន្ទាប់ពី​លោក អ៊ុំ សំអាន ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ឃុំឃាំង ក្រុម​មេធាវី បានស្នើ​ម្តង​ហើយ​ម្តងទៀត ចាប់តាំងពី​តុលាការ​ជាន់​ទាប រហូតដល់​តុលាការ​ជាន់ខ្ពស់ ដើម្បី​សុំ​ឲ្យ​ដោះលែង​កូនក្តី​របស់ខ្លួន​។ ប៉ុន្តែ សាលាដំបូង​រាជធានី​ភ្នំពេញ សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល សុទ្ធតែ​បដិសេធ​មិន​ឲ្យ​លោក អ៊ុំ សំអាន បាន​រួច​ផុតពី​ពន្ធនាគារ​។​

​លោក អ៊ុំ សំអាន នឹងត្រូវ​បញ្ជូនទៅ​ជំនុំជម្រះ នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៦​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សំ សុ​គង់ មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៣​រូប ដែល​ការពារ​ក្តី​ឲ្យ​លោក អ៊ុំ សំអាន​៕


Tag:
 ​ឡុង រី​
  អ៊ុំ សំអាន​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com