អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក ប្រាប់​ចិន​កុំ​ឲ្យ​ភ័យ​រឿង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង​
18, Aug 2016 , 7:39 am        
រូបភាព
នាយសេនាធិការទ័ពជើងគោកអាមេរិក លោកឧត្តមសេនីយ៍ Mark A. Milley
នាយសេនាធិការទ័ពជើងគោកអាមេរិក លោកឧត្តមសេនីយ៍ Mark A. Milley
 
 
​មេបញ្ជាការ​កងទ័ពជើងគោក​អាមេរិក បាន​ទៅ​បញ្ចុះបញ្ចូល​ចិន កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ជុំវិញ​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល (THAAD) នៅ​កូរ៉េខាងត្បូង​។ ចិន ដែល​មិន​សប្បាយ​ចិត្តនឹង​ការពង្រាយ​ខែល​ការពារ​នេះ តែងតែ​ទាមទារ​ឲ្យ​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ាស៊ីនតោន លុបចោល​គម្រោង​ពង្រាយ​នេះ តែ​អាមេរិក​អះអាងថា ខែល​ការពារ​នេះ គឺ​សំដៅ​កូរ៉េខាងជើង មិនមែន​គំរាម​ចិន​ឡើយ​។​

 
​មន្ត្រី​យោធា​ជាន់ខ្ពស់​អាមេរិក បាន​និយាយ​នៅ​ថ្ងៃទី​១៦ ខែសីហា ថា ការសម្រេចចិត្ត​របស់​អាមេរិក និង​កូរ៉េខាងត្បូង ក្នុងការ​រ​ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល (THAAD) គឺ​ដើម្បី​ការពារ​ការគំរាមកំហែង​ពី​កូរ៉េខាងជើង និង​មិនមែន​សំដៅ​ចិន​ឡើយ​។ ផែនការ​ពង្រាយ​ខែល​ការពារ​នេះ ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​យ៉ាងខ្លាំង ប៉ុន្តែ​ជារ​រឿយៗ​នោះ អាមេរិក​ក៏​តែងតែ​ចេញមក​រម្ងាប់​កំហឹង​របស់​ក្រុង​ប៉េកាំង លើ​ការពង្រាយ​ខែល​ការពារ​នេះ​។​
 
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ប៉េកាំង កងទ័ពជើងគោក​អាមេរិក​បញ្ជាក់ថា នាយសេនាធិការ​ទ័ពជើងគោក លោក​ឧ​ត្ត​ម​សេនីយ៍ Mark A. Milley បាន​ជួប​ជាមួយ​សម​ភាគី​ចិន​លោក Li Zuocheng ។ ក្នុងជំនួប​នោះ លោក Milley និយាយថា ខែល​ការពារ​នេះ គឺជា​វិធានការ​ការពារ​ប៉ុណ្ណោះ គឺ​ការពារ​ប្រជាជន​កូរ៉េខាងត្បូង អាមេរិក ពី​ការវាយប្រហារ​របស់​កូរ៉េខាងជើង ហើយ​គ្មានអ្វី​ទៅ​គំរាម​ចិន​ឡើយ​។ 
 
​មិនមែន​តែ​ក្រុង​វ៉ាស៊ីនតោន​ទេ ក្រុង​សេ​អ៊ូ​ល ដែល​ចង់បាន​ខែល​ការពារ​នេះ​ខ្លាំង ក៏បាន​និយាយ​ការពារ​ប្រព័ន្ធ​ការពារ​នេះដែរ​។ កូរ៉េខាងត្បូង អះអាងថា ប្រព័ន្ធ​ការពារ​នេះ គឺ​ការពារ​ការ​គំរាម​ពី​សកម្មភាព​សាកល្បង​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ប៉ុន្តែ កន្លងមក ក្រុង​ប៉េកាំង មិនសូវ​ជា​ស្ងប់​ចិត្តនឹង​ការបកស្រាយ​នេះ​ប៉ុន្មាន​ឡើយ ដោយ​លើកឡើងថា ប៉ះពាល់​ដល់​ផលប្រយោជន៍​ចិន​។ 
 
​ជាមួយគ្នា​នោះ សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បន្តថា មេទ័ព​អាមេរិក ក៏បាន​លើកឡើង​ពី​បំណង​រក្សា​ប្រព័ន្ធ​ទំនាក់ទំនង​រវាង​កង​ទ័ព​ទាំងពីរ ដើម្បី​កាត់បន្ថយ​ការប្រឈមមុខ និង​ដោះស្រាយ​ភាពខុសគ្នា​។ មេទ័ព​អាមេរិក ថែមទាំង​លើកឡើង​ពី​ការប្ដេជ្ញាចិត្ត ក្នុង​ការគោរព​ច្បាប់​បញ្ញត្តិ​អន្តរជាតិ​នានា និង​បាន​លើកទឹកចិត្ត​ឲ្យ​ភាគី​ចិន ធ្វើតាម​ដូចគ្នា​ដែរ សំដៅ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​តំបន់​។​
 
​សារព័ត៌មាន Reuters ផ្សាយ​ថា មេទ័ព​ចិន ក៏​ឆ្លើយតប​នឹង​ការលើកឡើង​របស់​សម​ភាគី​អាមេរិក ដោយ​លោក​និយាយថា បញ្ហា​ទាំងអស់​រួមទាំង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​កោះ​តៃវ៉ាន់​ផង​នោះ សុទ្ធតែជា​កង្វល់​របស់​ក្រុង​ប៉េកាំង ហើយ​ដែល​អាមេរិក ត្រូវ​យកចិត្តទុកដាក់ និង​រក​ដំណោះស្រាយ​ឲ្យ​សមស្រប​។ លោក Li Zuocheng បន្តថា ទាហាន​ប្រទេស​ទាំងពីរ នឹង​បន្ត​សហប្រតិបត្តិការ​ជាមួយគ្នា ដោះស្រាយ​ជម្លោះ​ឲ្យ​បានល្អ រួមទាំង​គ្រប់គ្រង​ការ​ប្រឈម​ផងដែរ​៕ 
 
 
 

Tag:
 អាមេរិក​
 ​ចិន​
  ​កូរ៉េខាងត្បូង​
 THAAD
© រក្សាសិទ្ធិដោយ thmeythmey.com