ជាតិ
នយោបាយជាតិ
តុលាការ នឹងជំនុំជម្រះរឿងក្តីរបស់លោក អ៊ុំ សំអាន នៅដើមខែកញ្ញានេះ
× ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការ ដើម្បីជំនុំជម្រះលើសំណុំរឿងរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦។ នេះបើតាមការអះអាងរបស់លោក សំ សុគង់ មេធាវីការពារក្តីឲ្យលោក អ៊ុំ សំអាន។
លោក សំ សុគង់ បានលើកឡើងថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងរបស់លោក អ៊ុំ សំអាន ទៅកាន់ចៅក្រមជំនុំជម្រះរួចហើយ។ លោក បន្ថែមថា ការបញ្ជូនសំណុំរឿងទៅជំនុំជម្រះ ធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរ បញ្ចប់នីតិវិធីនៃការស៊ើបសួររបស់ខ្លួន កាលពីពេលថ្មីៗនេះ។
មុននឹងតុលាការរាជធានីភ្នំពេញ ប្រកាសបើកសវនាការ ក្រុមមេធាវីរបស់លោក អ៊ុំ សំអាន បានស្នើទៅកាន់សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ និងតុលាការកំពូល ដើម្បីឲ្យដោះលែងកូនក្តីរបស់ខ្លួន ឲ្យមានសេរីភាពឡើងវិញ។ ប៉ុន្តែ សំណើសុំនៅក្រៅឃុំទាំង៣លើកនេះ សុទ្ធតែត្រូវបានតុលាការបដិសេធទាំងអស់។
តុលាការទាំង៣ថ្នាក់ បានលើកឡើងដូចៗគ្នាថា លោក អ៊ុំ សំអាន បានព្រឹត្តបទល្មើសជាក់ស្តែង។ ម្យ៉ាងទៀត លោក អ៊ុំ សំអាន មានប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលកំពុងគាំទ្រ ដូច្នេះការផ្តល់ឱកាសឲ្យតំណាងរាស្ត្ររូបនេះ រួចផុតពីការឃុំឃាំង អាចនឹងបង្កឲ្យមានចលាចលក្នុងសង្គម ដោយប្រការណាមួយជាមិនខាន។ ទាំងនេះ គឺជាហេតុផល ដែលតុលាការ មិនយល់ព្រមនឹងសំណើសុំនៅក្រៅឃុំរបស់លោក អ៊ុំ សំអាន។
ក្រុមមេធាវីរបស់លោក អ៊ុំ សំអាន មិនអាចទទួលយកបានទេ ចំពោះហេតុផលរបស់តុលាការខាងលើ។ មេធាវីទាំងនោះ បានលើកឡើងដដែលៗថា តុលាការមិនអាចឃុំខ្លួន លោក អ៊ុំ សំអាន បានទេ ព្រោះកូនក្ដីខ្លួន គឺជាតំណាងរាស្ត្រ ដែលកំពុងមានអភ័យឯកសិទ្ធិជាប់នឹងខ្លួន។ ម្យ៉ាងទៀត លោក អ៊ុំ សំអាន ក៏មិនបានប្រព្រឹត្តបទល្មើសជាក់ស្តែង ដូចការចោទប្រកាន់របស់តុលាការកន្លងមកដែរ។
សូមរម្លឹកថា តំណាងរាស្ត្រ ដែលរិះគន់រឿងព្រំដែនកម្ពុជា-វៀតណាម ដោយឥតសំចៃមាត់រូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខែមេសា ឆ្នាំ២០១៦ កន្លងទៅ។ បន្ទាប់មកតុលាការរាជធានីភ្នំពេញ ក៏សម្រេចបញ្ជូន លោក អ៊ុំ សំអាន ទៅឃុំខ្លួនបណ្តោះអាសន្ន ដោយចោទពី បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង តាមមាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបញ្ចេញទស្សនៈ ពីបញ្ហាព្រំដែន តាមហ្វេសប៊ុក កាលពីឆ្នាំ២០១៥។ លើសពីនេះទៀត សមាជិករដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា ថែមទាំងបានបោះឆ្នោត គាំទ្រឲ្យតុលាការ និងសមត្ថកិច្ចបន្តអនុវត្តនីតិវិធី ចំពោះលោក អ៊ុំ សំអាន ទៀតផង៕
Tag:
តុលាការ
មេធាវី
អ៊ុំ សំអាន
© រក្សាសិទ្ធិដោយ thmeythmey.com